រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅសប្ដាហ៍ក្រោយ ស្របពេលដែលប្រទេសនេះកំពុងជាប់ផុងនៅក្នុងភាពចលាចលនយោបាយដោយសារតែប្រធានាធិបតីទម្លាក់ពីតំណែងលោក Yoon Suk Yeol បានប្រឆាំងនឹងការចាប់ខ្លួន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រទេសកូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់សហរដ្ឋអាមេរិក ប៉ុន្តែប្រទេសនេះបានរងគ្រោះដោយសារវិបត្តិដែលបង្កឡើងដោយការប្រកាសប្រើច្បាប់អាជ្ញាសឹកមិនជោគជ័យរបស់លោក Yoon កាលពីថ្ងៃទី ៣ ខែធ្នូកន្លងទៅនេះ។
លោក Blinken នឹងជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Cho Tae-yul នៅថ្ងៃចន្ទខាងមុខ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកូរ៉េខាងត្បូងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា៖ «លោកទាំងពីរគ្រោងនឹងពិភាក្សាអំពីសម្ព័ន្ធភាពរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បញ្ហាកូរ៉េខាងជើង និងបញ្ហាប្រឈមក្នុងតំបន់និងលើពិភពលោក»។
ក្រុមអ្នកស៊ើបអង្កេតដែលកំពុងស៊ើបអង្កេតលើការប្រកាសប្រើច្បាប់អាជ្ញាសឹករបស់លោក Yoon បានព្យាយាមអនុវត្តដីកាចាប់ខ្លួនកាលពីថ្ងៃសុក្រ ប៉ុន្តែត្រូវបានរុញចេញដោយកងអង្គរក្សប្រធានាធិបតី។
ដីកាចាប់ខ្លួននោះនឹងផុតកំណត់នៅថ្ងៃទី ៦ ខែមករាខាងមុខ ដែលជាថ្ងៃដែលលោក Blinken គ្រោងជួបជាមួយនឹងលោក Cho។
កាលពីខែមុន សហរដ្ឋអាមេរិកបានបញ្ជាក់ថាខ្លួននឹង «និយាយ» ជាមួយកូរ៉េខាងត្បូងឲ្យការពារលទ្ធិប្រជាធិបតេយ្យបន្ទាប់ពីការប្រកាសប្រើច្បាប់អាជ្ញាសឹកមិនជោគជ័យរបស់លោក Yoon។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយថា៖ «លទ្ធិប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូងគឺរឹងមាំនិងធន់ ហើយយើងនឹងបន្តនិយាយជាសាធារណៈនិងប្រឡូកជាលក្ខណៈឯកជនជាមួយសមភាគីកូរ៉េខាងត្បូងដើម្បីពង្រឹងសារៈសំខាន់នៃការបន្តទៅមុខនូវលទ្ធិប្រជាធិបតេយ្យ»៕
វេទិកាបញ្ចេញមតិ