ដោយនៅសល់រយៈពេលមិនដល់មួយសប្ដាហ៍ផងមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនៅសហរដ្ឋអាមេរិកចូលមកដល់ លោកប្រធានាធិបតី Joe Biden បានព្រមានអំពីការគំរាមកំហែងដែលប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ដោយបាននិយាយថា អ្នកដែលបដិសេធលទ្ធផលនៃការបោះឆ្នោតកំពុងធ្វើឱ្យសហរដ្ឋអាមេរិក «ឈានឆ្ពោះទៅរកភាពចលាចល»។
លោក Biden បានថ្លែងនៅក្នុងសុន្ទរកថានៅឯស្ថានីយរថភ្លើង Union Station នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីល្ងាចថ្ងៃពុធដែលបានចាក់ផ្សាយតាមទូរទស្សន៍ថា៖ «មានបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់គ្រប់កម្រិតទាំងអស់នៅក្នុងសហរដ្ឋអាមេរិក...ដែលនឹងមិនតាំងចិត្តទទួលយកលទ្ធផលនៃការបោះឆ្នោតដែលពួកគេកំពុងចូលរួមនេះ»។
លោកបានបន្ថែមថា អ្នកបោះឆ្នោតនៅសប្ដាហ៍ក្រោយគួរតែសួរនូវសំណួរថាតើបេក្ខជនឈរឈ្មោះបោះឆ្នោតដែលមានឈ្មោះនៅលើសន្លឹកឆ្នោតនឹងទទួលយកលទ្ធផលបោះឆ្នោតដែរឬក៏អត់។
លោក Biden លើកឡើងដូច្នេះថា៖ «ចម្លើយចំពោះសំណួរនេះគឺពិតជាសំខាន់។ វាគួរតែជាចម្លើយដាច់ណាត់។ ចម្លើយចំពោះសំណួរនេះគឺជាការកំណត់អនាគតរបស់ប្រទេសដែលយើងស្រឡាញ់ខ្លាំងបំផុតនិងជាការកំណត់ជោគវាសនានៃលទ្ធិប្រជាធិបតេយ្យដែលបានធ្វើឱ្យអ្វីៗយ៉ាងច្រើនអាចទៅរួចសម្រាប់យើង»។
នៅក្នុងសុន្ទរកថារយៈពេល ២១ នាទីនេះ លោក Biden បានរិះគន់លោកអតីតប្រធានាធិបតី Donald Trump ថាបានបន្តអះអាងមិនត្រឹមត្រូវថាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ មានការលួចបន្លំ។ លោក Biden បាននិយាយថា ការអះអាងរបស់លោក Trump បែបនេះ «បានបញ្ឆេះបន្ថែមឱ្យមានការកើនឡើងដ៏គ្រោះថ្នាក់នូវអំពើហិង្សានយោបាយនិងការគំរាមកំហែងអ្នកបោះឆ្នោតនៅក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ»។
លោក Biden បានបញ្ជាក់ថា៖ «ខ្ញុំជឿថាពលរដ្ឋអាមេរិកាំងភាគច្រើនលើសលប់ប្រឆាំងនឹងអំពើហិង្សានយោបាយនិងការគំរាមកំហែងអ្នកបោះឆ្នោត។ យើងទាំងអស់គ្នាត្រូវតែរួបរួមគ្នាដើម្បីបញ្ជាក់ឱ្យបានច្បាស់យ៉ាងពិតប្រាកដថាអំពើហិង្សានិងការគំរាមកំហែងគឺមិនអាចទទួលយកបានទេនៅក្នុងសហរដ្ឋអាមេរិក»។
លោក Biden បានចាប់ផ្ដើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ៣ ថ្ងៃ នៅក្នុងរដ្ឋចំនួន ៤ គឺរដ្ឋ California រដ្ឋ Illinois រដ្ឋ New Mexico និងរដ្ឋ Pennsylvania ដើម្បីគាំទ្របេក្ខជនឈរឈ្មោះបោះឆ្នោតខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញនៅក្នុងរដ្ឋទាំងនេះ៕
អ្នកយកព័ត៌មានលោក Matt Haines នៅទីក្រុង New Orleans រដ្ឋ Louisiana រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។