ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់ក្រុមអ្នកបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania ថា ប្រសិនបើគណបក្សប្រជាធិបតេយ្យចាញ់នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ នោះនឹងមានផលវិបាក «រាប់ទសវត្សរ៍»។
លោក Biden ថ្លែងដូច្នេះ ស្របពេលដែលសមាជិកគណបក្សសាធារណរដ្ឋ ដែលក្នុងនោះរួមទាំងលោកអតីតប្រធានាធិបតី Donald Trump ផងដែរ បានទស្សន៍ទាយថា គណបក្សសាធារណរដ្ឋនឹងឈ្នះទាំងស្រុងនៅក្នុងការបោះឆ្នោតនេះ។
លោក Biden លោក Trump និងលោកអតីតប្រធានាធិបតី Barack Obama បានធ្វើការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ ដោយសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលអ្នកបោះឆ្នោតនៅក្នុងការប្រជែងតំណែងសមាជិកព្រឹទ្ធសភាដ៏សំខាន់តំណាងរដ្ឋ Pennsylvania នេះរវាងអភិបាលរងរដ្ឋ Pennsylvania លោក John Fetterman ដែលជាបេក្ខជនឈរឈ្មោះខាងគណបក្សប្រជាធិបតេយ្យ និងវេជ្ជបណ្ឌិតល្បីឈ្មោះលោក Mehmet Oz ដែលជាបេក្ខជនឈរឈ្មោះខាងគណបក្សសាធារណរដ្ឋ។
លោក Biden បានប្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យនៅឯសាកលវិទ្យាល័យ Temple ក្នុងទីក្រុង Philadelphia ថា៖ «អ្នកទាំងអស់គ្នា! យើងនៅសល់ពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះមុនការបោះឆ្នោតដ៏សំខាន់បំផុតមួយនៅក្នុងជីវិតរបស់យើងចូលមកដល់។ លទ្ធផលនៃការបោះឆ្នោតនេះនឹងកំណត់អនាគតប្រទេសរបស់យើងសម្រាប់រយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ ហើយអំណាចដែលអាចកំណត់លទ្ធផលនៃការបោះឆ្នោតនេះបានគឺស្ថិតនៅក្នុងដៃរបស់អ្នក»។
លោកបានបន្ថែមថា៖ «ការបោះឆ្នោតនេះគឺជាជម្រើសរវាងចក្ខុវិស័យពីរដែលមានលក្ខណៈផ្ទុយគ្នាទាំងស្រុងសម្រាប់សហរដ្ឋអាមេរិក»។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងទីក្រុង Latrobe នៅភាគអាគ្នេយ៍ទីក្រុង Pittsburgh នៃរដ្ឋ Pennsylvania លោក Trump បានរៀបរាប់អំពីបញ្ហាជាច្រើនដែលលោកចាត់ទុកថាបង្កឡើងដោយគណបក្សប្រជាធិបតេយ្យដូចជាបញ្ហាអតិផរណា និងកម្មវិធីសិក្សាដែលក្រុមអ្នកគាំទ្រលោកចាត់ទុកថាមានលក្ខណៈកែទម្រង់ជ្រុលជាដើម។
លោក Trump បាននិយាយថា៖ «ប្រសិនបើអ្នកចង់បញ្ឈប់ការបំផ្លិចបំផ្លាញប្រទេសរបស់យើងនិងជួយសង្គ្រោះក្ដីសុបិនអាមេរិក នោះអ្នកត្រូវតែបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋនៅថ្ងៃអង្គារខាងមុខឱ្យបានច្រើន»។
សម្រាប់លោក Obama វិញ លោកបានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យនៅក្នុងទីក្រុង Pittsburgh ថា ការវាយប្រហារដែលមានចរិតនយោបាយកាលពីសប្ដាហ៍មុនលើលោក Paul Pelosi ដែលជាស្វាមីរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nacy Pelosi គឺជាលទ្ធផលដែលកើតចេញពីវោហារសាស្ត្របែបស្អប់គុំកួន។
លោក Obama បាននិយាយដោយមិនយោងដោយផ្ទាល់លើគណបក្សសាធារណរដ្ឋថា៖ «ទម្លាប់លាបពណ៌គូប្រជែងនយោបាយថាជាមនុស្សអាក្រក់ ទម្លាប់និយាយរឿងឆ្កួតៗនេះគឺបង្កើតឱ្យមាននូវបរិយាកាសមួយប្រកបដោយគ្រោះថ្នាក់»។
ការប្រជែងអាសនៈព្រឹទ្ធសភាតំណាងរដ្ឋ Pennsylvania រវាងលោក Fetterman និងលោក Oz នេះគឺជាការប្រកួតប្រជែងដ៏សំខាន់មួយក្នុងចំណោមការប្រកួតប្រជែងសំខាន់ៗចំនួន ៣ នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីអាមេរិកនេះ។ ការប្រកួតប្រជែងសំខាន់ចំនួន ២ ទៀតគឺការប្រជែងអាសនៈព្រឹទ្ធសភាតំណាងរដ្ឋ Georgia និងការប្រជែងអាសនៈព្រឹទ្ធសភាតំណាងរដ្ឋ Nevada។ ការប្រជែងអាសនៈព្រឹទ្ធសភាដ៏សំខាន់ទាំងនេះនឹងកំណត់ថាតើគណបក្សណានឹងគ្រប់គ្រងព្រឹទ្ធសភា។
អ្នកព្យាករណ៍ការបោះឆ្នោតនិងការស្ទង់មតិនានាកន្លងមកបានបង្ហាញថា គណបក្សសាធារណរដ្ឋអាចឈ្នះបានគ្រប់គ្រងរដ្ឋសភា ហើយគណបក្សទាំងពីរនឹងមានការប្រជែងគ្នាប្រកៀកប្រកិតសម្រាប់ការគ្រប់គ្រងព្រឹទ្ធសភា។ ការគ្រប់គ្រងសភាណាមួយមិនថារដ្ឋសភាឬក៏ព្រឹទ្ធសភានោះទេនឹងផ្ដល់អំណាចឱ្យគណបក្សសាធារណរដ្ឋអាចរារាំងរបៀបវារៈរបស់លោក Biden បាន៕
ទីក្រុង Philadelphia និងទីក្រុង Latrobe រដ្ឋ Pennsylvania —