អ្នកបោះឆ្នោតអាមេរិកាំងកំពុងថ្លឹងថ្លែងបញ្ហាចម្បងៗជាច្រើន នៅពេលពួកគេទៅបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកានេះ។ បញ្ហាទាំងនោះមានចាប់ពីអតិផរណា សិទ្ធិរំលូតកូននិងសន្តិសុខព្រំដែន រហូតដល់ឧក្រិដ្ឋកម្មនិងការព្រួយបារម្ភអំពីទិសដៅរបស់ប្រទេសជាតិ។
នៅទីក្រុង Long Beach (ឡុងប៊ិច) រដ្ឋCalifornia (កាលីហ្វ័រញ៉ា) សកម្មជនខ្មែរអាមេរិកាំងមួយក្រុមកំពុងជំរុញអ្នកបោះឆ្នោតឱ្យផ្តោតលើបញ្ហាសិទ្ធិរំលូតកូនដែលមានកំណត់នៅក្នុងសំណើទី១នៃសន្លឹកឆ្នោត។
អ្នកស្រី Amy Horn អ្នករៀបចំតាមមូលដ្ឋាននៃសមាគមសកម្មភាពយុវនារីខ្មែរ(Khmer Girls in Action) បានប្រាប់វីអូអេក្នុងបទសម្ភាសន៍តាមប្រព័ន្ធ Zoom កាលពីថ្ងៃពុធសប្តាហ៍មុនថា៖ «មានសំណើមួយហៅថាសំណើទី១។ សំណើនេះជួយសុខភាពស្ត្រីយើងឱ្យមានសុវត្ថិភាពក៏ដូចជាគាំទ្រសុខុមាលភាពយើងទាំងមូល។ ដូច្នេះនៅពេលដែលយើងនិយាយពីសុវត្ថិភាពសហគមន៍យើង ស្ត្រីយើង យើងត្រូវដឹងថាយើងត្រូវការអ្វីដែលជួយឱ្យយើងសម្រេចចិត្តក្នុងជីវិតយើងដែលជាទម្រង់នៃភាពថ្លៃថ្នូររបស់យើង និងអ្វីដែលយើងអាចជួយគ្នាបាននៅពេលធ្វើការសម្រេចចិត្តលើអ្វីដែលបានវាយប្រហារសហគមន៍យើងជាច្រើន»។
សំណើទី១នេះជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការសម្រេចដោយតុលាការកំពូលកាលពីខែមិថុនាដកហូតការការពារផ្លូវច្បាប់ចំពោះសិទ្ធិរំលូតកូននៅកម្រិតរដ្ឋាភិបាលសហព័ន្ធ ហើយទុកឱ្យរដ្ឋនីមួយៗជាអ្នកសម្រេចវិញ។ សេចក្តីសម្រេចនេះបាននាំឱ្យមានការតវ៉ាជាច្រើនពីសំណាក់អ្នកគាំទ្រសិទ្ធិរបស់ស្ត្រីក្នុងការសម្រេចអំពីការរំលូតកូន។
ក្រុមអ្នកប្រជាធិបតេយ្យនៅរដ្ឋ California បានធ្វើការឃោសនាជាខ្លាំងឱ្យពលរដ្ឋគាំទ្រសំណើនេះដើម្បីឱ្យបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់រដ្ឋដើម្បីធានានូវសិទ្ធិពន្លូតកូននិងការពន្យារកំណើត។
អ្នកស្រី Amy Horn បានបញ្ជាក់ដែរថា៖ «វានឹងក្លាយជាលើកដំបូងដែលយើងនឹងអនុវត្តសិទ្ធិតាមរដ្ឋធម្មនុញ្ញដាក់ក្នុងគោលនយោបាយរបស់យើងនៅក្នុងរដ្ឋ California។ វានឹងកា្លយជាគំរូមួយដែលយើងចង់ឱ្យមានសម្រាប់ប្រទេសជាតិយើងផងដែរ។ នៅពេលសំណុំរឿង Roe v Wade ត្រូវបានផ្លាស់ប្តូរ ចៅក្រមចំនួន៩នាក់ដែលធ្វើការសម្រេចចិត្តនោះគឺមិនដែលត្រូវបានជាប់ឆ្នោតទេ។ ពួកគេមិនមែនជាមន្ត្រីជាប់ឆ្នោតទេ។ ពលរដ្ឋមិនដែលនិយាយថាយើងចង់ឱ្យមនុស្ស៩នាក់នេះតំណាងឱ្យយើងឡើយ។ ពួកគេបានមកធ្វើការដោយសារតែងតាំងដោយរដ្ឋបាលនានា។ ដូច្នេះហើយបានជាមិនមានការចែងក្នុងរដ្ឋធម្មនុញ្ញ។ អ៊ីចឹងហើយបានជាយើងចង់ឱ្យរដ្ឋ California ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ»។
អ្នកស្ម័គ្រចិត្តនិងអ្នកធ្វើការនៃសមាគមសកម្មភាពយុវនារីខ្មែរធ្វើយុទ្ធនាការតាមទូរស័ព្ទរយៈពេល៣ម៉ោងក្នុងមួយថ្ងៃទៅបញ្ចុះបញ្ចូលអ្នកបោះឆ្នោតជាមធ្យមជិត៣០០នាក់ក្នុងមួយថ្ងៃ។ យុទ្ធនាការនេះបានចាប់ផ្តើមពីថ្ងៃទី១១ខែតុលាហើយនឹងបន្តរហូតដល់ថ្ងៃបោះឆ្នោត។
អ្នកស្រីAmy Hornបានបន្ថែមថា៖ «យើងចង់ឱ្យច្បាស់ថាសហគមន៍របស់យើងដឹងថានេះគឺជារឿងសំខាន់គឺមិនគ្រាន់តែជាសិទ្ធិនៅក្នុងរដ្ឋធម្មនុញ្ញរបស់រដ្ឋCalifornia ទេដែលយើងចង់បង្កើតប៉ុន្តែគឺសេវាដែលអាចមានដល់សហគមន៍ សហគមន៍ដែលមិនមានឯកសារហើយធ្វើដំណើរពីរដ្ឋផ្សេងមករដ្ឋ California ថា តើយើងអាចជួយបានយ៉ាងណាខ្លះនិងបើកទ្វារទាំងនោះនិងទម្លាក់ចោលរបាំងព្រំដែនសម្រាប់ពួកគេអាចមកទទួលសេវានិងការថែទាំសុខភាពបាន»។
អ្នករិះគន់នឹងសំណើនេះដែលនាំមុខដោយវិហារកាតូលិកនិងអង្គការសាសនាដទៃទៀតនិងសកម្មជននិងមន្ត្រីគណបក្សសាធារណរដ្ឋយល់ថាសំណើនេះមិនចាំបាច់ទេ។ ពួកគេបានច្រានចោលហើយចាត់ទុកថាវាគ្រាន់តែជាយុទ្ធសាស្ត្ររបស់ក្រុមអ្នកប្រជាធិបតេយ្យឱ្យអ្នកគាំទ្ររបស់ខ្លួនចេញមកបោះឆ្នោតឱ្យបានច្រើនជាពិសេសនៅមណ្ឌលដែលមានការប្រកួតប្រជែងខ្លាំង។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Politico។
អ្នកស្រី Amy Horn យល់ថា បញ្ហាសិទ្ធិទទួលបានសេវាសុខភាពនេះសំខាន់សម្រាប់សហគមន៍ខ្មែរផងដែរ៖ «ខ្ញុំគិតថានៅក្នុងសហគមន៍របស់យើងជាច្រើន យើងនិយាយអំពីភាពជោគជ័យក្នុងការអប់រំ ប៉ុន្តែយើងក៏ចង់រួមបញ្ចូលផងដែរនៅពេលនិយាយអំពីសុខភាព និងស្វ័យភាពនៃរាងកាយ និងការអប់រំលើការសម្រេចចិត្តទាំងនោះសម្រាប់គ្រួសារ និងសហគមន៍របស់យើង។ អ៊ីចឹងវាប៉ះពាល់យ៉ាងខ្លាំងដល់សហគមន៍របស់យើងទាំងមូល ហើយជាពិសេសប្រជាជនខ្មែរយើងពឹងផ្អែកលើកូនយើងច្រើនក្នុងការបកប្រែ ចូលពេទ្យ បង់រំលោះផ្ទះ។ ដូច្នេះ ការថែទាំសុខភាពបន្តពូជមិនមែនគ្រាន់តែជាបញ្ហាដែលកើតឡើងដោយផ្ទាល់លើរាងកាយរបស់យើងប៉ុណ្ណោះទេ វាជាចម្បងប៉ុន្តែវាក៏ប៉ះពាល់ដល់ប្រព័ន្ធសេដ្ឋកិច្ច មូលដ្ឋានគ្រឹះរបស់យើង និងផ្ទះរបស់យើង ព្រមទាំងសិទ្ធិ និងអំណាចនោះសម្រាប់សហគមន៍របស់យើងផងដែរ»។
លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិលើកនេះនឹងកំណត់ថា តើគណបក្សប្រជាធិបតេយ្យអាចរក្សាអំណាចបាន ឬផ្តល់ឱកាសឱ្យគណបក្សសាធារណរដ្ឋគ្រប់គ្រងទាំងព្រឹទ្ធសភា និងរដ្ឋសភាអាមេរិក។