សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ កត់សម្គាល់ខួបលើកទី២២នៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានសម្លាប់មនុស្សអស់ជិត៣ពាន់នាក់។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានកំណត់នឹងថ្លែងសុន្ទរកថា ដល់សមាជិកក្រុមយោធា អ្នកជួយសង្គ្រោះបថម និងក្រុមគ្រួសាររបស់គេ នៅឯមូលដ្ឋានកងយោធាអាមេរិក ក្នុងទីក្រុង Anchorage រដ្ឋ Alaska សហរដ្ឋអាមេរិក។
ការឈប់សំចតរបស់លោក Biden ក្នុងមូលដ្ឋានយោធា នៃរដ្ឋ Alaska នេះ កើតមានឡើង ខណៈដែលលោកធ្វើដំណើរវិលត្រឡប់មកពីក្រៅប្រទេសវិញ បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G20 ក្នុងប្រទេសឥណ្ឌា និងដំណើរទស្សនកិច្ចដើម្បីជួបប្រជុំជាមួយមេដឹកនាំក្នុងប្រទេសវៀតណាមរួចមក។
បើទោះបីការកត់សម្គាល់ខួបថ្ងៃទី១១ ខែកញ្ញា គេកម្រឃើញប្រធានាធិបតីអវត្តមាននៅទីតាំងវាយប្រហារភេរវកម្មនៅក្នុងទីក្រុង New York ក្នុងរដ្ឋ Pennsylvania ឬនៅក្រសួងការពារជាតិអាមេរិកក្តី ក៏អវត្តមានរបស់លោកJoe Biden នៅទីតាំងកើតហេតុនៅថ្ងៃនេះ មិនមែនជារឿងមិនធ្លាប់មាននោះឡើយ។
កាលពីឆ្នាំ២០០៥ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក George W. Bush បានប្រារព្ធខួបនៃការវាយប្រហារនេះនៅក្នុងសេតវិមាន ហើយអតីតប្រធានាធិបតីអាមេរិកលោក Barack Obama កាលពីឆ្នាំ២០១៥ ក៏បានចូលរួមពិធីស្មឹងស្មាធនៅថ្ងៃខួបនេះនៅសេតវិមានផងដែរ មុនពេលលោកអញ្ជើញទៅចូលរួមក្នុងកម្មវិធីមួយ ដែលផ្តល់ជាកិត្តិយសដល់យោធាអាមេរិក នៅមូលដ្ឋានយោធា Fort Meade ក្នុងរដ្ឋ Maryland ដែលនៅជិតរដ្ឋធានីវ៉ាស៊ីនតោន។
អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris មានកំណត់នឹងចូលរួមក្នុងកម្មវិធីមួយនៅថ្ងៃចន្ទនេះ នៅសារមន្ទីរនិងបូជនីយដ្ឋានជាតិថ្ងៃទី១១ ខែកញ្ញាក្នុងទីក្រុង New York ។
ក្រុមភេរវជន Al-Qaida បានប្លន់យន្តហោះពាណិជ្ជកម្ម២គ្រឿង ដោយហោះបំបុកអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុង New York ដោយធ្វើឱ្យអគារទាំងពីរនោះបាក់រលំ។
ដោយឡែកស្វាមីរបស់អនុប្រធានាធិបតីរូបនេះ គឺលោក Doug Emhoff មានគម្រោងនឹងទៅកាន់ស្រុក Shanksville រដ្ឋ Pennsylvania ដើម្បីដាក់កម្រងផ្កានៅកន្លែងបូជនីយដ្ឋានមួយកន្លែង ដែលក្រុមភេរវជនបានប្លន់យន្តហោះមួយគ្រឿងទៀត ហើយធ្លាក់នៅទីវាលមួយកន្លែង បន្ទាប់ពីអ្នកដំណើរលើយន្តហោះនោះបានវាយប្រយុទ្ធនឹងក្រុមភេរវករ។
ទន្ទឹមនឹងនេះដែរ ស្ត្រីទី១អាមេរិក អ្នកស្រីJill Biden ដែលជាភរិយារបស់លោក Joe Biden ដោយរួមជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រធានអគ្គសេនាធិការយោធារួម លោក នាយឧត្តមសេនីយ៍ Mark Milley គ្រោងនឹងចូលរួមក្នុងពិធីដាក់កម្រងផ្កាមួយ នៅវិមានបូជនីយដ្ឋានជាតិ១១កញ្ញា ក្នុងក្រសួងការពារជាតិអាមេរិក។ ក្រុមភេរវករបានប្លន់យន្តហោះមួយគ្រឿងទៀត និងបើកបំបុកអគារមួយ ដែលជាស្នាក់ការកណ្តាលរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក៕