ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោក Biden ស្វះស្វែង​កៀរគរ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​ដែល​មិន​ទាន់​សម្រេច​ចិត្ត


លោក​ Donald Trump (ឆ្វេង) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ នៅ​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​លើក​ចុងក្រោយ​​កាល​ពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅ​រដ្ឋ​ California។
លោក​ Donald Trump (ឆ្វេង) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ នៅ​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​លើក​ចុងក្រោយ​​កាល​ពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅ​រដ្ឋ​ California។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ រួម​ទាំង​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោក​ទាំង​ពីរ បាន​ស្វះស្វែង​ទាក់ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​ដែល​មិន​ទាន់​សម្រេច​ចិត្ត​បន្ថែម​ទៀត នៅ​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា​ខាង​មុខ។

លោក Trump បាន​ដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ New Hampshire និង​រដ្ឋ Maineដែល​ជា​រដ្ឋ​តូចៗ​នៅ​ភាគ​ឦសាន្ត ដែល​សំឡេង​របស់​ប្រតិភូ​តំណាង​រដ្ឋ​ទាំង​នេះ​នៅ​ក្នុង​អង្គ​បោះឆ្នោត ទោះបីជា​តិចតួច​ក៏​ដោយ អាច​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​មាន​លក្ខណៈ​ប្រកៀកប្រកិត​គ្នា​នេះ។

លោក Trump និង​លោក Biden កំពុង​បន្ត​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​សំឡេង​គាំទ្រ​ចំនួន ២៧០ ដែល​ជា​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​អង្គ​បោះឆ្នោត​ដែល​មាន​សមាជិក​ទាំងអស់​ចំនួន ៥៣៨ នាក់ ដើម្បី​បាន​ឈ្នះ​ការ​បោះឆ្នោត។ លទ្ធផល​បោះឆ្នោត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មិនមែន​កំណត់​ដោយ​សំឡេង​ឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស​នោះ​ទេ។

លោក Trump បាន​ចាញ់​នៅ​ក្នុង​រដ្ឋ New Hampshire តិចតួច កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ ២០១៦ ដោយ​ធ្វើ​ឲ្យ​សំឡេង​ឆ្នោត​របស់​ប្រតិភូ ៤ រូប​ដែល​តំណាង​ឲ្យ​រដ្ឋ​នោះ​នៅ​ក្នុង​អង្គ​បោះឆ្នោត បាន​ទៅលើ​អ្នកស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ។ នៅ​ពេល​បច្ចុប្បន្ន​នេះ បើ​តាម​ការ​ស្ទង់​មតិ​ទូទាំង​រដ្ឋ New Hampshire នេះ លោក Trump ស្ថិត​នៅពី​ក្រោយ​លោក Biden ជាង ១១%។

ក៏ប៉ុន្តែ កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ ២០១៦ លោក Trump ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ពី​ប្រតិភូ​ម្នាក់​នៃ​ប្រតិភូ​ទាំង ៤ រូប ដែល​តំណាង​ឲ្យ​រដ្ឋ Maine នៅ​ក្នុង​អង្គ​បោះឆ្នោត។

ចំណែក​ឯ​លោក Biden វិញ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ថ្លែង​តាម​អនឡាញ​នៅ​ឯ​ពិធី​ប្រគុំតន្ត្រី​មួយ​ដែល​មាន​ឈ្មោះ​ថា «ខ្ញុំ​នឹង​ទៅ​បោះឆ្នោត»។

ខណៈដែល​លោក Trump បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទ្រង់ទ្រាយ​ធំ​នៅ​ខាង​ក្រៅ​ដើម្បី​ប្រមូល​ការ​គាំទ្រ ដែល​ជារឿយៗ​ធ្វើ​ឡើង​នៅ​ចំណត​យន្តហោះ លោក Biden បាន​អនុវត្ត​វិធីសាស្ត្រ​ដែល​មាន​លក្ខណៈ​ហ្មត់ចត់​ជាង​នេះ ដោយ​លោក​តែង​រៀបចំ​ការ​ជួបជុំ​ឃោសនា​បោះឆ្នោត​ទ្រង់ទ្រាយ​តូច ឬ​ក៏​តាម​អនឡាញ៕

XS
SM
MD
LG