ប្រធានាធិបតីអាមេរិកលោកJoe Biden និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយថាកិច្ចពិភាក្សាទល់មុខគ្នាលើកដំបូងរបស់ពួកគេក្នុងនាមជាប្រមុខរដ្ឋបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កាប៉ុន្តែមិនបានប្រកាសការបំបែកភាពទាល់ច្រកសំខាន់ៗណាមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនោះឡើយ។
បន្ទាប់ពីជំនួបកាលពីថ្ងៃច័ន្ទនៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការអូតង់ក្នុងរាជធានីប្រ៊ុចសែលប្រទេសប៊ែលហ្ស៊ិកលោក Biden បានប្រាប់អ្នកយកព័ត៌មានថាកិច្ចពិភាក្សាមានលក្ខណៈវិជ្ជមាននិងមានផ្លែផ្កាហើយលោកជឿជាក់ថានឹងមានការរីកចម្រើនពិតប្រាកដជាមួយប្រទេសតួកគី។
ដោយឡែក លោក Erdogan វិញបានហៅកិច្ចពិភាក្សានោះថា «ទទួលបានផលល្អនិងមានភាពស្មោះត្រង់» ។
លោកបានមានប្រសាសន៍ថា៖«យើងគិតថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតួកគីមិនមានបញ្ហាអ្វីដែលមិនអាចដោះស្រាយបាននោះទេហើយថាកិច្ចសហប្រតិបត្តិការសម្រាប់យើងគឺមានច្រើននិងធំជាងបញ្ហា» ។
កិច្ចចរចានេះធ្វើឡើងចំពេលដែលប្រទេសសម្ព័ន្ធមិត្តអង្គការអូតង់ទាំងពីរនេះមានទំនាស់លើបញ្ហាមួយចំនួនរួមមានបញ្ហាប្រទេសស៊ីរីលីប៊ីនិងការលក់អាវុធរុស្ស៊ីទៅឲ្យប្រទេសតួកគីជាដើម។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសតួកគីកាលពីខែធ្នូទាក់ទងនឹងការទិញប្រព័ន្ធអាវុធរបស់រុស្ស៊ីហើយថ្មីៗនេះសហរដ្ឋអាមេរិកក៏បានរិះគន់ការរំលោភសិទ្ធិមនុស្សនៅប្រទេសតួកគីផងដែរ។តួកគីបានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្រចំពោះយុទ្ធជនឃឺដស៊ីរីដែលតួកគីនិយាយថាជាប់ទាក់ទងនឹងការបះបោរនៅប្រទេសតួកគីនោះ៕