ក្នុងបទសម្ភាសន៍ជាមួយវីអូអេក្នុងថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំចិនកាលពីខែកុម្ភៈ លោក Jonathan Turley នាយកផ្នែកកិច្ចការនយោបាយនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បាននិយាយថា សហរដ្ឋអាមេរិកចង់ឃើញប្រទេសកម្ពុជា«ប្រកបដោយសន្ដិភាព វិបុលភាព និងឯករាជ្យភាព» មុននឹងបន្តដោយរិះគន់ពីភាពសោកសៅនៃស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ និងទំនាក់ទំនងកាន់តែស្អិតឡើងរបស់កម្ពុជាជាមួយប្រទេសចិន។
លោក Turley បានថ្លែងថា៖ «ក្នុងនាមជាមិត្តភក្ដិនិងជាដៃគូមួយជាមួយប្រទេសកម្ពុជា យើងមុខជាមានក្ដីព្រួយបារម្ភ នៅពេលដែលយើងឃើញការគ្រប់គ្រងរដ្ឋនៅគ្រប់កម្រិត ស្ថិតក្រោមឥទ្ធិពលដោយគណបក្សតែមួយ នៅពេលដែលពលរដ្ឋដែលប្រកាន់យកមាគ៌ាសន្ដិវិធីត្រូវបានចាប់ខ្លួននិងស្ថិតក្នុងពន្ធនាគារដោយគ្រាន់តែសកម្មភាពបញ្ចេញមតិរបស់ពួកគេ នៅពេលដែលអំពើពុករលួយប្រព្រឹត្តទៅដោយគ្មានការត្រួតពិនិត្យ ហើយក្រុមអ្នកមានអំណាចធ្វើអ្វីបានតាមចិត្តដោយគ្មានទោសពៃរ៍ ហើយនៅពេលឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាដែលរកបានមកដោយលំបាក កំពុងត្រូវបានហូរច្រោះនិងបាត់បង់»។
ថ្លែងនៅក្នុងមជ្ឈមណ្ឌល AmCam ដែលមានទីតាំងក្បែរស្ថានទូតអាមេរិក ក្បែរនៅវត្តភ្នំ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងរបស់យុវជនកម្ពុជាអំពីសហរដ្ឋអាមេរិកនោះ លោក Turley បានបន្តដោយហាក់ចង់និយាយសំដៅទៅលើប្រទេសចិន ក្នុងខ្លឹមសារដើមថា៖
«ខ្ញុំក៏ចង់កត់សម្គាល់ផងដែរថា សហរដ្ឋអាមេរិកមានការតាំងចិត្តជាពន្លឹកចំពោះអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះយើងមុខជាមានក្ដីបារម្ភ នៅពេលដែលយើងបានឃើញអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាកំពុងត្រូវបានហូរច្រោះបាត់បង់ នៅពេលយើងឃើញវត្តមានយោធាបរទេសដែលចេះតែកើនឡើង នៅពេលដែលបណ្ដាក្រុមហ៊ុនបរទេសចូលរួមចំណែក ឬក៏មានការពាក់ព័ន្ធក្នុងអំពើពុករលួយ រំលោភបំពានដីធ្លី កម្លាំងពលកម្ម និងវិធានការត្រួតពិនិត្យបរិស្ថាន»។
នៅសប្ដាហ៍នេះ នាកិច្ចប្រជុំកំពូលពិសេសអាមេរិកអា៊សាន នៅរដ្ឋធានីវ៉ាស៊ីនតោន នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ត្រូវគេរំពឹងថា នឹងជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) របស់សហរដ្ឋអាមេរិកជាលើកដំបូងនៅក្នុងរយៈពេល ១៥ ខែ ចាប់តាំងពីលោក បៃដិន បានចូលកាន់តំណែងកាលពីខែមករា ឆ្នាំ ២០២១ មក។
ក្នុងអំឡុងពេល ១៥ ខែមកនេះ ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋបាលលោក បៃដិន និងរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបានក្រុមអ្នកតាមដានអង្កេតឃើញថា នៅតែបន្តរកាំរកូសដោយវត្តមានឥទ្ធិពលរបស់ចិននៅប្រទេសកម្ពុជា និងស្ថានភាពប្រជាធិបតេយ្យធ្លាក់ដុនដាបនៅក្នុងប្រទេស។
លោក បោង ច័ន្ទសម្បត្តិ គ្រូឧទ្ទេសនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងប្រាប់វីអូអេក្នុងសម្តីដើមថា៖
«ដោយសារតែសហរដ្ឋអាមេរិកបន្តរក្សាក្រសែទស្សនៈរឹងត្អឹងមកលើកម្ពុជា ក្នុងបរិបទនៃការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងខ្លួននិងចិន សតិអារម្មណ៍ក្នុងចំណោមអ្នកកាន់នយោបាយការបរទេសរបស់សហរដ្ឋអាមេរិក នៅតែបន្តមានភាពអវិជ្ជមានជាប់ជាប្រចាំ។ ការណ៍នេះនាំទៅដល់ការយល់ខុសយ៉ាងជ្រាលជ្រៅអំពីចរិតលក្ខណៈនៃនយោបាយការបរទេសរបស់កម្ពុជា និងគោលជំហររបស់កម្ពុជាចំពោះចិននិងសហរដ្ឋអាមេរិក»។
អ្នកជំនាញនយោបាយការបរទេសកម្ពុជារូបនេះ បានបន្តថ្លែងក្នុងសម្តីដើមទៀតថា រដ្ឋាភិបាលលោក ហ៊ុន សែន ហាក់យល់ច្បាស់អំពីហានិភ័យផ្លូវនយោបាយនិងផ្លូវសន្ដិសុខ ដែលបង្កឡើងដោយសារតែការផ្សារភ្ជាប់ខ្លួនជ្រុលហួសហេតុជាមួយនឹងមហាអំណាចភូមិសាស្ត្រនយោបាយណាមួយ។ ក្នុងនោះ រួមមានអាមេរិកគាំទ្ររបប លន់ នល់ ដ៏ពុករលួយនៅដើមទសវត្សរ៍ឆ្នាំ ៧០ បន្ទាប់មកចិនគាំទ្ររបបខ្មែរក្រហមដ៏ឃោរឃៅយង់ឃ្នង់ និងក្រោយមក វៀតណាមចូលកាន់កាប់ប្រទេសកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្តួលរលំ។
«ការយល់ឃើញខុសដែលថា កម្ពុជាគឺជាកូនជឹងរបស់ប្រទេសចិននោះ បានបង្កមិនឱ្យមានភាពចម្រើនទៅមុខ ហើយបង្កនូវស្ថានភាពយ៉ាប់យ៉ឺនដល់ផលប្រយោជន៍នយោបាយការបរទេសរបស់កម្ពុជា របស់សហរដ្ឋអាមេរិក និងទំនាក់ទំនងរួមរបស់ប្រទេសទាំងពីរ»។
ទោះបីរដ្ឋបាលលោក បៃដិន បានផ្ដោតយកចិត្តទុកដាក់ ហើយសន្យាថានឹងបង្កើនទំនាក់ទំនងទ្វេដងជាមួយតំបន់អាស៊ីអាគ្នេយ៍យ៉ាងណាក្ដី ក៏លោក បោង ច័ន្ទសម្បត្តិ បានលើកឡើងថា ពាក់ព័ន្ធនឹងគោលនយោបាយអាមេរិកចំពោះកម្ពុជា គឺជាគ្រាន់តែជាការបន្តវេនពីរដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) តែប៉ុណ្ណោះ ដែលបានតិះតៀនការធ្លាក់ចុះនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យទូទាំងប្រទេសកម្ពុជា និងដាក់ទណ្ឌកម្មមន្ត្រីជំនិតៗ ដែលស្មោះស្ម័គ្រជាមួយលោក ហ៊ុន សែន។
ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រើធម៌ក្ដៅជាមួយទណ្ឌកម្មចំគោលដៅលើនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង មេអង្គរក្សលោក ហ៊ុន សែន និងនាយឧត្ដមសេនីយ៍ចូលនិវត្តន៍ គន់ គីម អតីតនាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងឧកញ៉ា ទ្រី ភាព ដែលកាក់កបក្នុងជំនួញឈើ ក្រោមហេតុផលផ្សេងៗគ្នា រួមទាំងករណីរំលោភសិទ្ធិមនុស្ស ការចូលដៃជើងជាមួយក្រុមហ៊ុនចិន និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ជាដើម។
តមកដល់ជំនាន់រដ្ឋបាលលោក ចូ បៃដិន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីយោធាជាន់ខ្ពស់ពីររូបទៀត រួមមាន នាយឧត្ដមសេនីយ៍ ចៅ ភិរុណ អគ្គនាយកសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាប្អូនប្រុសលោករដ្ឋមន្ត្រីការពារជាតិ ទៀ បាញ់ ផង។ ហេតុផលនៃទណ្ឌកម្មទាំងនោះគឺថា មន្ត្រីទាំងពីររូបជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងគម្រោងពង្រីកនិងធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្នុងខេត្តព្រះសីហនុ ដែលគាំទ្រដោយចិន។
សហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០១៩ មក បានសម្ដែងកង្វល់ជាហូរហែរថា គម្រោងខាងលើនៅរាម ទីដែលអគារជំនួយរបស់អាមេរិកពីរខ្នងត្រូវបានវាយចោលនោះ អាចជាផែនការដាក់មូលដ្ឋានយោធាចិននៅកម្ពុជា។ ជាច្រើនលើកច្រើនសា កម្ពុជាបានបដិសេធការសង្ស័យនេះ។
កាលពីខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ សហរដ្ឋអាមេរិកបានដាក់កំហិតលើការផ្គត់ផ្គង់អាវុធដល់ប្រទេសកម្ពុជា។ ហើយប៉ុន្មានខែមុននោះ រដ្ឋាភិបាលអាមេរិកក៏បានកាត់ផ្ដាច់កម្មវិធីផ្ដល់អាហារូបករណ៍យោធា ដែលផ្ដល់ឱ្យយោធិនកម្ពុជាទៅសិក្សាវិជ្ជាទ័ពនៅសហរដ្ឋអាមេរិកផងដែរ។
កម្ពុជាទើបត្រូវបានដាក់ពិន្ទុជាប្រទេសដែលមានវត្តមានឥទ្ធិពលចិនខ្ពស់បំផុត។ នេះបើយោងតាមសន្ទស្សន៍ដែលសិក្សារៀបរៀងដោយគ្រឹះស្ថានសង្គមស៊ីវិល Doublethink Lab ដែលបានសិក្សាលើសម្រាំងប្រទេសចំនួន ៣៦ ទូទាំងពិភពលោក និងបានចេញផ្សាយកាលពីខែមេសា។ ដើម្បីកំណត់សន្ទស្សន៍ខាងលើ ក្រុមអ្នកសិក្សាបានពិនិត្យវាយតម្លៃលើវត្តមានចិនក្នុងប្រទេសនីមួយៗ លើវិស័យនានា រាប់ចាប់តាំងពីវិស័យយោធាដល់វិស័យនយោបាយ និងពីវិស័យអប់រំសិក្សាធិការដល់វិស័យបច្ចេកវិទ្យា។
លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ហ៊ុន សែន បាននិយាយថា មិនថាប្រទេសចិន មិនថាសហរដ្ឋអាមេរិក កម្ពុជាមិនស្វាគមន៍ឱ្យមានវត្តមានយោធាបរទេសដាក់មូលដ្ឋានលើទឹកដីខ្លួនឡើយ។
មន្ត្រីកម្ពុជារូបនេះបានប្រាប់វីអូអេ ក្នុងសម្ភាសន៍មួយកាលពីខែកុម្ភៈថា៖ «កម្ពុជាបានរៀនសូត្រច្បាស់ណាស់អំពីផលវិបាកនៃមូលដ្ឋានរបស់បរទេស ទោះជាផ្លូវការឬក្រៅផ្លូវការ ក៏បង្កឱ្យកម្ពុជាធ្លាក់ទៅចូលសង្គ្រាម»។
លោក ផៃ ស៊ីផាន បន្តថា វាជាប្រការ «មិនអាចទទួលយកបាន» នោះទេ ក្នុងការធ្វើសេចក្ដីសន្និដ្ឋានចោទថា ទំហំវិនិយោគនិងវត្តមានចិននៅកម្ពុជា នាំឱ្យរដ្ឋាភិបាលកម្ពុជា «លក់អធិបតេយ្យភាព» ឱ្យរដ្ឋាភិបាលចិននោះ។ លោកយល់ឃើញថា សហរដ្ឋអាមេរិក និងកម្ពុជា ហាក់តស៊ូក្រាញននាលយ៉ាងលំបាកលំបិន ដើម្បីស្វែងយល់ពីគ្នាតាំងពីទសវត្សរ៍ឆ្នាំ ៥០ មក។
អស់ជិត ៤ ទសវត្សរ៍កន្លងទៅនៃការស្ថិតក្នុងអំណាច លោក ហ៊ុន សែន បានបង្ហាញថា លោក ជាអ្នកការទូតដ៏ស្ទាត់ជំនាញមួយរូប ទោះបីជាបានប្រកាន់យកអភិក្រមឥតត្រាប្រណីជាប់ជាហូរហែជាមួយអ្នកជំទាស់នៅក្នុងស្រុកយ៉ាងណាក្ដី ដោយលោកតែងសន្យាធ្វើកំណែទម្រង់ក្នុងកម្រិតមួយ ដែលអាចធ្វើឱ្យបណ្ដាម្ចាស់ជំនួយពីបស្ចិមប្រទេស នៅចង់រក្សាទំនាក់ទំនងជាមួយនិងបន្សាយកង្វល់រឿងគាបសង្កត់ទាំងនោះ។ តែអ្នកតាមដានបានអង្កេតឃើញថា ការងាកចុងក្រោយបង្អស់នេះរបស់លោក ហ៊ុន សែន ទៅរកចិន បូករួមនឹងការយកឈ្នះដោយវិធីនានាលើដៃគូប្រជែងនយោបាយ ហាក់បោះត្រាកំណត់ជោគវាសនានៃដំណាក់កាលរបបអាជ្ញានិយមផ្ដាច់ការយូរអង្វែងនៅកម្ពុជា។
លោក ផៃ ស៊ីផាន ដែលជាពលរដ្ឋអាមេរិកដើមកំណើតខ្មែរមួយរូបផងដែរនោះ បានលើកឡើងថា រដ្ឋាភិបាលអាមេរិកត្រូវការរដ្ឋាភិបាលកម្ពុជា មិនអាចខ្វះបាន នៅក្នុងការសម្រេចការងារនានាជាមួយប្លុកអាស៊ានទាំងមូល។
«សហរដ្ឋអាមេរិកក៏ត្រូវការកម្ពុជាដែរ ពីព្រោះកម្ពុជាក៏មានសំឡេងមួយនៅក្នុងសមាគមប្រជាជាតិអាស៊ាន ឈរនៅលើមូលដ្ឋានគ្រឹះនៃកុងសង់ស៊ីស។ បើសិនជាគោលនយោបាយយកកម្ពុជាជាសត្រូវ យើងពិបាកនឹងធ្វើការជាមួយអាស៊ាន ពីព្រោះកម្ពុជាក៏មានសិទ្ធិក្នុងការបញ្ចេញមតិប្រឆាំងនឹងដំណើរការនៃអាស៊ានបូកជាមួយសហរដ្ឋអាមេរិក»។
យ៉ាងណាក៏ដោយ ទោះបីជាតឹងមាត់តឹងសម្ដីចោទអាមេរិករឿងលូកលាន់ចូលកិច្ចការផ្ទៃក្នុងយ៉ាងណាក្ដី កម្ពុជាក៏បានបង្ហាញជំហរចង់ស្ដារទំនាក់ទំនងជាមួយអាមេរិកផងដែរ។ តាំងពីឆ្នាំ ២០១៩ មក រដ្ឋាភិបាលលោក ហ៊ុន សែន បានជួលក្រុមហ៊ុន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកយ៉ាងហោចបីហើយ ដើម្បីព្យាយាមឡប់ប៊ីបញ្ចុះបញ្ចូលក្រុមអ្នកមុខអ្នកការនៅទីក្រុងវ៉ាស៊ីនតោន និងទាក់ទាញវិនិយោគិនអាមេរិកាំងឱ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។
ចង់មិនចង់ សហរដ្ឋអាមេរិកជាទីផ្សារនាំចេញចម្បងបំផុតមួយរបស់កម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីជាទំនិញបានឡើងដល់កម្រិត ៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ជាការកើនឡើងពីទំហំជិត ៧ ពាន់លានដុល្លារនៅឆ្នាំ ២០២០។ កំណើននេះកើតមានបាន ទោះបីជាឋានៈអនុគ្រោះពន្ធ GSP របស់កម្ពុជានាំទៅសហរដ្ឋអាមេរិក មិនទាន់ត្រូវបានបន្តដោយអាមេរិកតាំងពីដើមឆ្នាំ ២០២១ ក៏ដោយ។
លោក ស៊ុន គីម គ្រូឧទ្ទេសនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លើកឡើងថា លោកមិនមានជំនឿឡើយថា កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននៅប៉ុន្មានថ្ងៃខាងមុខនេះ ថានឹងនាំលទ្ធផលអ្វីជាដុំកំភួន នៅក្នុងការស្ដារទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក។
អ្នកជំនាញរូបនេះបានប្រាប់វីអូអេថា៖ «និយាយដោយស្មោះទៅ គឺខ្ញុំយល់ព្រម បានន័យថា ខ្ញុំយល់ស្របជាមួយនឹងការលើកឡើងដែលគេថា អាមេរិកចាប់ផ្ដើមផ្ដោតលើកម្ពុជា គឺដោយសារតែចិន មិនមែនដោយសារតែរឿងប្រជាធិបតេយ្យ ឬក៏មិនមែនដោយសារតែកម្ពុជាខ្លួនឯងផ្ទាល់»។
លោក ស៊ុន គីម បានបន្តថា៖ «ក្នុងរយៈពេលទាំងវែងទាំងខ្លី សម្រាប់ខ្ញុំ ទំនាក់ទំនងកម្ពុជានិងអាមេរិក នឹងមិនអាចរកឃើញភាពធូរស្បើយទេ នឹងនៅតែចុះឡើងៗ ដោយសារតែអី? ដោយសារតែកម្ពុជានៅមានភាពមិនទុកចិត្តជាមួយអាមេរិក ហើយអាមេរិកនៅតែមិនបន្ទន់ជំហរ នៅតែប្រើយុទ្ធសាស្ត្រចាប់បង្ខំលើកម្ពុជា ដែលកម្ពុជាយល់ថាជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា»។
បណ្ឌិត ផាត់ កុសល សាស្ត្រាចារ្យរងជំនាញវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យក្រុងញូវយ៉ក CUNY បានប្រាប់វីអូអេថា លោកមិនយល់ស្របថា «កត្តាចិន»ជាបញ្ហា «ស៊ីសង» កំណត់ផ្លូវដើររវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលអាមេរិកនោះទេ។ លោកថា ការណ៍ដែលរដ្ឋបាលលោក បៃដិន ជំរុញឱ្យអនុវត្តលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សទៅវិញទេ ដែលនាំឱ្យមើលមុខមិនចំ ជាមួយរដ្ឋាភិបាលកម្ពុជា។
អ្នកស្រាវជ្រាវរូបនេះបានប្រាប់វីអូអេក្នុងសារអ៊ីមែល តាមអត្ថន័យដើមទាំងស្រុងថា៖ «ភាពខុសគ្នាលើទិដ្ឋភាពគុណតម្លៃនយោបាយនិងមនោគមវិជ្ជានឹងបន្តជារនាំងរាំងស្កាត់ការឈានទៅសម្រេចបានទំនាក់ទំនងជិតស្និទ្ធជាងនេះ រវាងសហរដ្ឋអាមេរិកនិងកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច»។
បណ្ឌិត ផាត់ កុសល បានបន្តទៀតថា កិច្ចខិតខំប្រឹងប្រែងក្នុងពេលថ្មីៗនេះដោយរដ្ឋាភិបាលកម្ពុជា ក្នុងការបោះដៃទៅកសាងស្ថាបនាចំណងវិនិយោគនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ កូរ៉េខាងត្បូង ជប៉ុន និងឥណ្ឌាជាដើម បង្ហាញថាភ្នំពេញកំពុងព្យាយាមធ្វើពិពិធកម្មបង្កើនដៃគូសេដ្ឋកិច្ចនិងបន្ថយការជាប់ពាក់ព័ន្ធក្នុងការប្រឡងប្រជែងរវាងចិននិងអាមេរិក។
លោកបានបន្តថា៖ «ជំនួបកំពូលនាពេលខាងមុខអាចជាឱកាសសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ដើម្បីចាប់ផ្ដើមឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដោយផ្ដោតលើទិដ្ឋភាពនានាជាប្រយោជន៍រួម ដូចជា ការបញ្ជាក់ពង្រឹងឡើងវិញនៃសណ្ដាប់ធ្នាប់អន្តរជាតិដែលពឹងផ្អែកលើច្បាប់ទម្លាប់ មជ្ឈភាពអាស៊ានក្នុងរកដំណោះស្រាយសន្ដិវិធីលើជម្លោះក្នុងតំបន់ ពាណិជ្ជកម្ម-ការវិនិយោគ និងទិដ្ឋភាពមិនសូវប៉ះពាល់នយោបាយផ្សេងទៀត ដូចជាការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា»។
លោក Derek Grossman អ្នកវិភាគជាន់ខ្ពស់ផ្នែកសន្ដិសុខ នៅសាជីវកម្មស្រាវជ្រាវ RAND បានលើកឡើងថា ដើម្បីប្រកួតនឹងប្រទេសចិននៅក្នុងតំបន់ សហរដ្ឋអាមេរិកគួរពិនិត្យពិច្ច័យឡើងវិញលើគោលនយោបាយផ្អែកគុណតម្លៃដែលខ្លួនកំពុងអនុវត្តជាមួយកម្ពុជា ដោយយកគំរូនៃការទាក់ទងរបស់ខ្លួនជាមួយវៀតណាមកុម្មុយនិស្ដជាលំអានស្រាប់។
លោកប្រាប់វីអូអេថា រដ្ឋបាលលោក បៃដិន ទំនងជាបានគិតនិងសន្និដ្ឋានថា កម្ពុជាបានជាប់ខ្លួនក្នុងគន្លងគោចរយុទ្ធសាស្ត្រចិន ហើយមិនអាចប្រកួតយកបានមកវិញនោះទេ។ តែលោកយល់ស្របថា អាមេរិកត្រូវចាប់ផ្ដើមឡើងវិញនូវទំនាក់ទំនងជាមួយកម្ពុជា ទោះជាខ្លួនពិបាកធ្វើការជាមួយលោក ហ៊ុន សែន ក៏ដោយ។ បើតាមលោក Grossman ឱកាសស្ដារទំនាក់ទំនងអាចមានលទ្ធភាព ពេលលោក ហ៊ុន សែន ចាកចេញពីតំណែង ហើយកូនប្រុសរបស់លោក ចូលកាន់អំណាចបន្ត។
លោក បោង ច័ន្ទសម្បតិ្ត យល់ថា ទោះជាអាមេរិកចង់ធ្វើការរបៀបណាជាមួយកម្ពុជាក៏ដោយ ក៏ប្រការសំខាន់នោះ គឺនៅខាងកម្ពុជាឯនេះ គណបក្សគ្រប់គ្រងប្រទេស នឹងបន្តកាន់អំណាចតទៅថ្ងៃអនាគត។
«ថាតើអាមេរិកអាចទទួលយកស្ថានភាពកំណត់នៃនយោបាយបច្ចុប្បន្នក្នុងប្រទេសកម្ពុជាឬអត់នោះ វាអាស្រ័យទៅលើអ្នកតាក់តែងគោលនយោបាយអាមេរិកខ្លួនឯងក្នុងការគូសវាសសម្រេច។ អ្វីដែលខ្ញុំចង់បញ្ជាក់ត្រង់នេះគឺថា គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នជាកម្លាំងនយោបាយដែលមានការរៀបចំរឹងមាំនិងឥទ្ធិពលលើសលប់បំផុតនៅកម្ពុជា ហើយបក្សនេះនឹងបន្តស្ថានភាពបែបនេះនៅពេលច្រើនឆ្នាំឬច្រើនទសវត្សរ៍ទៅខាងមុខទៀត។ ដូច្នេះបើចង់ធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយកម្ពុជា អាមេរិកត្រូវធ្វើការជាមួយគណបក្សប្រជាជនកម្ពុជា»៕