ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងនិងជប៉ុនរយៈពេល៦ថ្ងៃដើម្បីបង្កើនទំនាក់ទំនងជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ខណៈដែលបញ្ជូនសារដ៏ច្បាស់មួយដល់ប្រទេសចិនផងដែរពីផលវិបាកនៃការចូលឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនអាចផ្តល់ឱ្យរដ្ឋាភិបាលក្រុងប៉េកាំងគិតពិចារណាឡើងវិញពីការបង្ហាញឥទ្ធិ ពលយោធារបស់ខ្លួនក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌ មាន AP។
លោកBiden នឹងចេញដំណើរនៅថ្ងៃព្រហស្បតិ៍នេះហើយមានគម្រោងជួបប្រធានាធិបតីជាប់ឆ្នោតថ្មីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida។ ជំនួបពិភាក្សារបស់មេដឹកនាំទាំងនេះនឹងផ្តោតលើវិស័យពាណិជ្ជកម្ម ការបង្កើនសង្វាក់ផ្គត់ផ្គង់សាកលដែលរឹងមាំមួយ ក្តីកង្វល់ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏ដូចជាការផ្ទុះការរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកុម្មុយនីស្តមួយនេះផងដែរ។
ខណៈពេលស្ថិតនៅក្នុងប្រទេសជប៉ុន លោក Biden ក៏នឹងជួបផងដែរជាមួយមេដឹកនាំនៃប្រ ទេសសម្ពន្ធមិត្តយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកដែលមានឈ្មោះថា Quad ដែលរួមមាន៤ប្រទេសគឺប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុននិងអាមេរិក។
ទីប្រឹក្សាសន្តិសុខសេតវិមានលោក Jake Sullivan និយាយថា «យើងគិតថា ដំណើរទស្សន កិច្ចនេះ នឹងបង្ហាញយ៉ាងពេញលេញនូវយុទ្ធសាស្ត្រក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់លោក Bidenក៏ដូចជាការបង្ហាញថា សហរដ្ឋអាមេរិកអាចដឹកនាំពិភពសេរីជាថ្មីម្តងទៀតក្នុងការ ឆ្លើយតបទៅនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ ទន្ទឹមនឹងនេះដែរ វាបានបង្ហាញពីគោលដៅនៃភាពដឹកនាំរបស់សហរដ្ឋអាមេរិកដែលមានប្រសិទ្ធភាពនិងមានគោលការណ៍ក្នុងការចូលរួមជាមួយតំបន់ ដែលបានកំណត់ពីអនាគតក្នុងសវត្សរ៍ទី២១នេះ»។
សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យមានភាពបន្ទាន់មួយអំពីប្រទេសចិនក្នុងចំណោមសម្ពន្ធមិត្តសំខាន់ៗរបស់អាមេរិកនៅតំបន់ប៉ាស៊ីហ្វិក។ ប្រទេសជាច្រើនបានមើលវិបត្តិដែលនឹងអាចកើតមានមកលើខ្លួនដែលការណ៍នេះមានសារៈសំខាន់ក្នុងការបង្ហាញដល់ប្រទេសចិនថា ខ្លួនមិនត្រូវព្យាយាមដើម្បីដណ្តើមកាន់កាប់ទឹកដីដែលមានជម្លោះតាមរយៈកម្លាំងយោធានោះឡើយ៕