មន្ត្រីសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានហៅការពិភាក្សាគ្នាក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស ថាបានទទួលផលល្អ ស្របពេលដែលភាគីទាំងពីរនិងប្រទេសហត្ថលេខីផ្សេងៗទៀតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ ២០១៥ កំពុងធ្វើការងាររបស់ខ្លួនដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងនេះមានដំណើរការឡើងវិញ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានបញ្ជាក់ថា ពុំមានការរំពឹងទុកណាមួយស្តីពីការជួបចរចាគ្នាដោយផ្ទាល់នោះទេ សម្រាប់ពេលនេះ ប៉ុន្តែសហរដ្ឋអាមេរិក «បើកចំហទៅកាន់ពួកគេ ព្រោះយើងបើកចំហចំពោះការងារការទូត»។
លោកបញ្ជាក់ថា ការជួបពិភាក្សាគ្នាក្នុងទីក្រុងវីយែននោះ «ជាជំហានដ៏សំខាន់មួយ ស្របពេលដែលយើងកំពុងស្វែងរកការកំណត់ថា តើអ្វីទៅដែលអ៊ីរ៉ង់នឹងត្រៀមខ្លួនធ្វើ ដើម្បីវិលត្រឡប់ទៅរកការអនុវត្តឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ» ដែលបានដាក់កម្រិតដល់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដើម្បីទទួលបានការដកចេញទណ្ឌកម្ម។
សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងឆ្នាំ ២០១៨ ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់ឡើងវិញ។
ជាការឆ្លើយតបវិញ ប្រទេសអ៊ីរ៉ង់ក៏ឈប់គោរពការសន្យារបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ ដោយបានប្រមូលទុកកាន់តែច្រើនជាងមុននូវសារធាតុអ៊ុយរ៉ាញ៉ូម និងបានបន្តចម្រាញ់សារធាតុនេះក្នុងកម្រិតខ្ពស់ជាងមុនថែមទៀត។
ភាគីអាមេរិកនិងអ៊ីរ៉ង់បានបង្ហាញពីជំហររៀងៗខ្លួនក្នុងការវិលត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងទាំងស្រុងឡើងវិញ ប៉ុន្តែពុំមានភាគីណាមួយមានបំណងចង់ចាប់ផ្តើមការអនុវត្តមុននោះឡើយ៕