ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភព​អង់គ្លេស​នឹង​ផ្តល់​មីស៊ីល​និង​ដ្រូន​វាយប្រហារ​ចម្ងាយ​ឆ្ងាយ​ដល់​អ៊ុយក្រែន


នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ​Rishi Sunak (ស្តាំ) ស្វាគមន៍​ប្រធានាធិបតី​អ៊ុយក្រែន​​លោក​ Volodymyr Zelenskyy ក្រោយ​ពី​លោក​អញ្ជើញ​មក​ដល់​ទី​ក្រុង Aylesbury ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣។
នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ​Rishi Sunak (ស្តាំ) ស្វាគមន៍​ប្រធានាធិបតី​អ៊ុយក្រែន​​លោក​ Volodymyr Zelenskyy ក្រោយ​ពី​លោក​អញ្ជើញ​មក​ដល់​ទី​ក្រុង Aylesbury ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣។

ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ប្រកាសផ្តល់កញ្ចប់​ជំនួយ​យោធា​ថ្មីទៀត ដល់​ប្រទេស​អ៊ុយក្រែន​ ខណៈ​ពេល​ដែល​ប្រធានាធិបតី​អ៊ុយក្រែនលោក​ Volodymyr Zelenskyy បាន​មក​ដល់​ប្រទេស​នេះដើម្បី​ជួប​ពិភាក្សាជា​មួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក ​Rishi Sunak។​

កញ្ចប់​ជំនួយ​ថ្មី​នេះ​រួម​មាន​គ្រាប់​មីស៊ីល​ការពារ​ដែន​អាកាស​ ក៏​ដូច​ជា​យន្តហោះ​ដ្រូន​វាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​ផង​ដែរ។​ ​

លោក ​Zelenskyy បាន​បង្ហោះ​សារ​លើ​ Twitter មុន​ជំនួប​របស់​លោក​ជា​មួយ​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​ថា៖ «ចក្រភព​អង់គ្លេស​ជា​មេដឹកនាំមួយ​រូប​ ក្នុង​ការ​ជួយ​ពង្រីក​សមត្ថភាពរបស់​យើង​នៅ​លើ​ដី​និង​លើ​អាកាស។​ ​កិច្ចសហប្រតិបត្តិការ​របស់​យើង​នឹង​បន្ត​នៅ​ថ្ងៃ​នេះ។​ ខ្ញុំ​នឹង​ជួប​ជា​មួយ​មិត្ត​របស់​ខ្ញុំ​គឺ​លោក Rishi។​ យើង​នឹង​ធ្វើ​ការ​ពិភាក្សា​ចរចា​គ្នា​យ៉ាង​សំខាន់​ទល់​មុខ​គ្នា​និង​តាម​រយៈ​គណៈប្រតិភូ​ផង​ដែរ»។ ​

កិច្ចពិភាក្សា​គ្នា​រវាង​មេដឹកនាំ​ទាំង​ពីរ​នៅ​ថ្ងៃ​ចន្ទ ត្រូវកំណត់​ធ្វើ​នៅ​វិមាន​ផ្លូវការនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ដែល​នៅ​ខាងក្រៅ​ទីក្រុង​ឡុងដ៍។​ ​

លោក ​Sunak ​និយាយក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖​ «នេះ​ជា​ឱកាស​ដ៏​សំខាន់​ ក្នុង​ការ​តស៊ូ​របស់​អ៊ុយក្រែនប្រឆាំង​នឹង​សង្គ្រាម​ដ៏​ឃោរឃៅ​មួយ»។​

ដំណើរ​ទស្សនកិច្ច​របស់​លោក​ Zelenskyy​ ទៅ​កាន់​ចក្រភព​អង់គ្លេស​ ជា​ការ​ឈប់សំចតចុងក្រោយ​ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ទៅកាន់ប្រទេស​ជា​ដៃគូបស្ចិម​ប្រទេសនៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដែល​ក្នុង​នោះ​ក៏​រួម​មាន​កិច្ច​ប្រជុំ​របស់​លោក​នៅ​ក្នុង​រដ្ឋធានី​ប៉ារីសប្រទេស​បារាំង​ ​រដ្ឋធានី​ប៊ែឡាំង​ប្រទេស​អាល្លឺម៉ង​ និង​រដ្ឋធានី​រ៉ូម ​ប្រទេស​អ៊ីតាលី​ផង​ដែរ។​ ​

ប្រទេស​បារាំង​បាន​ប្រកាស​កាល​ពី​យប់​ថ្ងៃអាទិត្យ​ថា​ ខ្លួន​នឹងផ្តល់​រថក្រោះ រថពាសដែក​ និង​ការបណ្តុះ​បណ្តាលដល់​កងទាហាន​អ៊ុយក្រែន​ នៅ​ក្នុង​កញ្ចប់​ជំនួយ​យោធាថ្មី​មួយ​ ខណៈពេល​ដែល​កងកម្លាំង​អ៊ុយក្រែន​ កំពុង​ប្រុងប្រៀប​ខ្លួន ​ដើម្បី​ធ្វើ​ការ​វាយបកប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

ខុទ្ទកាល័យ​របស់ប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron​ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​រដ្ឋាភិបាល​របស់​លោក​នឹង​ផ្តល់​រថក្រោះធុន​ស្រាល​ និង​រថពាសដែក​ផង​ដែរដល់​ប្រទេស​អ៊ុយក្រែន​ ក្នុង​ប៉ុន្មានសប្តាហ៍​ខាង​មុខ​នេះ​ ស្របពេល​ដែល​បារាំង​សន្យាថា​ នឹង​ផ្តល់​ការ​គាំទ្រ​ផ្នែក​មនុស្សធម៌ ​សេដ្ឋកិច្ច​ នយោបាយ​និង​យោធា​ដល់​ប្រទេស​អ៊ុយក្រែន​ ទោះ​បី​យូរ​ប៉ុណ្ណា​ក៏​ដោយឱ្យ​តែ​ចាំបាច់៕​ ​

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG