ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងថ្លែងសុន្ទរកថាមួយទៅកាន់ ប្រទេសជាតិនៅយប់ថ្ងៃព្រហស្បតិ៍នេះនិងពិភាក្សាអំពីការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះការវាយប្រហាររបស់ពួកហាម៉ាស់កាលពីពេលថ្មីៗនេះលើអ៊ីស្រាអែលនិងអំពីសង្គ្រាមនៅអ៊ុយក្រែនផងដែរ។
លោក Biden បានបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលកាលពីថ្ងៃពុធ ដោយនាំយក
សារគាំទ្រមួយដល់ជនជាតិអ៊ីស្រាអែល នៅពេលធ្វើការឱ្យមានជំនួយមនុស្សធម៌ដល់ជនជាតិប៉ាឡេស្ទីនក្នុងតំបន់ Gaza ផងដែរ។
សហរដ្ឋអាមេរិកបានប្រកាសជំនួយ១០០លានដុល្លារសម្រាប់តំបន់ Gaza និងតំបន់ West Bank ហើយគេរំពឹងថារដ្ឋបាលលោក Bidenនឹងស្នើជំនួយបន្ថែម១០០ពាន់លានដុល្លារទៀតសម្រាប់អ៊ីស្រាអែល អ៊ុយក្រែន តៃវ៉ាន់និងសន្តិសុខតាមព្រំដែនអាមេរិក-ម៉ិកស៊ីក។
លោក Biden បានមានប្រសាសន៍កាលពីថ្ងៃពុធនៅក្រុង Tel Aviv ថា«រដ្ឋាភិបាលខ្ញុំបានទាក់ទងជិតដិតជាមួយក្រុមមេដឹកនាំចាប់តាំងពីពេលវេលាដំបូងៗនៃការវាយប្រហារនេះ។ យើងនឹងធ្វើឱ្យប្រាកដថាយើងមានអ្វីដែលលោកអ្នកត្រូវការសម្រាប់ការពារពលរដ្ឋរលោកអ្នក ដើម្បីការពារប្រទេសជាតិលោកអ្នក។ ជាច្រើនទសវត្សរ៍មកហើយ យើងបានធ្វើឱ្យប្រាកដប្រជាអំពីគុណភាពខាងយោធារបស់អ៊ីស្រាអែល។ ហើយនៅចុងសប្តាហ៍នេះ ខ្ញុំនឹងសុំសភាអាមេរិកនូវកញ្ចប់ការគាំទ្រមិនធ្លាប់មានពីមុនសម្រាប់ការការពារប្រទេសអ៊ីស្រាអែល»៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, និង Reuters។