ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ បៃដិន ​ថា ការណ៍​ដែល​លោក ​ត្រាំ ​មិន​សហការ​លើ​រឿង​ជំងឺ​កូវីដ១៩ នឹង​មាន​ផល​អាក្រក់


លោក ចូ បៃដិន (Joe Biden) ដែល​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី ថ្លែងអំពីស្ថានភាពសេដ្ឋកិច្ចនៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ចូ បៃដិន (Joe Biden) ដែល​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី ថ្លែងអំពីស្ថានភាពសេដ្ឋកិច្ចនៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ចូ បៃដិន (Joe Biden) ដែល​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី បាន​ព្រមាន​ថា ការ​បដិសេធ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៅ​ក្នុង​ការ​មិន​ទទួល​ស្គាល់​ការ​ផ្ទេរ​អំណាច​មុន​ថ្ងៃ​ទី ២០ ខែ​មករា អាច​បង្ក​ឲ្យ​មាន​ផល​អាក្រក់ ក្នុង​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។

លោក​ បៃដិន​ បាន​ឆ្លើយតប​សំណួរ​របស់​អ្នក​សារព័ត៌មាន​ កាល​ពី​ថ្ងៃ​ចន្ទ​ នៅ​ក្នុង​ទីក្រុង Wilmington រដ្ឋ Delaware ថា៖ «មនុស្ស​ជា​ច្រើន​នាក់​ទៀត​អាច​នឹង​ស្លាប់ ប្រសិនបើ​យើង​មិន​សម្រប​សម្រួល»។

លោក​ បៃដិន ជាថ្មី​ម្ដង​ទៀត បាន​ព្រមាន​អំពី​ការ​មក​ដល់​នៃ «រដូវ​រងារ​ដ៏​គ្រោះ​ថ្នាក់» ដោយ​បាន​អំពាវនាវ​ឲ្យ​សភា​អនុម័ត​សំណើ​ច្បាប់ HEROES Act ឲ្យ​បាន​ឆាប់​រហ័ស។ សំណើ​ច្បាប់ HEROES Act នេះ ស្នើ​ឲ្យ​មាន​ថវិកា​ចំនួន ៣ លាន​លាន​ដុល្លារ ដើម្បី​ឆ្លើយតប​ទៅនឹង​ផល​ប៉ះពាល់​សេដ្ឋកិច្ច ដែល​បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។

លោក​ បៃដិន បាន​និយាយ​ថា៖ «ការណ៍​ដែល​លោក​ប្រធានាធិបតី​នៅ​លេង​កីឡា​វាយ​កូនហ្គោល ហើយ​មិន​ធ្វើ​អ្វី​ទាំង​អស់ គឺ​វា​ហួស​ពី​ការ​យល់​ឃើញ​របស់​ខ្ញុំ​ទៅ​ទៀត»។ លោក​បាន​បន្ថែម​ថា៖ «យ៉ាង​ហោច​ណាស់ លោក [ត្រាំ] គួរ​ចាកចេញ​ទៅ​ដោយ​បន្សល់​ទុក​នូវ​ភាព​វិជ្ជមាន»។

លោក ​បៃដិន​ បាន​បញ្ជាក់​ថា ពលរដ្ឋ​ជិត​លែង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពេល​គ្មាន​ការងារ​ធ្វើ​ហើយ ហើយ​ពលរដ្ឋ ២០ លាន​នាក់​ កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ផ្ទះ​សម្បែង​ ដោយសារតែ​មិន​អាច​បង់​ថ្លៃ​ផ្ទះ​ជំពាក់​ធនាគារ ហើយ​ជាង​នេះ​ទៀត «ពលរដ្ឋ​ជា​ច្រើន​កំពុង​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ ដោយសារតែ​មិន​អាច​បង់​ថ្លៃ​ជួល​បាន»។

លោក ​បៃដិន​ ថ្លែង​ដូច្នេះ បន្ទាប់ពី​លោក និង​អ្នកស្រី​ ខាម៉ាឡា ហារីស (Kamala Harris) ដែល​ត្រូវ​គេ​ព្យាករណ៍​ថា​ជាប់​ឆ្នោត​ជា​អនុ​ប្រធានាធិបតី ធ្វើ​សន្និសីទ​កាសែត​អំពី​ស្ថានភាព​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ដោយសារ​ការ​កើនឡើង​ខ្លាំង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG