ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​និង​អេត្យូពី​នឹង​សើរើ​គម្រោង​ផ្តួចផ្តើម​គ្រាប់ធញ្ញជាតិ​សមុទ្រ​ខ្មៅ


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Yoshimasa Hayashi ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់ពី​កិច្ចពិភាក្សា​ជាមួយ​សមភាគី​ស្រីលង្កា​របស់​លោក​នៅ​ទីក្រុងកូឡុំបូ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Yoshimasa Hayashi ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់ពី​កិច្ចពិភាក្សា​ជាមួយ​សមភាគី​ស្រីលង្កា​របស់​លោក​នៅ​ទីក្រុងកូឡុំបូ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ទៅ​កាន់ប្រទេស​អេត្យូពី ក្នុង​ទ្វីប​អាហ្វ្រិក ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៣ ខែ​សីហា រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​លោក Yoshimasa Hayashi បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ជប៉ុន​និង​អេត្យូពី​អាច​ធ្វើការ​រួម​គ្នា​លើ​ការ​សាររើ​ឡើង​វិញ​នូវ​គម្រោង​ផ្តួចផ្តើម​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ (Black Sea Grain Initiative)។

រដ្ឋមន្រ្តី​ការបរទេស​រូប​នេះ​បាន​លើក​ឡើង​ថា លោកព្រួយបារម្ភ​ពី​ផលប៉ះពាល់​នៃ​សង្រ្គាម​រុស្ស៊ី​នៅ​អ៊ុយក្រែន​មក​លើ​សន្តិសុខ​ស្បៀង​នៅ​អាហ្វ្រិក​ បន្ទាប់​ពី​កិច្ចប្រជុំ​ផ្ទាល់មុខ​មួយ​ទល់​មួយ​ជាមួយ​ឧបនាយករដ្ឋមន្រ្តី​អេត្យូពី​លោក Demeke Mekonnen។

រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​លោក Hayashi ថ្លែង​ថា៖ «ជប៉ុន​មិនពេញចិត្ត​នឹងការ​បញ្ចប់​គម្រោងផ្តួចផ្តើម​គ្រាប់​ធញ្ញជាតិ​តំបន់​សមុទ្រ​ខ្មៅ​ដោយ​រុស្ស៊ី ហើយ​ជប៉ុន​សង្ឃឹម​ថា នឹង​សហការ​ជាមួយ​អេត្យូពី​ឆ្ពោះ​ទៅ​កាន់​ការ​សើរើ​ឡើង​វិញ​នូវ​គម្រោង​នេះ»។

ចាប់តាំង​ពី​ការ​ចាប់ផ្តើម​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិសមុទ្រ​ខ្មៅ ដែល​បាន​ចូល​ជា​ផ្លូវ​ការ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២២ អង្គការ​សហប្រជាជាតិ​បាន​គ្រប់គ្រង​លើ​ការ​នាំចេញ​គ្រាប់ស្រូវ​សាឡី​ជាង ២៦២​ តោន​ទៅ​កាន់​ប្រទេស​អេត្យូពី

ភាព​មិន​ប្រក្រតី​ផ្នែក​អាកាសធាតុ​ដែល​នាំ​ឱ្យ​មាន​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ និង​ជម្លោះ​នៅ​អេត្យូពី​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង ២០​លាន​នាក់​ត្រូវ​ការ​ជំនួយ​ស្បៀងអាហារ។ លោក Hayashi ក៏​បាន​ពិភាក្សា​អំពី​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ជប៉ុន​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព ដែល​បាន​បញ្ចប់​សង្រ្គាម​នៅ​តំបន់ Tigray នៅ​អេត្យូពី​ផង​ដែរ។

លោក​ថ្លែង​ថា៖«ខ្ញុំ​បាន​លើកឡើង​ពី​ការ​គាំទ្រ​របស់​ជប៉ុន​ចំពោះ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​រដ្ឋាភិបាល​អេត្យូពី និង​កង​រណសិរ្ស​រំដោះ​ប្រជាជន​តំបន់​ Tigray (TPLF) និង​បាន​ថ្លែង​ថា ជប៉ុន​នឹង​ពិចារណា​ដិតដល់​ពី​ការ​សហការ​បន្ត​ទៅ​មុខ​ឆ្ពោះ​ទៅ​កាន់​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ»។

លោក Demeke ដែលបម្រើការ​ជា​រដ្ឋមន្រ្តី​ការបរទេស​អេត្យូពី​ផង​ដែរ បាន​និយាយ​ថា ភាគី​ទាំង​ពី​មាន​កិច្ចពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​លើ​បញ្ហា​ប្រយោជន៍​រួម។

លោក Demeke ថ្លែង​ថា៖ «នៅ​ក្នុង​កិច្ចពិភាក្សា​របស់​យើង​ យើង​បាន​ប្តេជ្ញា​ពង្រឹង​ភាព​ជា​ដៃ​គូ​នៅ​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គម។ ជា​ពិសេស យើង​បាន​ស្តារ​ឡើង​វិញ​នូវ​ការ​ប្តេជ្ញាពង្រឹង​ការ​វិនិយោគ ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​របស់​យើង»។

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​ទៅ​កាន់​តំបន់​អាស៊ី​ភាគ​និរតី និង​អាហ្វ្រិក បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​អេត្យូពី បន្ទាប់​ពី​លោក​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​អ៊ូហ្កង់ដា​នៅ​មុន​នោះ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG