ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក «ទំនងជាអាចកើនឡើងដល់កន្លះលាននាក់នៅខែក្រោយ [កុម្ភៈ]»។ លោកបានថ្លែងដូច្នេះ ស្របពេលដែលលោកពន្យល់ពីគម្រោងរបស់រដ្ឋាភិបាល ដើម្បីទប់កំណើនចំនួនពលរដ្ឋអាមេរិកាំងដែលស្លាប់ដោយសារជំងឺនេះ។
ថ្លែងពីក្នុងបន្ទប់ Roosevelt នៃសេតវិមាន លោក Biden បានលើកផែនការកម្រាស់ ១៩៨ ទំព័ររបស់លោកនៅចំពោះមុខអ្នកសារព័ត៌មាន អមដោយអនុប្រធានាធិបតីអ្នកស្រី Kamala Harris និងទីប្រឹក្សាវេជ្ជសាស្ត្រជាន់ខ្ពស់ផ្នែកជំងឺកូវីដ១៩ គឺលោកវេជ្ជបណ្ឌិត Anthony Fauci មុននឹងចុះហត្ថលេខាបទបញ្ជាប្រធានាធិបតីចំនួន ១០ ដែលទាក់ទងនឹងជំងឺកូវីដ១៩។
គោលដៅរបស់លោកប្រធានាធិបតី គឺផ្ដល់វ៉ាក់សំាងដល់ពលរដ្ឋអាមេរិកកាំងចំនួន ១០០ លាននាក់នៅក្នុងរយៈពេល ១០០ ថ្ងៃខាងមុខ។ មជ្ឈមណ្ឌលវ៉ាក់សាំងសហគមន៍ដែលផ្គត់ផ្គង់ដោយរដ្ឋាភិបាលសហព័ន្ធចំនួន ១០០ កន្លែង នឹងត្រូវដំណើរការទូទាំងប្រទេសនៅខែក្រោយ។
លោក Biden បានកត់សម្គាល់ថា៖ «[ការផ្គត់ផ្គង់វ៉ាក់សាំង]នេះនឹងក្លាយជាប្រតិបត្តិការដ៏លំបាកបំផុតមួយ ដែលប្រទេសយើងមិនដែលធ្វើពីមុនមក»។
បទបញ្ជាប្រធានាធិបតីរបស់លោក Biden ក៏តម្រូវឲ្យអ្នកដំណើរពីក្រៅប្រទេសមកកាន់សហរដ្ឋអាមេរិកបង្ហាញភស្តុតាងថា ខ្លួនបានធ្វើតេស្តឃើញមិនមានជំងឺកូវីដ១៩។
មកដល់ពេលនេះ ពលរដ្ឋអាមេរិកាំងចំនួន ១៦ លាននាក់ត្រូវបានគេចាក់វ៉ាក់សាំងកូវីដ១៩ គឺតិចជាងចំនួន ២០លាននាក់ ដែលមន្ត្រីសុខាភិបាលរដ្ឋបាលអតីតលោកប្រធានាធិបតី Donald Trump បានសន្យាថា នឹងផ្ដល់វ៉ាក់សំាងជូន ត្រឹមចុងខែធ្នូឆ្នាំមុន៕