ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ជឿជាក់​លើ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កូរ៉េ​ខាងត្បូង


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូងកាលពីថ្ងៃទី​៦ មករា ឆ្នាំ២០២៥។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូងកាលពីថ្ងៃទី​៦ មករា ឆ្នាំ២០២៥។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ជាថ្មី​អំពី​ទំនុកចិត្ត​លើ​ការ​ដោះស្រាយ​របស់​កូរ៉េ​ខាងត្បូង​ចំពោះ​ភាព​ចលាចល​នយោបាយ ស្រប​ពេល​ដែល​ក្រុម​អ្នក​ស៊ើបអង្កេត​របស់​កូរ៉េ​ខាងត្បូង​មាន​បំណង​ពន្យារ​បន្ថែម​នូវ​ដីកា​ចាប់ខ្លួន​ប្រធានាធិបតី​ទម្លាក់​ពី​តំណែង​លោក Yoon Suk Yeol។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ក្រុម​អ្នកស៊ើបអង្កេត​ដែល​ស៊ើបអង្កេត​លើ​លោក Yoon ទាក់ទិន​នឹង​ការ​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​កាលពី​ថ្ងៃ​ទី ៣ ខែ​ធ្នូ​ឆ្នាំ​មុន មិន​បាន​អនុវត្តដីកា​ចាប់ខ្លួន​នេះ​ទេ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ដោយសារ​ត្រូវ​បាន​រារាំង​ដោយ​កង​អង្គរក្ស​ប្រធានាធិបតី។

ការ​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​របស់​លោក Yoon នោះ​បាន​ធ្វើឲ្យ​មាន​ការ​រិះគន់​ខ្លាំងក្លា​ពី​មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​ក្នុង​នោះ​រួម​ទាំង​អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Kurt Campbell ផងដែរ ដែល​បាន​និយាយ​ថា​វិធានការ​នេះ​គឺ​ជា «ការ​វិនិច្ឆ័យ​មិន​ត្រឹមត្រូវ​ដ៏​អាក្រក់»។

លោក Blinken បាន​និយាយ​បន្ទាប់ពី​បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងត្បូង​លោក Cho Tae-yul ថា សហរដ្ឋ​អាមេរិក​បាន​បង្ហាញ «ក្ដី​បារម្ភ​ធ្ងន់ធ្ងរ» ចំពោះ​កូរ៉េ​ខាងត្បូង​ទាក់ទិន​នឹង​វិធានការ​មួយ​ចំនួន​ដែល​លោក Yoon បាន​ធ្វើឡើង​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​របស់​លោក។

ប៉ុន្តែ ព្រឹត្តិការណ៍​នានា​ដែល​កើតឡើង​បន្តបន្ទាប់​ក្រោយ​មក​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​មុខមាត់​របស់​កូរ៉េ​ខាងត្បូង​ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ជោគជ័យ​មួយ «ដែល​មាន​លក្ខណៈ​រឹងមាំ​អស្ចារ្យ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Blinken នៅ​ក្នុង​សន្និសីទ​កាសែត​មួយ។

លោក​បាន​លើកឡើង​ថា៖ «ការ​ឆ្លើយតប​ដែល​យើង​បាន​ឃើញ និង​ការ​ឆ្លើយតប​ដែល​យើង​រំពឹង​ថា​នឹង​បន្ត​ឃើញ​គឺ​ការ​ឆ្លើយតប​មួយ​ប្រកប​ដោយ​សន្តិវិធី​និង​ស្រប​ទាំងស្រុង​តាម​រដ្ឋធម្មនុញ្ញ​និង​នីតិរដ្ឋ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG