ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអំពាវនាវដោយផ្ទាល់ដល់ពលរដ្ឋអាមេរិកាំង ឱ្យបន្តផ្តល់ថវិកាដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែននិងអ៊ីស្រាអែល នៅក្នុងសុន្ទរកថារបស់លោកពីសេតវិមានកាលពីយប់ថ្ងៃព្រហស្បតិ៍ គឺមួយថ្ងៃបន្ទាប់ពីលោកវិលត្រឡប់មកពីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញពីការគាំទ្ររបស់អាមេរិកលើប្រទេសសម្ព័ន្ធមិត្តដ៏សំខាន់មួយនេះ។
ដោយលើកឡើងពីភាពសាហាវឃោរឃៅនៅក្នុងជម្លោះទាំងពីរនេះ លោក Biden បាននិយាយថា ខណៈពេលដែលក្រុមហាម៉ាស់ និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបង្ហាញពីការគំរាមកំហែងខុសគ្នានោះ ពួកគេមានរឿងមួយដូចគ្នា គឺ«ពួកគេចង់កម្ទេចចោលទាំងស្រុងប្រទេសក្បែរខាងមួយរបស់ពួកគេ ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ»។
ដោយសន្យានឹងបញ្ឈប់ពួកគេទាំងពីរនោះ លោក Biden បានគូសបញ្ជាក់ថា «ប្រវត្តិសាស្ត្របានបង្រៀនយើងថា នៅពេលក្រុមភេរវករមិនទទួលការខាតបង់តបតវិញចំពោះសកម្មភាពឃោរឃៅរបស់គេ ហើយនៅពេលដែលជនផ្តាច់ការមិនទទួលបានការប្រឆាំងតបវិញនោះ ពួកគេនឹងបង្កើនឱ្យមានភាពច្របូកច្របល់និងមនុស្សស្លាប់កាន់កាន់ច្រើនឡើង និងធ្វើការបំផ្លាញកាន់តែខ្លាំង»។
លោក Biden និយាយថា លោកនឹងដាក់ស្នើសុំថវិកាទៅសភាអាមេរិក នូវអ្វីដែលគេហៅថាជាថវិកាបំពេញបន្ថែម ដែលជាការផ្តល់ថវិកាដល់កម្មវិធីពិសេសរបស់រដ្ឋាភិបាល ដើម្បីផ្តល់ថវិកាដល់«សេចក្តីត្រូវការចាំបាច់ផ្នែកសន្តិសុខជាតិអាមេរិក ក្នុងការគាំទ្រដល់ដៃគូដ៏សំខាន់របស់យើង»។
លោកបន្ថែមថា៖ «នេះជាការវិនិយោគឆ្លាតវៃមួយ ដែលនឹងផ្តល់ផលចំណេញផ្នែកសន្តិសុខរបស់អាមេរិកជាច្រើនជំនាន់ទៅមុខទៀត»។ លោកមិនបានបញ្ជាក់លម្អិតពីចំនួនទឹកប្រាក់ដែលលោកនឹងត្រូវស្នើឡើងនោះឡើយ។ សេចក្តីរាយការណ៍ព័ត៌មានមួយចំនួនបានស្រង់សម្តីមន្រ្តីអាមេរិក ដែលបាននិយាយដោយមិនបញ្ចេញឈ្មោះថា ទឹកប្រាក់នោះអាចមានចំនួនសរុបប្រមាណ ១០០ពាន់លានដុល្លារអាមេរិក។
លោកBiden បានធានាថា សហរដ្ឋអាមេរិកនឹងផ្តល់ការគាំទ្រមិនងាករេដល់ការឆ្លើយតបផ្នែកយោធារបស់អ៊ីស្រាអែល ទៅលើការលុកលុយរបស់ក្រុមហាម៉ាស់ក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលាកន្លងទៅ ដែលបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលអស់ជាង១.៤០០នាក់ និងចាប់មនុស្សធ្វើជាចំណាប់ខ្មាំងប្រមាណ២០០នាក់ផ្សេងទៀត។
ដោយឡែកលើបញ្ហាប្រទេសអ៊ុយក្រែនវិញ លោកBiden នៅតែតាំងចិត្តក្នុងការគាំទ្រដល់ប្រទេសនេះ ដើម្បីការពារបូរណភាពទឹកដីនិងអនាគតប្រជាធិបតេយ្យរបស់អ៊ុយក្រែន។
លោកសង្កត់ធ្ងន់ថា៖ «ប្រសិនបើយើងដើរចេញហើយទុកឱ្យលោក Putin លុបចោលឯករាជ្យភាពរបស់អ៊ុយក្រែននោះ នឹងធ្វើឱ្យអ្នកឈ្លានពាននៅជុំវិញពិភពលោក ព្យាយាមយកគំរូតាមដែរ។ ហានិភ័យនៃជម្លោះនិងភាពច្របូកច្របល់ អាចនឹងរាលដាលទៅផ្នែកផ្សេងៗទៀតក្នុងពិភពលោក ដូចជានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ាជាដើម»។
លោក Biden ថា លោកបាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅមុននោះក្នុងថ្ងៃព្រហស្បតិ៍នោះដែរ៕