ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ថា គេ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​លោក Putin បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​សុន្ទរកថា​តាម​អនឡាញ​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី៤៩ របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ឯ​ទីស្នាក់​ការ​សហភាព​អឺរ៉ុប ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​សុន្ទរកថា​តាម​អនឡាញ​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី៤៩ របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ឯ​ទីស្នាក់​ការ​សហភាព​អឺរ៉ុប ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។

នៅ​ក្នុង​ការ​ថ្លែង​តាម​វីដេអូ​អនឡាញ​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គារ​សហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ព្រមាន​ថា បញ្ហា​សិទ្ធិ​មនុស្ស​និង​វិបត្តិ​មនុស្សធម៌​ដែល​កំពុង​ប៉ះពាល់​ប្រទេស​អ៊ុយក្រែន​នឹង​កាន់តែ​អាក្រក់​ជាង​មុន ប្រសិនបើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ទទួល​បាន​ជ័យជម្នះ​នៅក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដែល​ជ្រើសរើស​តាម​បែប​ប្រជាធិបតេយ្យ​របស់​ប្រទេស​អ៊ុយក្រែន។

លោក Blinken និយាយ​ដូច្នេះ​ថា៖ «ចូរ​មើល​លើ​តំបន់ Crimea ដែល​នៅ​ទីនោះ ការ​គ្រប់គ្រង​របស់​រុស្ស៊ី​បាន​បណ្ដាល​ឱ្យ​មាន​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ការ​បាត់ខ្លួន​ដោយ​បង្ខំ ទារុណកម្ម ការ​ឃុំ​ខ្លួន​ដោយ​ខុសច្បាប់ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ជាតិសាសន៍​ភាគតិច​និង​អ្នក​កាន់​សាសនា​ភាគតិច និង​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​លើ​អ្នក​ប្រឆាំង។ ...សេចក្ដី​រាយការណ៍​អំពី​ការ​រំលោភ​បំពាន​របស់​រុស្ស៊ី​លើ​សិទ្ធិ​មនុស្ស​និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​កំពុង​កើនឡើង​ជា​បន្ត»។

ចាប់​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​មក លោក Blinken បាន​កត់​សម្គាល់​ឃើញ​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ជន​ស៊ីវិល​និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​បាន​កើនឡើង។

លោក​បាន​បញ្ជាក់​ថា សាលារៀន មន្ទីរពេទ្យ និង​អាគារ​ស្នាក់នៅ​នានា​គឺ​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ។ លោក​បាន​បន្ថែម​ថា រុស្ស៊ី​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដែល​ផ្ដល់​ទឹក​បរិភោគ ឧស្ម័ន និង​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់។

លោក Blinken បាន​លើកឡើង​ដូច្នេះ​ថា៖ «ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ជន​ស៊ីវិល​យ៉ាង​តិច​រាប់​រយ​នាក់​បាត់បង់​ជីវិត ដែល​ក្នុង​នោះ​មាន​ទាំង​កុមារ​ផងដែរ និង​ធ្វើ​ឱ្យ​មនុស្ស​រាប់​រយ​នាក់​ទៀត​រង​របួស។ អ្នកស្រី​ឧត្តមស្នងការ​ក៏​បាន​និយាយ​ផងដែរ​ថា អ្នកស្រី​រំពឹង​ថា តួលេខ​ពិត​ប្រាកដ​គឺ​ខ្ពស់​ជាង​នេះ។ ...អំពើ​ហិង្សា​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​អ៊ុយក្រែន​ជាង ៥ សែន​នាក់​ភៀស​ខ្លួន​ពី​ប្រទេស​នៅ​ក្នុង​រយៈពេល​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ។ កុមារ មនុស្ស​វ័យ​ចំណាស់ មនុស្ស​ពិការ​កំពុង​ធ្វើ​ដំណើរ​ដោយ​ទុក្ខសោក​ឆ្លងកាត់​តំបន់​សង្គ្រាម»។

រដ្ឋាភិបាល​រុស្ស៊ី​បាន​ទទូច​កាលពី​ថ្ងៃ​អង្គារ​ថា កងទ័ព​របស់​រុស្ស៊ី​មិន​ធ្វើ​ការ​វាយ​ប្រហារ​ណា​មួយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​និង​តំបន់​រស់នៅ​របស់​ប្រជាពលរដ្ឋ​នោះទេ។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន (UNHCR) កំពុង​រៀបចំ​សម្រាប់​ឱ្យ​ពលរដ្ឋ​អ៊ុយក្រែន​រហូត​ដល់ ៤ លាន​នាក់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ជិតខាង​ដើម្បី​សុវត្ថិភាព។

មន្ត្រី​ទីភ្នាក់ងារ UNHCR បាន​និយាយ​ថា ស្ថានការណ៍​នេះ​នឹង​ទំនង​ក្លាយជា​វិបត្តិ​ជន​ភៀសខ្លួន​ដ៏​ធំ​បំផុត​នៅ​ទ្វីប​អឺរ៉ុប​នៅ​ក្នុង​សតវត្សរ៍​នេះ។

លោក Blinken បាន​បញ្ជាក់​ថា ការ​វាយប្រហារ​របស់​រុស្ស៊ី​មិន​មែន​កើតឡើង​តែ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ គឺ​កើតឡើង​នៅក្នុង​ប្រទេស​រុស្ស៊ី​ផ្ទាល់​ផងដែរ ដោយ​រដ្ឋាភិបាល​រុស្ស៊ី​កំពុង​បង្កើន​ការ​បង្ក្រាប​របស់​ខ្លួន​នៅក្នុង​ប្រទេស។

លោក​បាន​បន្ត​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នក​សារព័ត៌មាន អ្នក​ប្រឆាំង​នយោបាយ​របស់​លោក Putin បាន​រង​ការ​យាយី ការ​គំរាមកំហែង ការ​បំពុល និង​ការ​ដាក់​ឃុំឃាំង អស់​រយៈពេល​ជា​យូរ​មក​ហើយ។

លោក Blinken បាន​លើកឡើង​ទៀត​ថា ឥឡូវ​នេះ រុស្ស៊ី​ក៏​បាន​ធ្វើ​ទង្វើ​នេះ​លើ​ពលរដ្ឋ​របស់​ខ្លួន​ដែល​តវ៉ា​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន​ផងដែរ។ លោក​បាន​បញ្ជាក់​ថា មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ប្រសិនបើ​នរណា​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​រុស្ស៊ី​រក​ឃើញ​ថា​បាន​ជួយ​ដល់​ប្រទេស​ក្រៅ​ឬ​អង្គការ​បរទេស​ណា​មួយ អ្នក​នោះ​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ២០ ឆ្នាំ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG