ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹងតែងតាំង​ស្ត្រីស្បែកខ្មៅ​ឲ្យធ្វើជាចៅក្រម​តុលាការ​កំពូល


លោក​ប្រធានាធិបតី Joe Biden ថ្លែង​អំពី​ការ​ចូល​និវត្តន៍​របស់​ចៅក្រម​តុលាការ​កំពូល លោក Stephen Breyer នៅបន្ទប់ Roosevelt នៃ​សេតវិមាន ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែ​មករា ឆ្នាំ ២០២២។
លោក​ប្រធានាធិបតី Joe Biden ថ្លែង​អំពី​ការ​ចូល​និវត្តន៍​របស់​ចៅក្រម​តុលាការ​កំពូល លោក Stephen Breyer នៅបន្ទប់ Roosevelt នៃ​សេតវិមាន ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែ​មករា ឆ្នាំ ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បានថ្លែង​កាលពី​ថ្ងៃ​ព្រហស្សតិ៍ថា លោក​នឹង​ធ្វើតាម​ការសន្យា​របស់លោក​ក្នុង​យុទ្ធនាការ​រកសំឡេងឆ្នោត ដោយ​នឹង​តែងតាំង​ចៅក្រម​ម្នាក់​ដែល​ជាស្ត្រី​ស្បែកខ្មៅ​ឲ្យឡើង​កាន់តំណែង​ជា​ចៅក្រម​តុលាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក បន្ទាប់ពី​ចៅក្រមតុលាការ​កំពូល​ដែល​មាន​និន្នាការ​សេរីនិយ​លោក Stephen Breyer ចូលនិវត្តន៍។

«បុគ្គល​ដែល​ខ្ញុំ​នឹង​តែងតាំង​នោះ នឹង​ជា​មនុស្សដែល​មាន​ចំណេះ លក្ខណៈសម្បត្តិ បទពិ សោធន៍ និង​សុចរិតភាព​យ៉ាង​ប្រសើរ​អស្ចារ្យ‍» នេះជាសម្តីរបស់​លោក Biden នៅពេល​ដែល​លោក​ឈរ​នៅក្បែរ​លោក Breyer ដែល​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្សតិ៍​ថា លោក​នឹង​លា ចេញពី​តំណែង ក្រោយពី​បាន​បំរើការ​អស់​ពេល​២៨ឆ្នាំ។ លោក Biden បន្តទៀត​ថា «ហើយ​បុគ្គលនោះ​នឹង​ជា​ស្ត្រី​ស្បែកខ្មៅ​ទី១​ដែលនឹង​ទទួល​ការតែងតាំង​ជា​ចៅក្រម​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក‍»។

លោក Biden បានថ្លែងថា​លោក​នៅមិនទាន់​ធ្វើការ​សម្រេចចិត្ត​នៅឡើយ។ លោក​ថា​លោក នឹង​ប្រកាស​ឈ្មោះ​បេក្ខជន​របស់​លោក​នៅ​ចុង​ខែ​កុម្ភៈ ហើយថា លោកនឹង​ធ្វើការជាមួយ​ក្រុម​មេដឹកនាំ​សភា ដែល​មាន​ការខ្វែង​គំនិតគ្នា​យ៉ាងខ្លាំង​ដើម្បី​អនុម័ត​ការតែងតាំងនោះ​ឲ្យបាន​ទាន់ពេលវេលា។

លោកស្រី Jan Psaki អ្នកនាំពាក្យ​សេតវិមាន​កាលពីថ្ងៃព្រហស្សតិ៍​ថា «យើងមិនទាន់បាន​និយាយ​ដល់ឈ្មោះ​អ្នកណា​ម្នាក់​នៅឡើយ។ យើង​មិនទាន់​បាន​ធ្វើបញ្ជី​រាយនាម​នៅ ឡើយ‍»។

លោក Biden អាច​ប្រឈម​នឹង​ការដាក់សម្ពាធ​ដោយសារ​ពេលវេលា​ដើម្បី​តែងតាំង​អ្នកឡើង​កាន់​តំណែង​ម្នាក់​នៅមុន​ការបោះឆ្នោត​សភា​ពាក់កណ្តាលអាណត្តិ​នៅខែវិច្ឆិកា។ បើសិន ជា គណបក្ស​សាធារណរដ្ឋ​មានសំឡេង​ភាគច្រើន​ក្នុងព្រឹទ្ធសភា​ឡើងវិញ លោកប្រធានាធិបតី​នឹង​ពិបាក​ក្នុងការ​អនុម័តិ​បេក្ខជន​របស់​លោក៕

XS
SM
MD
LG