ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bidenថា លោក Putin នឹង​មិន​​អាច​ឈ្នះ​ទឹកចិត្ត​និង​ដួង​ព្រលឹង​របស់​ពលរដ្ឋ​អ៊ុយក្រែន​បាន​ទេ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ស្ដី​អំពី​ស្ថានភាព​ប្រទេស​ជាតិ​ទៅ​កាន់​សភា​សហរដ្ឋ​អាមេរិក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ស្ដី​អំពី​ស្ថានភាព​ប្រទេស​ជាតិ​ទៅ​កាន់​សភា​សហរដ្ឋ​អាមេរិក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកJoe Biden បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា មេដឹកនាំ​រុស្ស៊ី​លោកVladimir Putin បាន​ធ្វើ​ការវាយ​តម្លៃ​ខុស​យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​ការចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ ហើយ​លោក Putinបាន​គិត​ថា លោក​អាច​ធ្វើ​ឲ្យពិភព​លោក​សេរី «ឱន​លំទោន​ចំពោះ​ការគំរាម​កំហែង​របស់​លោក​បាន» ។

លោកBiden បាន​ប្រើ​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​សហព័ន្ធ​របស់​លោក​ទៅ​កាន់​ប្រទេស​ជាតិ​ដើម្បី​សម្តែង​ការគាំទ្រ​ដល់​ប្រទេស​អ៊ុយក្រែន​និង​សង្កត់ធ្ងន់​ពី​ការឆ្លើយតបជា​ធ្លុងមួយ​ពី​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន​ដែល​រួមមាន​ការបញ្ជូន​អាវុធ​និង​ជំនួយ​ទៅ​កាន់​អ៊ុយក្រែន​និង​ការ ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរប្រឆាំង​នឹង​រុស្ស៊ី។

លោកBiden បញ្ជាក់​ថា៖ «លោក Putin អាច​ឡោមព័ទ្ធ​រដ្ឋធានី​កៀវ​ដោយ​ប្រើ​រថក្រោះ ក៏ប៉ុន្តែ​លោក​នឹង​មិន​អាចឈ្នះ​ទឹក​ចិត្ត​និង​ព្រលឹងរបស់​ពលរដ្ឋ​អ៊ុយក្រែន​បាន​ទេ។ លោក Putinមិន​អាចបំបាត់​ការស្រឡាញ់​សេរី​ភាព​របស់​ពលរដ្ឋ​អ៊ុយក្រែន​បាន​ឡើយ​ ហើយ​ក៏​មិន​អាចធ្វើ​ឲ្យ​ចុះ​ខ្សោយ​នូវ​ការ​បេ្តជ្ញាចិត្ត​របស់​ពិភពលោក​សេរី​បាន​ដែរ»។

លោកBiden ក៏​បាន​ប្រកាស​ពីការបិទដែន​អាកាស​របស់​អាមេរិក​ចំពោះជើង​យន្តហោះ​ទាំង​អស់​របស់​រុស្ស៊ី។ លោក​ក៏​បាន​បញ្ជាក់​ឡើង​វិញផង​ដែរ​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​បញ្ជូន​កង ទ័ព​ទៅប្រយុទ្ធ​ក្នុង​ប្រទេស​អ៊ុយក្រែន​ទេ ហើយ​លោក​បាន​ថ្លែង​ទៀត​ថា សម្ព័ន្ធមិត្តរបស់​អង្គការ​អូតង់​នឹង​ការពារ​ទឹកដីរបស់រដ្ឋ​ជា​សមាជិកអង្គការ​នោះ​មិន​ឲ្យ​បាត់​មួយ​ចង្អាម​ទេ។

ប្រធានាធិបតី​អ៊ុយក្រែន​លោកVolodymyr Zelenskyy បាន​និយាយ​ទូរសព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោកJoe Biden កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​អំពី​ការដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​រុស្ស៊ី និង​ជំនួយ​យោធា​ដល់​អ៊ុយក្រែន។ លោក Zelenskyy បាន​បង្ហោះ​សារ​តាមTwitter ថា៖ «យើង​ត្រូវតែ​បញ្ឈប់​ជន​ឈ្លានពាន​ឲ្យបាន​ឆាប់​រហ័ស​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន»។

ទីក្រុង​ធំ​បំផុត​ទី២របស់​អ៊ុយក្រែន គឺ​ទីក្រុង Kharkiv បាន​ទទួល​រង​នូវ​ការបាញ់​ផ្តក់​យ៉ាង​ខ្លាំង​ពី​សំណាក់​កងទ័ព​រុស្ស៊ី​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ រួមទាំង​ការវាយ​ប្រហារ​លើ​អគារ​រដ្ឋបាល​ក្នុង​តំបន់​ដែល​ស្ថិត​នៅ​ចំកណ្តាល​ទីក្រុងនេះ​ផង​ដែរ។ លោក Zelenskyy បាន​ហៅ​ការវាយ​ប្រហារ​របស់​រុស្ស៊ី​នោះ​ថា «ជា​អំពើ​ភេរវកម្ម​ដ៏​ជាក់ច្បាស់» និង​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម៕

មួយ​ថ្ងៃ​បន្ទាប់ពី​ការចរចា​ជាមួយ​ពួក​មន្ត្រី​រុស្ស៊ី​ដែលមិន​ទទួល​បាន​ដំណោះស្រាយ​ស្តីពី​ការ ទាមទារ​របស់​អ៊ុយក្រែន​ឲ្យមាន​ការឈប់បាញ់​និង​ការដក​កងទ័ព​របស់​រុស្ស៊ី​ចេញ​ពី​ប្រទេសអ៊ុយក្រែន​នោះ លោកZelenskyyក៏​បាន​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​បញ្ឈប់​ការប្រយុទ្ធ​គ្នា​ដើម្បី​ផ្តល់ឱកាស​ឲ្យ​មាន​ការចរចា​គ្នា៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG