ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Rishi Sunak បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍មិ្សលមិញ ពីភាពជាដៃគូផ្នែកសេដ្ឋកិច្ច ឬ Atlantic Declaration ដែលផ្តោតទៅលើអន្តរកាលថាមពលនិងបច្ចេកវិទ្យាដែលទើបបង្កើតថ្មីៗ ដែលត្រូវបានចាត់ទុកថា មានសារៈសំខាន់ខ្លាំងដល់សន្តិសុខជាតិ។
លោក Biden និយាយថា កិច្ចព្រមព្រៀងនេះ នឹងជួយដល់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ឱ្យនៅតែស្ថិតក្នុងទីតាំងមួយដ៏ល្អ នៅក្នុងពិភពលោកដែលកំពុងមានការប្រែប្រួលដ៏ឆាប់រហ័សនេះ។
បើទោះបីជាយ៉ាងនេះក្តី ក៏មេដឹកនាំទាំងពីរ មិនបានឆ្លើយតបនឹងសំណួរ ជុំវិញការរីកចម្រើនទៅមុខនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ទូលំទូលាយមួយរវាងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ដែលគណបក្សអភិរក្សនិយមអង់គ្លេសបានសន្យាក្នុងឆ្នាំ ២០១៩ ថា នឹងធ្វើការចរចារឿងនេះក្នុងរយៈពេល ៣ ឆ្នាំនៃការគ្រប់គ្រងអំណាចរបស់ខ្លួន។
ការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលគ្របដណ្តប់លើវិស័យបច្ចេកវិទ្យា ដូចជាបន្ទះសៀគ្វីអេឡិចត្រូនិក semiconductor និងបញ្ញាសិប្បនិម្មិតជាដើមនោះកើតមានឡើង ក្រោយពីមានការជួបពិភាក្សាគ្នាមួយចំនួននៅសេតវិមានដែលសំដៅដោះស្រាយទៅលើចំណងទាក់ទងខាងផ្នែកសេដ្ឋកិច្ច និងការគាំទ្រទៅលើការការពាររបស់ប្រទេសអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីជាដើម។
សរសរស្តម្ភនៃសេចក្តីប្រកាសអាត្លង់ទិក ឬ Atlantic Declaration មានរួមបញ្ចូលនូវការធានាភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស នៅក្នុងសម័យបច្ចេវិទ្យាកំពុងលេចធ្លោនិងមានសារៈសំខាន់ សន្តិសុខសេដ្ឋកិច្ច ការផ្លាស់ប្តូរឌីជីថល និងអន្តរកាលឆ្ពោះទៅរកថាមពលស្អាតជាដើម។
បើយោងតាមសេតវិមាន កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវិនិយោគទុននិងពាណិជ្ជកម្ម សង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពចម្រុះ និងការកាត់បន្ថយការពឹងផ្អែកជាយុទ្ធសាស្ត្រទៅលើគូសត្រូវដែលមានអំណាចខ្លាំង៕
អ្នកស្រី Anita Powell និងអ្នកស្រី Katherine Gypson រាយការណ៍បន្ថែម