ប្រធានាធិបតីអាមេរិកលោក Joe Biden បានស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida មកកាន់សេតវិមាននៅថ្ងៃពុធនេះសម្រាប់ទស្សនកិច្ចផ្លូវការមួយដែលមានបំណងបង្កើនទំនាក់ទំនងទ្វេភាគីដើម្បីទប់ទល់នឹងវិធានការគឃ្លើនរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក។
មេដឹកនាំទាំងពីរនឹងធ្វើសន្និសីទកាសែតរួមគ្នានៅសួនកុលាបនៃសេតវិមាននៅក្រោយការប្រជុំបិទទ្វាររបស់ពួកគេ។ គេរំពឹងថាលោកទាំងពីរនឹងប្រកាសអំពីផែនការនៅក្នុងការកែប្រែរចនាសម្ព័ន្ធបញ្ជាការដ្ឋានយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុនក្នុងគោលបំណងឆ្លើយតបឱ្យបានលឿនចំពោះវិបត្តិ។ បញ្ជាការដ្ឋានយោធាអាមេរិកនៅជប៉ុនមានទាហានអាមេរិកចំនួន ៥៤.០០០ នាក់កំពុងឈរជើង។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បាននិយាយក្នុងសន្និសីទកាសែតមួយនៅសេតវិមានកាលពីថ្ងៃអង្គារថា ទស្សនកិច្ចនេះ «គូសបញ្ជាក់អំពីមហិច្ឆតាដ៏ធំនៃសម្ព័ន្ធភាពរបស់យើង»។
លោក Sullivan បានបញ្ជាក់ថា លោក Biden និងលោក Kishida នឹងប្រកាសអំពីវិធានការពង្រឹង «កិច្ចសហប្រតិបត្តិការផ្នែកការពារនិងសន្តិសុខដើម្បីឱ្យមានការសម្របសម្រួលនិងសមាហរណកម្មកងកម្លាំងរបស់យើងកាន់តែប្រសើរជាងមុន និងឱ្យមានការធានាថា ពួកគេនៅឈរជើងនិងភ្ជាប់ទំនាក់ទំនងល្អបំផុតជាមួយដៃគូផ្សេងៗទៀតដែលមានចិត្តដូចគ្នា»៕