នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីជីកាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានរៀបចំជំនួបតាមអនឡាញមួយជាមួយនឹងបណ្ដាមេដឹកនាំនៃប្រទេសចំនួន ១៨ នៅតំបន់ប៉ាស៊ីហ្វិក និងបានប្រកាសអំពីផែនការរបស់សហរដ្ឋអាមេរិកនៅក្នុងការបើកស្ថានទូតឡើងវិញនៅប្រទេស Solomon Islands។
ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅក្នុងការបង្ហាញអំពីការប្ដេជ្ញារបស់ខ្លួនចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅក្នុងអំឡុងពេលនៃជំនួបតាមអនឡាញជាមួយនឹងបណ្ដាមេដឹកនាំទាំងនោះ លោក Blinken ក៏បានពិភាក្សាផងដែរអំពី «វិបត្តិអាកាសធាតុ ការកម្ចាត់ជំងឺកូវីដ១៩ ជំនួយមនុស្សធម៌ និងមធ្យោបាយក្នុងការបង្កើនការប្ដេជ្ញារួមគ្នាដើម្បីលទ្ធិប្រជាធិបតេយ្យ សាមគ្គីភាពក្នុងតំបន់ និងវិបុលភាពនៅក្នុងតំបន់ប៉ាស៊ីហ្វិក»។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់ប៉ាស៊ីហ្វិកនេះ លោក Blinken បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីស្ដីទីនៃប្រទេសហ្វីជីលោក Aiyaz Sayed-Khaiyum នៅក្នុងទីក្រុង Nadi ដែលស្ថិតនៅលើកោះចម្បងរបស់ប្រទេសហ្វីជី។
នៅក្នុងការថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ លោក Sayed-Khaiyum បានកោតសរសើរយ៉ាងខ្លាំងចំពោះជំនួបនោះ។
លោក Sayed-Khaiyum ថ្លែងថា៖ «យើងទើបតែបានបញ្ចប់កិច្ចប្រជុំជាប្រវត្តិសាស្ត្រនិងដ៏ទូលំទូលាយបំផុតរវាងប្រទេសហ្វីជីនិងសហរដ្ឋអាមេរិក និងកិច្ចប្រជុំធំជាងនេះជាមួយនឹងបណ្ដាមេដឹកនាំនៃប្រទេសនានានៅតំបន់ប៉ាស៊ីហ្វិក។ យើងជឿថា កិច្ចប្រជុំទាំងពីរនេះគឺជាការបញ្ជាក់ឱ្យឃើញនូវការចាប់ផ្ដើមនៃភាពជាដៃគូដោយផ្ទាល់ជាងមុនរវាងប្រទេសហ្វីជីនិងសហរដ្ឋអាមេរិក នៅក្នុងយុគសម័យថ្មីមួយសម្រាប់សហរដ្ឋអាមេរិកនិងតំបន់ប៉ាស៊ីហ្វិក»។
លោក Sayed-Khaiyum មានប្រសាសន៍ថា កិច្ចប្រជុំទាំងពីរនេះផ្ដោតលើការប្ដេជ្ញាក្នុងការរក្សានូវនីតិរដ្ឋនៅក្នុងតំបន់ ដែលក្នុងនោះរួមមានផងដែរនូវច្បាប់ដែនសមុទ្រ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ការកម្ចាត់ឧក្រិដ្ឋកម្មឆ្លងប្រទេស និងការធានាថា «នេះគឺជាមហាសមុទ្រសម្រាប់ការរុករកនិងការស្រាវជ្រាវថ្មី មិនមែនសម្រាប់ការកេងប្រវ័ញ្ចនិងការបំផ្លិចបំផ្លាញនោះឡើយ»។
លោកBlinken បានគូសបញ្ជាក់ថា ប្រទេសហ្វីជីគឺជាប្រទេសដំបូងបង្អស់ដែលបានផ្ដល់សច្ចានុមតិដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ។ លោកបានថ្លែងទៀតថា ប្រទេសហ្វីជីនិងតំបន់ប៉ាស៊ីហ្វិកនឹងទទួលបាន «ថវិកាក្នុងបរិមាណច្រើនគួរសម» ពីថវិកាសរុបចំនួន ១៥០ ពាន់លានដុល្លារ ដែលបានព្រមព្រៀងនៅក្នុងសន្និសីទទីក្រុង Glasgow កាលពីឆ្នាំមុន សម្រាប់ជាថវិកាទប់ទល់នឹងការប្រែប្រួលអាកាសធាតុត្រឹមឆ្នាំ ២០៣០។
លោក Blinken បានថ្លែងថា៖ «ដូចដែលលោកអ្នកបានឃើញកាលពីមួយឆ្នាំកន្លងទៅនេះរួចមកហើយ លោកប្រធានាធិបតី Biden និងសហរដ្ឋអាមេរិកប្ដេជ្ញាថានឹងដឹកនាំកិច្ចប្រឹងប្រែងនេះនៅទូទាំងពិភពលោកដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដើម្បីធានាថាយើងអាចដោះស្រាយបញ្ហាដែលកើតឡើងក្នុងយុគសម័យរបស់យើងបាន។ ក្នុងនាមជាប្រទេសដែលបញ្ចេញឧស្ម័នស្រូបកម្ដៅទៅក្នុងបរិយាកាសច្រើនជាងគេបំផុតមួយនៅលើពិភពលោក និងជាប្រទេសដែលបញ្ចេញឧស្ម័នស្រូបកម្ដៅច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិកបានបង្កើនមហិច្ឆតារបស់ខ្លួន [សម្រាប់កិច្ចប្រឹងប្រែងនេះ]។ វាគឺជាការទទួលខុសត្រូវរបស់យើងនៅក្នុងការធ្វើដូច្នេះ។ យើងក៏កំពុងលើកទឹកចិត្តនិងសហការជាមួយនឹងបណ្ដាប្រទេសផ្សេងទៀតឲ្យធ្វើដូចគ្នានេះផងដែរ»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា «តំបន់ប៉ាស៊ីហ្វិកនៅតែជាតំបន់មួយដែលសហរដ្ឋអាមេរិកយកចិត្តទុកដាក់ជាអាទិភាពនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ហើយសហរដ្ឋអាមេរិកមានចំណងទាក់ទងស៊ីជម្រៅនិងជាយូរយារណាស់មកហើយជាមួយនឹងប្រទេសហ្វីជីនិងប្រទេសដទៃទៀតនៅក្នុងតំបន់ប៉ាស៊ីហ្វិក»។
លោកBlinken បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីកាលពីប៉ុន្មានថ្ងៃមុន មុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសហ្វីជីនេះ។ នៅក្នុងប្រទេសអូស្ត្រាលី លោកបានជួបប្រជុំជាមួយនឹងបណ្ដាមេដឹកនាំនៃក្រុមប្រទេស Quad ដែលជាក្រុមប្រទេសដៃគូពិភាក្សាផ្នែកសន្តិសុខចតុភាគី ដែលមានសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌាជាសមាជិក។
ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់តំបនប៉ាស៊ីហ្វិកនេះបានធ្វើឡើង នៅចំពេលដែលប្រទេសចិនកំពុងស្វះស្វែងពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយនឹងតំបន់ប៉ាស៊ីហ្វិកនេះផងដែរ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា