ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Joe Biden មានគម្រោងភ្លាមៗ ដើម្បីបន្តការរឹតត្បិតចំពោះអ្នកដំណើរភាគច្រើនដែលទើបមកពីទ្វីបអឺរ៉ុបនិងប្រទេសប្រេស៊ីល បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានលុបចោលលក្ខខណ្ឌសម្រាប់ពលរដ្ឋទាំងនោះ ដែលនឹងចូលជាធរមាននៅថ្ងៃទី២៦ ខែមករាខាងមុខ។ នេះបើតាមអ្នកនាំពាក្យរបស់លោក Biden និងរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីថ្ងៃច័ន្ទ លោកប្រធានាធិបតី Trump បានចុះហត្ថលេខាលើបទបញ្ជាមួយដកការរឹតត្បិតដែលលោកបានដាក់កាលពីឆ្នាំមុន ដើម្បីឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ១៩។ ការសម្រេចដកការរឹតត្បិតនេះធ្វើឡើង បន្ទាប់ពីមានការគាំទ្រពីសមាជិកក្រុមការងារវីរុសកូរ៉ូណានិងមន្ត្រីសុខាភិបាលសាធារណៈ។
ភ្លាមៗបន្ទាប់ពីបទបញ្ជាដកការរឹតត្បិតធ្វើដំណើររបស់លោកប្រធានាធិបតី Trump ត្រូវបានផ្សព្វផ្សាយជាសាធារណៈ អ្នកស្រី Jen Psaki អ្នកនាំពាក្យរបស់លោក Biden បានសរសេរសារតាម Twitter ថា៖ «តាមការណែនាំរបស់ក្រុមវេជ្ជសាស្ត្ររបស់យើងរដ្ឋបាល [លោក Biden] នឹងមិនមានបំណងលុបចោលការរឹតត្បិតទាំងអស់នោះ នៅថ្ងៃទី២៦ ខែមករាទេ»។
បើលោក Biden មិនចេញវិធានការថ្មីអ្វីទេ នោះបទបញ្ជារបស់លោក Trump នឹងលុបចោលការរឹតត្បិតធ្វើដំណើរ នៅថ្ងៃទី២៦ ខែមករា ដែលជាថ្ងៃសហរដ្ឋអាមេរិក នឹងចាប់ផ្តើមតម្រូវឲ្យអ្នកធ្វើដំណើរពីក្រៅប្រទេសទាំងអស់ត្រូវបង្ហាញថាបានធ្វើតេស្តជំងឺកូវីដ១៩។ លោក Trump មានកំណត់ពេលចាកចេញពីតំណែងនៅថ្ងៃពុធស្អែកនេះ៕