ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​ចំ​ពេល​លោក Blinken ព្រមាន​អំពី​សហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី


បុរស​ម្នាក់​ដើរ​កាត់​ទូរទស្សន៍​ដែល​ផ្សាយ​សេចក្តីរាយការណ៍​ព័ត៌មាន​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ អំពី​កូរ៉េខាងជើង​​បាញ់​មីស៊ីល​ចេញ​ទៅ​សមុទ្រ​ពី​ឆ្នេរ​ខាង​កើត។
បុរស​ម្នាក់​ដើរ​កាត់​ទូរទស្សន៍​ដែល​ផ្សាយ​សេចក្តីរាយការណ៍​ព័ត៌មាន​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ អំពី​កូរ៉េខាងជើង​​បាញ់​មីស៊ីល​ចេញ​ទៅ​សមុទ្រ​ពី​ឆ្នេរ​ខាង​កើត។

កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​មួយ​គ្រាប់​កាលពី​ថ្ងៃ​ចន្ទ ពេល​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងត្បូង ដែល​នៅ​ទីនោះ លោក​បាន​ព្រមាន​ថា​កូរ៉េ​ខាងជើង​កំពុង​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី​ខាង​បច្ចេកវិទ្យា​អវកាស​ទំនើប។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ផ្លោង​មួយ​គ្រាប់​ធ្លាក់​ចូល​ក្នុង​សមុទ្រ នៅ​ពេល​ដែល​លោក Blinken កំពុង​ជួប​ពិភាក្សា​ការងារ​ក្នុង​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

គ្រាប់​មីស៊ីល​នោះ​ហោះ​បាន​ចម្ងាយ​ប្រមាណ ១.១០០ គីឡូម៉ែត្រ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​យោធា​កូរ៉េ​ខាងត្បូង។

ដោយ​ចង្អុល​បង្ហាញពី​សមយុទ្ធ​បី​ផ្លូវ​ដែល​កាន់តែ​កើនឡើង​និង​ការ​ចែក​រំលែក​ព័ត៌មាន​សម្ងាត់​អំពី​កូរ៉េ​ខាងជើង លោក Blinken បាន​និយាយ​ថា៖ «ការ​បាញ់​មីស៊ីល​ថ្ងៃ​នេះ​គឺ​គ្រាន់តែ​ជា​ការ​រំឭក​ដល់​យើង​ទាំងអស់​គ្នា​ថា​តើ​កិច្ច​សហការ​របស់​យើង​សំខាន់​ប៉ុណ្ណា»។

លោក Blinken និង​លោក Cho Tae-yul ដែល​ជា​សមភាគី​កូរ៉េ​ខាងត្បូង​របស់​លោក បាន​ថ្កោលទោស​ការ​បាញ់​មីស៊ីល​នេះ​នៅ​ពេល​ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួមគ្នា​មួយ ដែល​នៅ​ទីនោះ​លោក Blinken ដែល​នឹង​បញ្ចប់​អាណត្តិ​ជា​មន្ត្រី​ការទូត​កំពូល​របស់​អាមេរិក​នេះ បាន​ព្រមាន​ថា​រុស្ស៊ី​កំពុង​បង្កើន​ការ​គាំទ្រ​លើ​កូរ៉េ​ខាងជើង​ដើម្បី​ជា​រង្វាន់​សម្រាប់​ការ​ដែល​កូរ៉េ​ខាងជើង​ជួយ​រុស្ស៊ី​ប្រយុទ្ធ​នឹង​អ៊ុយក្រែន។

លោក Blinken ថ្លែង​ថា៖ «[កូរ៉េ​ខាងជើង] កំពុង​ទទួល​បាន​រួចហើយ​នូវ​យុទ្ធោបករណ៍​និង​ការ​ហ្វឹកហ្វឺន​ពី​រុស្ស៊ី។ ពេលនេះ​យើង​មាន​ហេតុផល​ជឿ​ថា​រុស្ស៊ី​មាន​បំណង​ចែក​រំលែក​បច្ចេកវិទ្យា​ផ្កាយរណប​និង​អវកាស​ទំនើប​ជាមួយ​កូរ៉េ​ខាង​ជើង»។

លោក Blinken ក៏​បាន​បញ្ជាក់​ជាថ្មី​ផងដែរ​អំពី​ក្ដី​បារម្ភ​ដែល​ថា​រុស្ស៊ី ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​មាន​សិទ្ធិ​វេតូ នឹង​ទទួលស្គាល់​ជា​ផ្លូវការ​ថា​កូរ៉េ​ខាង​ជើង​ជា​រដ្ឋ​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ។ ការ​ទទួលស្គាល់​នេះ​នឹង​ជា​ដំណើរ​បង្អាក់​ដ៏​ធំ​ចំពោះ​ការ​យល់ស្រប​ជា​សាកល​ដែល​ថា​កូរ៉េ​ខាង​ជើង​ត្រូវតែ​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG