ការបាញ់កាំភ្លើងកាលពីដើមខែមេសានៅក្នុងរដ្ឋ California ដែលបានបណ្តាលឱ្យមនុស្សបួននាក់ស្លាប់ ដោយមានរួមបញ្ចូលទាំងកុមារាអាយុ ៩ ឆ្នាំម្នាក់ផង ជាអំពើហិង្សាដោយកាំភ្លើងថ្មីមួយក្នុងចំណោមអំពើហិង្សាថ្មីៗមួយចំនួននៅសហរដ្ឋអាមេរិក ដែលជាបញ្ហាមួយដែលលោកប្រធានាធិបតី Joe Biden ស្វះស្វែងដោះស្រាយ។
លោក Biden ថ្លែងថា៖ «អំពើហិង្សាដោយកាំភ្លើងនៅក្នុងប្រទេសនេះ ជាជំងឺឆ្លងរាលដាលខ្លាំងមួយ»។
លោក Biden ស្វះស្វែងដោះស្រាយបញ្ហានេះតាមរយៈវិធានការណ៍នីតិប្រតិបត្តិមួយចំនួន ដែលរួមមានគោលដៅបញ្ឈប់ការរីកសាយភាយកាំភ្លើង ដែលគេអាចទិញផ្នែកផ្សេងៗតាមអនឡាយ ហើយផ្គុំគ្នាក្លាយទៅជាកាំភ្លើងដែលគ្មានលេខសម្គាល់ ហើយដែលគេហៅថា «កាំភ្លើងខ្មោច» ឬ Ghost guns នោះ។
លោកប្រធានាធិបតី Biden បានថ្លែងថា៖ «អ្នកណាក៏អាចទិញផ្នែកផ្សេងៗនៃកាំភ្លើងនេះបានដែរ មិនថាឧក្រិដ្ឋជន ឬភេវជនទេ ហើយគេអាចផ្គុំបានជាអាវុធមួយបានក្នុងពេលតែ ៣០ នាទី។ ខ្ញុំចង់ឱ្យមានការចាត់ទុកប្រដាប់ផ្គុំទាំងនេះ ជាអាវុធក្នុងច្បាប់គ្រប់គ្រងកាំភ្លើង»។
បទបញ្ជាទី ២ មានគោលបំណងគ្រប់គ្រងការលក់ដូរឧបករណ៍ដែលយកមកទប់នឹងស្មា ដើម្បីធ្វើឱ្យមានលំនឹង ហើយអាចជួយអ្នកបាញ់តម្រង់ឲ្យចំទីដៅ គឺស្រដៀងនឹងឧបករណ៍មួយដែលខ្មាន់កាំភ្លើងយកមកប្រើក្នុងការបាញ់ក្នុងរដ្ឋ Colorado ដែលបណ្តាលឱ្យមនុស្ស ១០ នាក់ ស្លាប់កាលពីខែមីនា។
បទបញ្ជានីតិប្រតិបត្តិកាលពីពេលមុនៗ ដើម្បីគ្រប់គ្រងផ្នែកផ្សេងៗនៃកាំភ្លើងមា នរួមបញ្ចូលការហាមប្រាមរបស់រដ្ឋបាលលោក Trump លើឧបករណ៍មួយ ហៅថា bump stocks ដែលបង្កើនល្បឿននៃការបាញ់កាំភ្លើងវែង។
ទោះជាបទបញ្ជានីតិប្រតិបត្តិរបស់លោក Biden មានសារៈសំខាន់ក៏ដោយ ក៏មានតែសភាទេ ដែលអាចអនុម័តសេចក្តីព្រាងច្បាប់បាន។ កាលពីពេលថ្មីៗនេះ សភាតំណាងរាស្ត្រអាមេរិកាំងដែលត្រួតត្រាដោយគណបក្សប្រជាធិបតេយ្យបានអនុម័តវិធានការសម្រាប់ពង្រីក និងបិទចន្លោះប្រហោងក្នុងការត្រួតពិនិត្យប្រវត្តិអ្នកសុំទិញកាំភ្លើង ក៏ប៉ុន្តែមានការគាំទ្រតិចតួចពីគណបក្សសាធារណរដ្ឋក្នុងព្រឹទ្ធសភា។
លោក Mitch McConnell មេដឹកនាំក្រុមសមាជិកភាគតិចខាងគណបក្សសាធារណរដ្ឋក្នុងព្រឹទ្ធសភា បានថ្លែងថា៖ «ខ្ញុំមិនចាប់អារម្មណ៍លើរឿងអ្វីដែលគ្មានប្រសិទ្ធិភាពទេ។ ម៉្យាងទៀតក៏មានការខ្វែងគំនិតគ្នាខ្លាំងជាយូរអង្វែងរវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ អំពីវិធីដោះស្រាយអំពើហិង្សាដោយការប្រើកាំភ្លើង»។
គ្មានសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងកាំភ្លើងត្រូវបានអនុម័ត ចាប់តាំងពីការហាមប្រាមរបស់រដ្ឋាភិបាលសហព័ន្ធកាលពីឆ្នាំ ១៩៩៤ លើកាំភ្លើងវែងដែលបានផុតកំណត់ កាលពីឆ្នាំ ២០០៤។ សេចក្តីព្រាងច្បាប់នោះមិនបានត្រូវបន្តទេ ដោយសារមានការជំទាស់ពីគណបក្សសាធារណរដ្ឋ និងក្រុមអ្នកបញ្ចុះបញ្ចូលឱ្យមានការគាំទ្រការប្រើកាំភ្លើងដែលមានអំណាចខ្លាំង។
លោក Jacob Charles នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាច្បាប់ស្តីពីកាំភ្លើងនៃសាលាច្បាប់នៅសាកលវិទ្យាល័យ Duke បានថ្លែងថា៖
«មានក្រុមធំមួយដែលនិយាយថា «យើងចង់ឱ្យមានការត្រួតពិនិត្យកាំភ្លើងច្រើនជាងមុន តែនេះមិនមែនជាបញ្ហាតែមួយសម្រាប់យើងទេ» ហើយក៏មានក្រុមដែលជំទាស់ខ្លាំងចំពោះការត្រួតពិនិត្យកាំភ្លើងគ្រប់បែបយ៉ាង។ ចំពោះអ្នកទាំងនោះ ពួកគេមិនអាចគាំទ្រអ្នកនយោបាយណាម្នាក់ដែលបោះឆ្នោតឱ្យមានការគ្រប់គ្រងតឹងរ៉ឹងជាងមុនលើកាំភ្លើងទេ។ ដូច្នេះភាពខុសគ្នានេះជាកត្តាធំមួយកាលពីពេលមុន។ ខ្ញុំយល់ថា ភាពខុសគ្នានេះមានតិចជាងមុនកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ»។
លោក Biden បានតែងតាំងលោក David Chipman ទីប្រឹក្សានៃក្រុមគ្រប់គ្រងកាំភ្លើងធំមួយ ឱ្យដឹកនាំការិយាល័យត្រួតពិនិត្យសុរាថ្នាំជក់ កាំភ្លើងនិងគ្រឿងផ្ទុះ ដែលជាទីភ្នាក់ងារមានមុខនាទីសំខាន់ក្នុងការគ្រប់គ្រងកាំភ្លើង។
លោក Biden បានច្រានចោលការចោទប្រកាន់ពីក្រុមអ្នកការពារសិទ្ធិខាងមានកាំភ្លើង ដែលថា បទបញ្ជានីតិប្រតិបត្តិរបស់លោករំលោភលើវិសោធនកម្មទីពីរនៅក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដែលការពារសិទ្ធិនៃការមានកាំភ្លើង។
លោកប្រធានាធិបតី Joe Biden បានថ្លែងថា៖ «ចាប់ពីដំបូងបំផុតមក លោកអ្នកមិនអាចមានអាវុធគ្រប់បែបយ៉ាង ដែលលោកអ្នកចង់បានទេ។ ចាប់ពីដំបូងបំផុតតាំងពីមានវិសោធនកម្មទីពីរមក មនុស្សខ្លះមិនត្រូវអនុញ្ញាតឱ្យមានអាវុធទេ។ ដូច្នេះវាជារឿងចម្លែកណាស់ ដែលគេនិយាយថា អនុសាសន៍របស់យើងខ្លះ ផ្ទុយពីរដ្ឋធម្មនុញ្ញនោះ»។
លោក Biden បានបញ្ជាលោក Merrick Garland រដ្ឋមន្ត្រីក្រួងយុត្តិធ៌មរបស់លោក ឱ្យស្នើសេចក្តីព្រាងច្បាប់នៃការផ្តល់សញ្ញាឱ្យប្រុងប្រយ័ត្នដល់ពួកបណ្តារដ្ឋ ដែលនឹងអនុញ្ញាតឱ្យតុលាការដកយកកាំភ្លើងជាបណ្តោះអាសន្នពីមនុស្សដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង ឬដល់មនុស្សឯទៀត។
ក្រសួងយុត្តិធ៌មក៏បានចេញផ្សាយការសិក្សាស្រាវជ្រាវមួយអំពីការជួញដូរកាំភ្លើងខុសច្បាប់ ហើយបានផ្តល់ប្រាក់ជាងមួយពាន់លានដុល្លារ សម្រាប់ការរៀបចំយុទ្ធសាស្ត្រនៃការឈោងដៃទៅរកសហគមន៍ និងខាងអន្តរាគមន៍ទប់ទល់នឹងអំពើហិង្សាផ្សេងទៀតផងដែរ។
ប្រែសម្រួលដោយលោក ឈឹមសុមេធ