ប្រទេសអ៊ីស្រាអែលបានធ្វើការវាយប្រហារថ្មីតាមផ្លូវអាកាសលើតំបន់ Gaza នៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Rishi Sunak បានធ្វើដំណើរទៅអ៊ីស្រាអែលដើម្បីបង្ហាញការគាំទ្រចំពោះប្រទេសនេះបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើទស្សនកិច្ចទៅទីនោះ។
លោក Biden បាននិយាយបន្ទាប់ពីបានធ្វើទស្សនកិច្ចរយៈពេលខ្លីទៅកាន់ទីក្រុង Tel Aviv កាលពីថ្ងៃពុធថា លោកមានការពិភាក្សាដោយស្មោះត្រង់ជាមួយនឹងថ្នាក់ដឹកនាំអ៊ីស្រាអែល ស្របពេលដែលអ៊ីស្រាអែលធ្វើការវាយប្រហារដោយយោធាដែលបានធ្វើឱ្យមនុស្សជាង ៣.៤០០ នាក់ស្លាប់នៅក្នុងតំបន់ Gaza នៅក្នុងការឆ្លើយតបចំពោះការសម្លាប់រង្គាលរបស់ក្រុមហាម៉ាស់ (Hamas) លើពលរដ្ឋអ៊ីស្រាអែលជាង ១.៤០០ នាក់កាលពីថ្ងៃទី ៧ ខែតុលា។
លោក Biden បានប្រាប់អ្នកកាសែតនៅលើយន្តហោះ Air Force One ថា៖ «ខ្ញុំបាននិយាយត្រង់ៗជាមួយអ៊ីស្រាអែល»។ លោកបាននិយាយថា ទោះបីជាអ៊ីស្រាអែល «បានរងគ្រោះធ្ងន់ធ្ងរ» ក៏ដោយ ក៏ប្រទេសនេះមាន «ឱកាសនៅក្នុងការរំសាយក្ដីឈឺចាប់» របស់ជនស៊ីវិលស្លូតត្រង់នៅក្នុងតំបន់ Gaza «ដែលគ្មានកន្លែងត្រូវទៅ»។
លោកបានបន្ថែមថា វាជាអ្វីដែលប្រទេសអ៊ីស្រាអែល «គួរធ្វើ»។
លោក Biden បាននិយាយថា ប្រទេសអេហ្ស៊ីបបានយល់ព្រមបើកព្រំដែន Rafah របស់ខ្លួនជាមួយនឹងតំបន់ Gaza ដើម្បីអនុញ្ញាតឱ្យក្រុមអង្គការសហប្រជាជាតិអាចទទួលយកនិងចាត់ចែងរថយន្តដឹកជំនួយចំនួន ២០ គ្រឿងដំបូងបាន។ លោកបានព្រមានថា ប្រសិនបើក្រុមហាម៉ាស់រារាំងឬក៏រឹបអូសជំនួយនេះ «ក្រុមនេះនឹងត្រូវបញ្ចប់»។
លោក Biden បាននិយាយថា រថយន្តដឹកជំនួយទាំងនេះនឹងទំនងជាឆ្លងព្រំដែននៅថ្ងៃសុក្រ បន្ទាប់ពីផ្លូវដែលរងការខូចខាតធ្ងន់ធ្ងរនៅជិតច្រកឆ្លងកាត់ត្រូវបានជួសជុល។ រថយន្តដឹកជំនួយរាប់សិបគ្រឿងបន្ថែមទៀតកំពុងរង់ចាំធ្វើដំណើរឆ្លងកាត់ដែរ ប្រសិនបើក្បួនរថយន្តដំបូងនេះធ្វើដំណើរដោយរលូន។ លោក Biden ក៏បានប្រកាសផ្ដល់ជំនួយចំនួន ១០០ លានដុល្លារផងដែរដល់ពលរដ្ឋប៉ាឡេស្ទីន៕