ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសកាលពីថ្ងៃពុធម្សិលមិញថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្ម «ធ្ងន់ធ្ងរ» បន្ថែមទៀតលើប្រទេសអ៊ីរ៉ង់។ លោកបានប្រកាសដូច្នេះក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលលើមូលដ្ឋានទ័ពអាកាសពីរកន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលមានទាហានអាមេរិកាំងឈរជើងនៅទីនោះ ដើម្បីជាការសងសឹកចំពោះការណ៍ដែលសហរដ្ឋអាមេរិកសម្លាប់ឧត្ដមសេនីយ៍កំពូលរបស់ខ្លួនគឺលោក Qassem Soleimani។
លោក Trump បានថ្លែងនៅក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ពីសេតវិមានដូច្នេះថា៖ «ទណ្ឌកម្មទាំងនេះនឹងនៅតែដដែលរហូតទាល់តែពេលដែលប្រទេសអ៊ីរ៉ង់ផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួន»។
ប៉ុន្តែដោយសារតែអ៊ីរ៉ង់កំពុងរងទណ្ឌកម្មធ្ងន់ធ្ងរដែលធ្វើឲ្យប្រទេសនេះខាតបង់ថវិការាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗរួចទៅហើយនោះ សំណួរគឺថាតើរដ្ឋបាលរបស់លោក Trump អាចដាក់ទណ្ឌកម្មអ្វីបន្ថែមទៀតលើអ៊ីរ៉ង់?
លោក Kenneth Katzman អ្នកវិភាគអំពីអ៊ីរ៉ង់នៃវិទ្យាស្ថានគោលនយោបាយ Congressional Research Service បាននិយាយដូច្នេះថា៖ «នេះគឺជាសំណួរល្អណាស់ ដោយសារតែគ្រប់ផ្នែកទាំងអស់នៃសេដ្ឋកិច្ចរបស់អ៊ីរ៉ង់កំពុងរងទណ្ឌកម្មខ្លាំងក្លារួចទៅហើយនៅពេលឥឡូវនេះ។ ដូច្នេះខ្ញុំគិតថា អ្នកជំនាញនានារួមទាំងខ្លួនខ្ញុំផងដែរមានចម្ងល់ថាតើទណ្ឌកម្មអ្វីបន្ថែមទៀតដែលអាចធ្វើឡើងនោះ»។
លោក Katzman បានបន្ថែមថា ការនាំចេញឧស្ម័នធម្មជាតិរបស់អ៊ីរ៉ង់ ដែលនៅពេលបច្ចុប្បន្ននេះត្រូវបានលើកលែងពីការដាក់ទណ្ឌកម្ម អាចជាគោលដៅនៅក្នុងការដាក់ទណ្ឌកម្មថ្មីរបស់លោក Trump លើកនេះ ប៉ុន្តែករណីនេះនឹងប៉ះពាល់ដល់អ្នកទិញឧស្ម័នធម្មជាតិទាំងនោះដូចជាប្រទេសទួរគី ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកជាដើម។
សេតវិមានមិនបានផ្ដល់ព័ត៌មានលំអិតណាមួយអំពីការប្រកាសរបស់លោក Trump នេះទេ។ អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបាននិយាយថា អ្នកស្រីមិនមានព័ត៌មានណាមួយអំពីថាតើទណ្ឌកម្មបន្ថែមណាមួយដែលកំពុងស្ថិតក្រោមការពិចារណានោះឡើយ៕