ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Netanyahu ​ថ្លែង​សុន្ទរកថា​ខ្លាំងៗ​នៅ​សភា​អាមេរិកាំង​ដើម្បី​ស្វែងរក​ការគាំទ្រ​សង្គ្រាម​នៅ​ហ្កាហ្សា


នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ Benjamin Netanyahu​ ថ្លែង​ទៅកាន់សភាអាមេរិក​នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។
នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ Benjamin Netanyahu​ ថ្លែង​ទៅកាន់សភាអាមេរិក​នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ Benjamin Netanyahu​ កំពុង​ព្យាយាម​ជំរុញ​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ការប្រយុទ្ធ​របស់​អ៊ីស្រាអែល​ប្រឆាំងនឹង​ក្រុមហាម៉ាស់​ និង​ក្រុម​សកម្ម​ប្រយុទ្ធ​ផ្សេង​ទៀត​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់នៅក្នុង​សុន្ទរកថាទៅ​កាន់​សភា​អាមេរិកាំង។

សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​ជាង​៥០​រូប​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​អង្គ​ប្រជុំ​រួម​របស់​សភាទេ ហើយ​មាន​បាតុករ​រាប់ពាន់​នាក់​បាន​ប្រមូលផ្តុំគ្នា​ជុំវិញ​វិមាន​សភា​កាលពី​ថ្ងៃពុធ​ដើម្បី​ថ្កោលទោស​សង្រ្គាម​នៅ​ហ្កាហ្សា​ និង​វិបត្តិ​មនុស្សធម៌​ដែល​សង្គ្រាម​នេះ​បាន​បង្កើត។

លោក ​Netanyahu​ ក៏ចង់​បង្ហាញរូបភាព​នៃ​រដ្ឋ​បុរស​ដ៏គួរឱ្យ​គោរព​មួយ​រូប​សម្រាប់អ្នករិះគន់​កាន់តែ​ខ្លាំង​ឡើង​នៅ​អ៊ីស្រាអែល។ ប៉ុន្តែ​កិច្ចការ​នោះ​មាន​ភាព​ស្មុគស្មាញ​ដោយសារ​ទស្សនៈ​បែកខ្ញែក​គ្នា​របស់​ពលរដ្ឋអាមេរិកាំងលើ​អ៊ីស្រាអែល ​និង​សង្រ្គាម​ដែល​បាន​លេចចេញ​ជា​បញ្ហា​សំខាន់​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក។

បាតុករ​រាប់រយ​នាក់ ​បាន​ប្រមូលផ្តុំគ្នា​កាលពី​ថ្ងៃពុធ ​នៅក្បែរ​អាគារ​រដ្ឋសភា​សហរដ្ឋ​អាមេរិក ​ថ្កោលទោស​សង្គ្រាម​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កាហ្សា ​និង​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ​នៅ​ប៉ុន្មានម៉ោង​មុនលោក​ឡើង​ថ្លែង​សុន្ទរកថា​ ទៅកាន់​សមាជិក​សភា។

បាតុករ​កាន់បដា​ដែល​សរសេរ​ថា ​«ចាប់ខ្លួន Netanyahu‍ ‍» ​និង​ថា ​«បញ្ចប់ជំនួយ​អាមេរិក​ទាំងអស់​ទៅឱ្យ​អ៊ីស្រាអែល។ ពួកគេ​នាំគ្នា​ស្រែក​ថា​ «ដោះលែង​ប៉ាឡេស្ទីន‍» មួយ​ថ្ងៃ​ក្រោយ​ពី​បាន​អង្គុយ​ធ្វើបាតុកម្ម ​នៅ​ក្នុង​អគារ​ការិយាល័យ​សភា​មួយ ​ដែល​បាន​បញ្ចប់​ទៅ​ដោយ​មាន​ការចាប់ខ្លួន​ជាច្រើន​នាក់។

បាតុករ​មួយ​ចំនួន​បានធ្វើ​រូបសំណាក​លោក Netanyahu ​យ៉ាង​ធំ​មួយ​ ដែល​មាន​ស្នែង​ និង​ឈាមហូរ​ចេញពី​មាត់​រូបសំណាក​នោះ។ ប៉ូលិស​ដែល​យាម​ល្បាត​តាម​បណ្តោយ​រុក្ខវិថី ​Pennsylvania ​បាន​នាំខ្លួន​មនុស្ស​មួយ​ចំនួន ​ដែល​បាន​អង្គុយ​លើ​ផ្លូវ ​ចេញ​ពី​កន្លែង។

មេដឹកនាំ​បាតុករ​បាន​និយាយ​ថា ​ផ្លូវកែង៦​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ឆ្ពោះ​ទៅកាន់​អគារ​សភា​ត្រូវ​បាន​«កាន់កាប់​ដោយ​ជនជាតិ​ប៉ាឡេស្ទីន‍»។ ក្រុម​អ្នករៀបចំ​បាតុកម្ម ​បាន​និយាយ​ពីមុន​មក​ថា ​ពួកគេព្យាយាម​រាំងផ្លូវ​របស់​លោក Netanyahu ទៅកាន់​អគារ​សភា។

អ្នកស្រី Zeina Hutchinson​ នាយិកា​គណៈ​កម្មាធិការ​អភិវឌ្ឍន៍​សម្រាប់​ការប្រឆាំង​នឹង​ការរើសអើង​លើ​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អារ៉ាប់ ​បាន​អាន​ឈ្មោះ​អ្នកកាសែត​ប៉ាឡេស្ទីន​ដែល​ត្រូវ​បាន​យោធា​អ៊ីស្រាអែល​សម្លាប់។

បាតុករ​ខ្លះ​បាន​ថ្កោលទោស​អ៊ីស្រាអែល​ប៉ុន្តែ​អ្នកខ្លះ​ទៀត ​បាន​សម្តែង​ការគាំទ្រ​ ស្របពេល​ជាមួយ​ការទាមទារ​ឱ្យ​លោក Netanyahu ​ធ្វើ​កិច្ចព្រមព្រៀង​ឈប់បាញ់​មួយ ​នៅក្នុង​សង្គ្រាម​ជាមួយ​ក្រុមហាម៉ាស់ ​ហើយ​នាំ​ខ្លួន​ជន​ចំណាប់​ខ្មាំង ​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំឃាំង​របស់​ពួក​កងជីវពល ​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​របស់​ពួកគេ​វិញ។

ប៉ូលិស​ការពារ​អគារ​សភា ​បាន​និយាយ​ថា​មនុស្ស​ប្រហែល​២០០​នាក់ ​ត្រូវ​បាន​ចាប់ខ្លួន​ កាលពី​ថ្ងៃអង្គារ ​ក្នុង​បទចោទ​ទាក់ទងនឹង​ការ​អង្គុយ​តវ៉ា​នៅក្នុង​អគារ​ការិយាល័យ​រដ្ឋសភា​មួយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG