រដ្ឋសភាសហរដ្ឋអាមេរិកត្រូវគេរំពឹងថានឹងអនុម័តលើសេចក្ដីសម្រេចមួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្គាប់លោកប្រធានាធិបតី Donald Trump កុំឲ្យប្រើកម្លាំងយោធាដើម្បីប្រឡូកនៅក្នុងជម្លោះជាមួយនឹងប្រទេសអ៊ីរ៉ង់។
ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi បានប្រកាសអំពីការបោះឆ្នោតលើសេចក្ដីសម្រេចនេះនៅក្នុងសេចក្ដីប្រកាសមួយដែលរិះគន់រដ្ឋបាលលោក Trump ទាក់ទិនទៅនឹងការវាយប្រហារតាមអាកាសកាលពីសប្ដាហ៍មុន ដែលបានសម្លាប់មេបញ្ជាការកងកម្លាំង Quds របស់អ៊ីរ៉ង់លោក Qassem Soleimani ដោយមិនបានប្រឹក្សាយោបល់ជាមុនជាមួយនឹងសភា។
អ្នកស្រីបានហៅការវាយប្រហារតាមអាកាសនេះថាជាទង្វើ «បង្កហេតុ និងមិនមានលក្ខណៈសមាមាត្រ» ដែលអាចបង្កគ្រោះថ្នាក់ដល់ទាហានអាមេរិកាំង និងមន្ត្រីការទូតអាមេរិកាំងនានា។
សេចក្ដីសម្រេចនេះស្នើឲ្យលោក Trump បញ្ឈប់ការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់ លុះត្រាណាសភាបានប្រកាសធ្វើសង្គ្រាម ឬក៏បានផ្ដល់ការអនុញ្ញាតតាមច្បាប់ ឬក៏លុះត្រាណាទង្វើយោធាដូចនេះគឺចាំបាច់នៅក្នុងការការពារសហរដ្ឋអាមេរិក ដែនដីរបស់សហរដ្ឋអាមេរិក ឬក៏ទាហានអាមេរិកាំង ពីការវាយប្រហារណាមួយដែលជិតនឹងកើតឡើង។
អ្នកស្រី Pelosi បានថ្លែងដូច្នេះថា៖ «រដ្ឋបាលរបស់លោក Trump ត្រូវតែធ្វើការជាមួយនឹងសភា ដើម្បីសម្រេចឲ្យបាននូវយុទ្ធសាស្ត្របន្ធូរបន្ថយជម្លោះដ៏មានប្រសិទ្ធភាពបន្ទាន់មួយ ដែលអាចរារាំងអំពើហិង្សាបន្ថែមទៀត»។ អ្នកស្រីបន្ថែមថា៖ «សហរដ្ឋអាមេរិក និងពិភពលោកទាំងមូលមិនអាចធ្វើសង្គ្រាមបានទេ»។
ដោយសារគណបក្សប្រជាធិបតេយ្យជាអ្នកគ្រប់គ្រងរដ្ឋសភា គេរំពឹងថាវិធានការនេះនឹងត្រូវបានអនុម័តដោយងាយស្រួល។ ប៉ុន្តែគេនៅមិនច្បាស់អំពីវាសនារបស់សេចក្ដីសម្រេចនេះនៅក្នុងព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ៕