រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ចាក់ឡើងវិញកាលពីថ្ងៃចន្ទម្សិលមិញថា សហរដ្ឋអាមេរិកនៅតែផ្តោតការយកចិត្តទុកដាក់របស់ខ្លួនលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ថ្វី បើ មានបញ្ហាពិបាកៗរបស់សាកលលោក ដូចជាជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ក៏ដោយ។
នៅឯចំណតអាកាសយានដ្ឋានក្រុងអង់ការ៉ា បន្ទាប់ពីបញ្ចប់ការពិភាក្សារយៈពេល២ម៉ោងកន្លះជា មួយរដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan មក លោក Blinken បានមានប្រសាសន៍ថា «ទោះបីយើងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិបត្តិនៅតំបន់ហ្កាហ្សាក៏ដោយ យើងបានចូលរួមពាក់ព័ន្ធស្មើគ្នានៅក្នុងការងារដ៏សំខាន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងផ្នែកផ្សេងៗទៀតរបស់ពិភពលោកដើម្បីធ្វើឱ្យជឿនលឿនដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក»។
អ្នកការទូតកំពូលសហរដ្ឋអាមេរិករូបនេះនឹងអញ្ជើញទៅដល់រាជធានីតូក្យូនៅថ្ងៃអង្គារនេះដើម្បីចូល រួមជំនួបរបស់រដ្ឋមន្ត្រីការបរទេសប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេទាំង៧ ឬ G7 និងការចរចាទ្វេភាគី។
លោក Blinken មានប្រសាសន៍ថា លោកមានគម្រោងជម្រាបសមភាគីរបស់លោកមកពីក្រុមប្រទេស G7 អំពីដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះនៅតំបន់មជ្ឈិមបូព៌ា។
ជប៉ុនធ្វើជាប្រធាន G7 នៅឆ្នាំនេះ។ ការគាំទ្រការស្តាសេដ្ឋកិច្ចរបស់អ៊ុយក្រែនឡើងវិញនិងតម្រូវការថាមពលក៏ដូចជាសន្តិសុខក្នុងតំបន់ស្ថិតនៅលើរបៀបវារៈនៅក្នុងជំនួបទ្វេភាគីរបស់លោក Blinken ជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងលោករដ្ឋមន្ត្រីការបរទេស Yoko Kamikawa។
លោកនាយករដ្ឋមន្ត្រី Kishida ទើបតែវិលត្រឡប់មកពីរដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីននិងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ីជាទីកន្លែងដែលលោកបានបញ្ជាក់ថាជប៉ុននឹងលើកស្ទួយកិច្ចសហប្រតិបត្តិការវិស័យការពារជាតិនិងនាវាចរណ៍ទ្វេភាគីជាមួយហ្វីលីពីននិងម៉ាឡេស៊ី៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន