ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវឱ្យបណ្ដាមេដឹកនាំនៃក្រុមប្រទេស G-20 ដែល កំពុងជួបប្រជុំគ្នានៅក្នុងទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីលកាលពីថ្ងៃចន្ទឱ្យគាំទ្រអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែននិងបង្កើនសម្ពាធលើក្រុមហាម៉ាស់ឱ្យឈប់បាញ់គ្នាជាមួយអ៊ីស្រាអែល។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការអំពាវនាវនេះបានធ្វើឡើងមួយថ្ងៃក្រោយមកបន្ទាប់ពីមន្ត្រីអាមេរិកបាននិយាយថាលោក Biden បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីលរបស់អាមេរិកដែលអាចបាញ់បានចម្ងាយឆ្ងាយលើប្រទេសរុស្ស៊ី។
ការអំពាវនាវនេះក៏បានធ្វើឡើងផងដែរនៅពេលដែលលោក Biden ប្តេជ្ញា «បន្តជំរុញ» ឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ក្នុងពេលលោកនៅកាន់តំណែងជាប្រធានាធិបតីអាមេរិក មុនពេលលោក Donald Trump វិលត្រឡប់ចូលកាន់តំណែងនៅសេតវិមានវិញនៅខែមករាឆ្នាំ ២០២៥។
លោក Biden បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលនោះដែលមានរដ្ឋមន្ត្រីការបរទេសរុស្ស៊ីចូលរួមផងដែរថា៖ «សហរដ្ឋអាមេរិកគាំទ្រយ៉ាងខ្លាំងក្លានូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន។ ខ្ញុំគិតថា អ្នកទាំងអស់គ្នាដែលអង្គុយនៅទីនេះក៏គួរតែគាំទ្រដែរ»។
ទាក់ទងនឹងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់វិញ លោក Biden បានថ្លែងក្នុងពេលបើកកិច្ចប្រជុំនោះថា៖ «ខ្ញុំសូមស្នើអ្នកទាំងអស់គ្នាដែលចូលរួមនៅទីនេះឱ្យបង្កើនសម្ពាធលើក្រុមហាម៉ាស់ ដែលនៅពេលបច្ចុប្បន្នក្រុមនេះបានបដិសេធកិច្ចព្រមព្រៀងឈប់បាញ់គ្នានេះ»។
លោក Biden បានបន្ថែមថា៖ «យើងនឹងបន្តជំរុញឱ្យពន្លឿននូវកិច្ចព្រមព្រៀងបទឈប់បាញ់ដែលធានានូវសន្តិសុខរបស់អ៊ីស្រាអែលនិងនាំចំណាប់ខ្មាំងត្រឡប់មកផ្ទះវិញ និងបញ្ចប់នូវការឈឺចាប់របស់ប្រជាពលរដ្ឋនិងកុមារប៉ាឡេស្ទីន»៕
វេទិកាបញ្ចេញមតិ