រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថាអ្នកកាសែតអាមេរិកដើមកំណើតអ៊ីរ៉ង់ម្នាក់ដែលជាគោលដៅនៃអ្វីដែលក្រសួងយុត្តិធម៌អាមេរិកហៅថាផែនការចាប់ពង្រាត់ជនជាតិអ៊ីរ៉ង់នោះបាន «បង្ហាញភាពក្លាហានដ៏ខ្លាំងក្លា»។
លោក Blinken បានបង្ហោះសារលើទំព័រ Twitter នៅថ្ងៃច័ន្ទថាលោកមានការ «សន្ទនាមួយដ៏ល្អមួយ» ជាមួយអ្នកស្រី Masih Alinejad ពិធីការិនីទូរទស្សន៍ម្នាក់របស់វីអូអេភាសា Farsi (VOA Persian) និងជាអ្នករិះគន់ដ៏ខ្លាំងម្នាក់ប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់។
សាររបស់លោក Blinken មានខ្លឹមសារថា៖ «ខ្ញុំសូមបញ្ជាក់ថាសហរដ្ឋអាមេរិកតែងតែគាំទ្រការងារដ៏សំខាន់របស់អ្នកសារព័ត៌មានឯករាជ្យនៅជុំវិញពិភពលោក។យើងមិនអត់ឱនសកម្មភាពណាដែលបំភិតបំភ័យឬបំបិទសំឡេងអ្នកសារព័ត៌មាននោះទេ»។
អ្នកស្រី Alinejad និយាយថាអ្នកស្រី និងលោក Blinken បាននិយាយគ្នាចំនួន១៥នាទីហើយប្រមុខការទូតអាមេរិករូបនេះលើកឡើងថា ការណ៍ដែលប្រទេសអ៊ីរ៉ង់ចង់ចាប់ពង្រាត់អ្នកស្រីលើទឹកដីអាមេរិកនេះជា«ផែនការដ៏អាក្រក់»។
អ្នកស្រី Alinejad បានបង្ហោះសារលើទំព័រធ្វីតធឺថា «រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថារដ្ឋបាលរបស់លោក Joe Biden បានចាត់ទុកថាការគំរាមកំហែងរបស់ប្រទេសអ៊ីរ៉ង់អាក្រក់ខ្លាំង ណាស់ ហើយថាសហរដ្ឋអាមេរិកបានដឹងពីគំនិតរបស់រដ្ឋាភិបាលអ៊ីរ៉ង់មកលើទៅលើអ្នកប្រឆាំងខ្លួនក្នុងសហរដ្ឋអាមេរិកនិងទ្វីបអឺរ៉ុប។លោកបានធានានឹងខ្ញុំថាសហរដ្ឋអាមេរិកនឹងឲ្យរបបអ៊ីរ៉ង់ទទួលខុសត្រូវចំពោះផែនការនេះ»។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានបដិសេធការចោទប្រកាន់របស់អាមេរិកដោយនិយាយនៅក្នុងប្រព័ន្ធឃោសនារដ្ឋអ៊ីរ៉ង់ថា«នេះជាការចោទប្រកាន់គ្មានមូលដ្ឋាននិងគួរឲ្យអស់សំណើចហើយដែលគ្មានតម្លៃត្រូវឆ្លើយតបទេ»៕