ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Buffalo ក្រោយ​ពីមានករណី​បាញ់​សម្លាប់​ដ៏​ធំ​មួយ​នៅ​ទី​នោះ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធរបស់មន្ត្រីសន្តិភាពជាតិ នៅបរិវេណខាងលិចនៃវិមានសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី ១៥ ខែឧសភា ឆ្នាំ ២០២២។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធរបស់មន្ត្រីសន្តិភាពជាតិ នៅបរិវេណខាងលិចនៃវិមានសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី ១៥ ខែឧសភា ឆ្នាំ ២០២២។

វ៉ាស៊ីនតោន — ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Buffalo ក្នុង​រដ្ឋ New York នៅ​ថ្ងៃ​អង្គារ​ស្អែកនេះ​ ដែល​នៅ​ទី​នោះ​អាជ្ញាធរ​កំពុង​ធ្វើ​ការស៊ើប​អង្កេតទៅ​លើ​ករណី​បាញ់​ប្រហារដ៏​ធំ​មួយ​នៅ​ក្នុង​ហាង​លក់​គ្រឿង​ទេសមួយ​កន្លែង។ ​លោក Biden បាន​ហៅ​ករណី​នេះ​ថា​ជា​ខ្មាន់​កំាភ្លើង «ដែលបំពាក់​ដោយអាវុធ​សង្រ្គាម​និង​ពោរពេញ​ដោយ​សេចក្តី​ស្អប់ខ្ពើម»។

លោក​ប្រធានាធិបតី​និង​ភរិយា​របស់​លោក នឹង​ចូលរួមការ​កាន់ទុក្ខ​ជាមួយ​សហគមន៍​នៅ​ទី​នោះ​ដែល​មនុស្ស ១០ នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការបាញ់​ប្រហារ​ដ៏​រន្ធត់​និង​គ្មានវិចារណញ្ញាណ​មួយ​នេះ​។ នេះ​បើតាម​ការ​ឱ្យដឹង​របស់​សេតវិមាន។

ថ្លែង​នៅសេតវិមាន​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក Biden និយាយ​ថា ក្រសួង​យុត្តិធម៌​អាមេរិក​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​សំណុំ​រឿង​នេះ ​ដែលជា​បទឧក្រិដ្ឋកម្ម​នៃ​ការស្អប់ខ្ពើម​និង​ជាសកម្មភាព​ដែលមាន​លក្ខណៈ​ប្រកាន់​ពូជសាសន៍​របស់​ក្រុម​ជ្រុលនិយម​ដែល​ចូលចិត្ត​ប្រើ​អំពើ​ហិង្សា​និង​ក្រុម​ជន​ស្បែកសប្រកាន់​ពូជសាសន៍​ ឬ White Supremacy។

លោក Biden បាន​បន្ថែម​ទៀត​ថា៖ «យើង​ត្រូវ​ធ្វើការ​នេះ​រួម​គ្នាដើម្បី​ដោះស្រាយ​ការស្អប់​គុំគួន​ ដែលនៅតែ​ដិតជាប់ក្នុង​ចិត្ត​នៅ​ក្នុង​ប្រទេស​អាមេរិក​នោះ»។

អគ្គលេខា​ធិការអង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ថ្កោលទោស​ការបាញ់​ប្រហារនោះ​ ដោយ​អ្នក​នាំពាក្យ​របស់​លោក ​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​នេះ​ថា លោក Guterres «មាន​ការ​រន្ធត់ចំ​ពោះ​ការបាញ់​ប្រហារដែល​បាន​សម្លាប់​មនុស្ស ១០ នាក់​ដែល​ជាអំពើ​ហិង្សា​ជ្រុលនិយមនិងការប្រកាន់​ពូជសាសន៍​ដ៏​ខ្លាំង​បំផុត​មួយ ​នៅ​ក្នុង​ទីក្រុង Buffalo»។

អាជ្ញាធរបាន​និយាយ​ថា ជន​ដៃដល់មាន​វ័យ ១៨ ឆ្នាំ​ មាន​ឈ្មោះ Payton Gendron ដែលរស់​នៅ​ក្នុង​ទីប្រជុំជន Conklin ក្នុង​រដ្ឋ New York ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៣៣០ គីឡូម៉ែត្រភាគ​អាគ្នេយ៍ពី​ទីក្រុង Buffalo។ ជនដៃ​ដល់​នោះ​ជា​ពលរដ្ឋ​អាមេរិកកាំង​ស្បែក​ស​ហើយ​ជន​រងគ្រោះ ១១ នាក់ ក្នុង​ចំណោម ១៣ ​នាក់ ​ជា​ពលរដ្ឋ​អាមេរិក​កាំង​ស្បែក​ខ្មៅ។

អភិបាល​ក្រុង Buffalo លោក Byron Brown បាន​ប្រាប់កម្មវិធី Face the Nation នៃទូរទស្សន៍ CBS ដែល​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា មន្ត្រី​ប៉ូលិស​កំពុង​ត្រួតពិនិត្យលើគ្រប់ទិដ្ឋភាពទាំង​អស់​ និង​ប្រវត្តិ​លម្អិតរបស់ជន​ដៃ​ដល់​ដើម្បីដាក់​បញ្ជូល​គ្នា​ទៅលើ​អ្វី​ដែល​បានកើត​មាន​ឡើង​ថា តើ​វា​កើត​ឡើង​យ៉ាង​ដូចមេ្តច​ ហើយ​អ្វី​ទៅ​ជា​ហេតុផលដែល​ជន​នេះ​បាន​មក​ដល់​ទីក្រុង Buffalo ដើម្បី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ដ៏​រន្ធត់​នេះ»។

អភិបាល​ក្រុង Buffalo លោក Byron Brown ដែល​ជា​ជន​ជាតិ​អាមេរិក​កាំង​ស្បែក​ខ្មៅ​ដំបូង​ដែលកាន់​តួនាទីជាចៅហ្វាយ​ក្រុង​នេះ​ បាន​និយាយ​ថា៖ «យើង​មាន​ការ​រន្ធត់​ជា​ខ្លាំង​ដែលខ្មាន់​កាំភ្លើង​ជា​ជនដែល​បើក​រថយន្ត​រាប់​រយគីឡូម៉ែត្រ​មក​ពី​ទី​ផ្សេង​ មិន​មែន​ជា​អ្នក​ដែលស្ថិត​នៅ​ក្នុង​សហគមន៍​នេះ​ ហើយ​មិន​ស្គាល់ច្បាស់​ពី​សហគន៍​នេះ​ និង​បាន​សម្លាប់ជន​ជាតិស្បែក​ខ្មៅ​ដ៏​ច្រើន​បែប​នេះ នៅ​ក្នុងអំពើ​ដែល​មាន​ចេតនានិង​ការគ្រោង​ទុក​ជា​មុន​មួយ»៕

XS
SM
MD
LG