ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Harris ប្រាប់​លោក Netanyahu ថា អ្នកស្រី​មាន «ក្ដី​បារម្ភ​យ៉ាងខ្លាំង» អំពី​ទំហំ​នៃ​ការ​ឈឺចាប់​នៅ​ហ្កាហ្សា


អនុ​ប្រធានាធិបតី​អាមេរិក​អ្នកស្រី Kamalas Harris និងនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu មុន​នឹង​កិច្ច​ប្រជុំ​មួយ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​កាលពីថ្ងៃទី​២៥ កក្កដា ឆ្នាំ២០២៤។
អនុ​ប្រធានាធិបតី​អាមេរិក​អ្នកស្រី Kamalas Harris និងនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu មុន​នឹង​កិច្ច​ប្រជុំ​មួយ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​កាលពីថ្ងៃទី​២៥ កក្កដា ឆ្នាំ២០២៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu នៅពេល​លោក​ទាំង​ពីរ​ព្យាយាម​ពិភាក្សា​លម្អិត​អំពី​សន្តិភាព​ជា​អចិន្ត្រៃយ៍​ដើម្បី​បញ្ចប់​ការ​ឈឺចាប់​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

នៅ​ពេល​នោះ អនុ​ប្រធានាធិបតី​អាមេរិក​អ្នកស្រី Kamalas Harris បាន​ប្រើ​ភាសា​ខ្លាំងៗ​ជាមួយ​លោក Netanyahuដោយ​និយាយ​ថា​អ្នកស្រី​មាន «ក្ដី​បារម្ភ​យ៉ាង​ខ្លាំង» អំពី​ទំហំ​នៃ​ការ​ឈឺចាប់​របស់​មនុស្ស​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

អ្នកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​នូវ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​របស់​ខ្ញុំ​អំពី​ទំហំ​នៃ​ការ​ឈឺចាប់​របស់​មនុស្ស​នៅ​ក្នុង​តំបន់​ហ្កាហ្សា រួមទាំង​ការ​ស្លាប់​របស់​ជន​ស៊ីវិល​ស្លូតត្រង់​ដ៏​ច្រើន​អនេក​ផងដែរ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ខ្ញុំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​របស់​ខ្ញុំ​អំពី​ស្ថានភាព​មនុស្សធម៌​ធ្ងន់ធ្ងរ​នៅ​ទីនោះ​ដោយ​មនុស្ស​ជាង ២ លាន​នាក់​កំពុង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​យ៉ាង​ខ្លាំង ហើយ​មនុស្ស​ជាង​កន្លះ​លាន​នាក់​ទៀត​កំពុង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​បន្ទាន់​ក្នុង​កម្រិត​មហន្តរាយ។ អ្វី​ដែល​បាន​កើតឡើង​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ក្នុង​រយៈពេល​ជាង ៩ ខែ​កន្លង​មក​នេះ​គឺ​មាន​លក្ខណៈ​មហន្តរាយ»។

ពាក្យ​ខ្លាំងៗ​របស់​អ្នកស្រី Harris ត្រូវ​បាន​បង្កើន​កាន់តែ​ខ្លាំងឡើង​ដោយ​ក្រុម​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​សេតវិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជំទាស់​ទៅនឹង​ប្រតិបត្តិការ​យោធា​របស់​លោក Netanyahuនៅ​ក្នុង​តំបន់​ហ្កាហ្សា​ហើយ​ចង់​ឱ្យ​លោក Biden ឈប់​គាំទ្រ​លោក Netanyahu។

សេតវិមាន​បាន​បញ្ជាក់​ថា ជំនួប​របស់​លោក Netanyahu ជាមួយ​លោក Bidenមាន​លក្ខណៈ​ផ្លែផ្កា ក៏ប៉ុន្តែ​មិន​បាន​លើកឡើង​ថា​ជំនួប​នេះ​ឈាន​ដល់​ការ​បំបែក​ភាព​ទាល់ច្រក​ណាមួយ​ទេ។

លោក John Kirby ទីប្រឹក្សា​ផ្នែក​សារគមនាគមន៍​សន្តិសុខ​ជាតិ​សេតវិមាន បាន​ប្រាប់ VOAថា៖ «នេះ​ជា​ការ​ពិភាក្សា​ដ៏​ល្អ​មួយ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី Netanyahu។ លោក​ប្រធានាធិបតី [Biden] មាន​ឱកាស​បង្ហាញ​ក្ដី​បារម្ភ​របស់​លោក​អំពី​ថាតើ​យើង​ដើរ​ដល់​កន្លែង​ណា​ហើយ​ទាក់ទិន​នឹង​កិច្ច​ព្រមព្រៀង​ឈប់បាញ់​គ្នា និង​មាន​បំណង​ចង់​ឱ្យ​កិច្ច​ព្រមព្រៀង​នេះ​សម្រេច​ឱ្យ​បាន​កាន់តែ​ឆាប់ ក៏​ដូចជា​ពិភាក្សា​អំពី​បញ្ហា​ជាច្រើន​ផ្សេង​ទៀត​ដូចជា​សកម្មភាព​បង្ក​អស្ថិរភាព​របស់​អ៊ីរ៉ង់​ជាដើម...»៕

អ្នកស្រី Begum Ersoz រួម​ចំណែក​ចំពោះ​សេចក្ដី​រាយការណ៍​នេះ​ពី​សេតវិមាន។ អ្នកស្រី Kim Lewis រួម​ចំណែក​ចំពោះ​សេចក្ដី​រាយការណ៍​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG