ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅក្នុងទស្សនកិច្ចលើកដំបូងបង្អស់របស់លោកទៅកាន់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។ នៅក្នុងទស្សនកិច្ចដែលមានរយៈពេល ៦ ថ្ងៃនេះ លោក Biden នឹងជួបជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង ដែលទើបតែឡើងកាន់តំណែង លោក Yoon Suk-yeol ដើម្បីគូសបញ្ជាក់អំពីសម្ពន្ធភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង និងកិច្ចខិតខំប្រឹងប្រែងនានារបស់សហរដ្ឋអាមេរិកនៅក្នុងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាមួយនឹងតំបន់អាស៊ី។
ក្រោយពីយន្ដហោះដឹកប្រធានាធិបតីសហរដ្ឋអាមេរិក Air Force ចុះចតកាលពីថ្ងៃសុក្រនៅមូលដ្ឋានកងទ័ពជើងអាកាស Osan ក្នុងទីក្រុង Pyeongtaek ដែលមានចម្ងាយប្រមាណ ៥៥ គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូល លោក Biden បានចាប់ផ្ដើមធ្វើទស្សនកិច្ចភ្លាមៗទៅកាន់រោងចក្រSamsung Pyeongtaek ដែលជារោងចក្រផលិតបន្ទះអេឡិចត្រូនិក semiconductor ធំជាងគេបង្អស់នៅលើពិភពលោក។ រោងចក្រនេះគឺជាគំរូសម្រាប់រោងចក្រផលិតបន្ទះឈីបកុំព្យូទ័រដែលមានតម្លៃជាទឹកប្រាក់ ១៧ ពាន់លានដុល្លារ ដែលក្រុមហ៊ុន Samsung កំពុងសាងសង់នៅជាយក្រុង Austin ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក។
នៅក្នុងសុន្ទរកថាក្រោយពីទស្សនកិច្ចទៅកាន់រោងចក្រនោះដែលបានបង្ហាញនូវបន្ទះឈីបថ្មីប្រភេទ 3-nanometer ដល់លោក លោក Biden បានហៅសម្ពន្ធភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថាជា «គ្រឹះនៃសន្ដិភាព ស្ថិរភាព និងភាពរុងរឿង»។ លោក Biden និងលោក Yoon បានប្ដេជ្ញាធ្វើការជាមួយគ្នាដើម្បីពង្រឹងសង្វាក់ផ្គត់ផ្គង់នៃបន្ទះអេឡិចត្រូនិក semiconductors និងឧបករណ៍សំខាន់ៗដទៃទៀត។ បច្ចុប្បន្ននេះ មានការខ្វះខាតបន្ទះឈីបនៅទូទាំងពិភពលោកដោយសារតែការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។ បន្ទះឈីបទាំងនេះត្រូវបានប្រើប្រាស់នៅក្នុងគ្រឿងអេឡិចត្រូនិក និងយាន្ដយន្ដនានា។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងគឺស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្ម និងវិនិយោគធំបំផុតទៅវិញទៅ មក ដែលមានការវិនិយោគដោយផ្ទាល់ជាង ៦២ ពាន់លានដុល្លារពីបណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូងនៅក្នុងសហរដ្ឋអាមេរិក គិតត្រឹមឆ្នាំ ២០២០ កន្លងទៅនេះ។
មេដឹកនាំទាំងពីរជួបគ្នាម្ដងទៀតនៅថ្ងៃសៅរ៍ ដើម្បីពិភាក្សាគ្នាទៅលើបញ្ហាទូលំទូលាយជាងនេះ ដែលរួមមានទាំងពីបញ្ហាកូរ៉េខាងជើង និងផែនការក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Economic Framework) ផងដែរ។ ក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះគឺជាចំណុចសំខាន់បំផុតនៃគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ ចាប់តាំងពីរដ្ឋបាលរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) កាលពីឆ្នាំ ២០១៧ មក។ កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកនេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលរដ្ឋបាលរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama បានដាក់ឱ្យអនុវត្តកាលពីឆ្នាំ ២០១៦។
ខណៈដែលកូរ៉េខាងត្បូងមិនទំនងជានឹងបន្ធូរបន្ថយទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងចិនទេនោះ ការគាំទ្ររបស់កូរ៉េខាងត្បូងចំពោះក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺមានសារៈសំខាន់។ ក្របខណ្ឌនេះជាយន្ដការប្រឆាំងតបតផ្នែកសេដ្ឋកិច្ចរបស់រដ្ឋបាលលោក Biden ទៅនឹងប្រទេសចិន។
ក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលគ្រោងនឹងសម្ពោធដាក់ឱ្យអនុវត្តនៅថ្ងៃចន្ទខាងមុខនេះនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន បានរងការរិះគន់អំពីកង្វះខាតមាត្រាអំពីផ្នែកចូលទីផ្សារ ដែលធ្វើឱ្យក្របខណ្ឌសេដ្ឋកិច្ចនេះមិនសូវទទួលបានការចាប់អារម្មណ៍ដូចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ដែលមានរួចហើយ ដូចជា កិច្ចព្រមព្រៀងទូលំទូលាយនិងវិវឌ្ឍនភាពសម្រាប់ភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (Comprehensive and Progressive Agreement for Trans-Pacific Partnership) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ហៅកាត់ថា RCEP (Regional Comprehensive Economic Partnership) ជាដើម។
ទីប្រឹក្សាសន្ដិសុខជាតិនៃសេតវិមានលោក Jake Sullivan បានច្រានចោលការរិះគន់នេះ ដោយនិយាយថា ក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះនឹងផ្ដល់នូវ «ការជំរុញយ៉ាងខ្លាំងក្លា និងសន្ទុះគាំទ្រ» ចំពោះគំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោកបានថ្លែងប្រាប់ VOA ថា៖ «ការណ៍នេះនឹងក្លាយជាគំរូថ្មីនៃការរៀបចំសេដ្ឋកិច្ច ដែលនឹងកំណត់នូវលក្ខខណ្ឌ និងបទបញ្ញត្តិជាបន្តបន្ទាប់សម្រាប់ពាណិជ្ជកម្ម បច្ចេកវិទ្យា និងសង្វាក់ផ្គត់ផ្គង់សម្រាប់សតវត្សរ៍ទី ២១ នេះ»។
នៅក្នុងតំបន់អាស៊ី លោក Biden នឹងធានាសាជាថ្មីឡើងវិញនូវការប្ដេជ្ញារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ និងប្រើប្រាស់វិបត្តិអ៊ុយក្រែនជាសញ្ញាណថា ការផ្លាស់ប្ដូរជាឯកតោភាគីទៅកាន់ស្ថានភាពណាមួយដោយបង្ខំ មិនថានៅក្នុងកោះតៃវ៉ាន់ ឬនៅតាមប្រជុំកោះមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងនោះទេ គឺជាការណ៍ដែលមិនអាចទទួលយកបាននោះទេ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា