អ្នកការទូតកំពូលម្នាក់របស់ចិនបានធ្វើការរិះគន់យ៉ាងខ្លាំងកាលពីថ្ងៃចន្ទនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ដ៏កម្រមួយជាមួយសហរដ្ឋអាមេរិក ដោយបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្កើត«សត្រូវតាមការស្រមើស្រមៃមួយ»ដើម្បីបង្វែការយកចិត្តទុកដាក់ពីបញ្ហានៅក្នុងប្រទេសនិងដើម្បីគាបសង្កត់ប្រទេសចិន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
នៅពេលដែលទំនាក់ទំនងកាន់តែអាក្រក់ទៅៗរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបង្អស់ទាំងពីររបស់ពិភពលោក លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានអញ្ជើញទៅដល់ទីក្រុង Tianjinភាគខាងជើងប្រទេសចិនដើម្បីចូលរួមជំនួបដោយផ្ទាល់ដែលក្រសួងការបរទេសអាមេរិកពណ៌នាថា «ជាការសន្ទនាដោយស្មោះត្រង់និងដោយចំហ»។
មិនមានលទ្ធផលជាក់លាក់ដែលបានព្រមព្រៀងគ្នានិងក្តីសង្ឃឹមនៃជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping បានត្រូវពិភាក្សា ទេ។ នេះបើតាមពួកមន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក Biden ដែលបាននិយាយបន្ទាប់ពីការចរចាដែលមានរយៈពេល៤ម៉ោង។
ភ្លាមៗបន្ទាប់ពីជំនួបកាលពីថ្ងៃចន្ទបានចាប់ផ្តើម បណ្តាញព័ត៌មានរដ្ឋចិនបានរាយការណ៍ពីកំណត់សម្គាល់ការប្រឈមមុខដាក់គ្នាដោយអនុរដ្ឋមន្ត្រីការបរទេសចិនលោក Xie Feng ដែលជាការឆ្លុះបញ្ចាំងនៃការឈ្លោះប្រកែកប្រហាក់ប្រហែលគ្នា ដោយក្រុមមន្ត្រីជាន់ខ្ពស់ចិនក្នុងអំឡុងពេលនៃកិច្ចប្រជុំកម្រិតខ្ពស់កាលពីខែមីនានៅក្នុងរដ្ឋ Alaska សហរដ្ឋអាមេរិក។
លោក Xie បានត្រូវបណ្តាញព័ត៌មានរដ្ឋចិនដកស្រង់សម្តីមកចុះផ្សាយថា៖ «សហរដ្ឋអាមេរិក ចង់បញ្ឆេះឲ្យមានគំនិតជាតិនិយមឡើងវិញដោយការធ្វើឲ្យចិនក្លាយជា«សត្រូវតាមការស្រ មើស្រមៃមួយ»។
ពួកមន្ត្រីរដ្ឋបាលសហរដ្ឋអាមេរិកបាននិយាយថា លោកស្រី Sherman បានបង្ហាញនូវការ ព្រួយកង្វល់របស់សហរដ្ឋអាមេរិកអំពីចំណាត់ការរបស់ចិនលើបញ្ហានានាចាប់តាំងពីក្រុងហុងកុង និងតំបន់ Xinjiang រហូតដល់ដែនដីទីបេ និងការវាយប្រហារតាមប្រព័ន្ធកំព្យូទ័រ។
លោកស្រី Sherman ដែលក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ដែរនោះ ក៏បានលើកឡើងពីការព្រួយកង្វល់នានារួមមានទាំងបញ្ហាដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មើលឃើញថាជាការគ្មានឆន្ទៈរបស់ចិនដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពពិភពលោកស្តីពីការស៊ើបអង្កេតដំណាក់កាលទី២នៃប្រភពនៃជំងឺកូវីដ១៩ និងការអនុញ្ញាតឲ្យបណ្តាញព័ត៌មានបរទេសចូលក្នុងប្រទេសចិន៕