ការបង្រ្កាបមកលើគណបក្សគាំទ្រជនជាតិឃឺដ នៅតួកគី ហាក់ដូចជាកំពុងតែរីកធំឡើង បន្ទាប់ពីមានការឃុំខ្លួនសមាជិកជាន់ខ្ពស់នៃចលនាគាំទ្រសិទ្ធិមនុស្សនៅតួកគី កាលពីថ្ងៃសុក្រ ទី១៩ ខែមីនាកន្លងទៅនេះ។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើង ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងពីសម្ព័ន្ធមិត្តបស្ចិមលោករបស់តួកគី។
លោក Ozturk Turkdogan សហប្រធានអង្គការសមាគមសិទ្ធិមនុស្សតួកគី (IHD) ត្រូវបានចាប់ខ្លួន អំឡុងពេលការចុះបង្រ្កាបនៅពេលព្រឹកព្រលឹមមួយដោយប៉ូលិសប្រឆាំងភេរវកម្ម។ ការចាប់ខ្លួននេះនាំឲ្យមានការថ្កោលទោសទាំងនៅក្នុងប្រទេសនិងជាអន្តរជាតិ។
អ្នកស្រី Emma Sinclair-Webb អ្នកស្រាវជ្រាវជាន់ខ្ពស់នៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស មានមូលដ្ឋាននៅក្រុងញូវយ៉ក បាននិយាយថា៖ «វាជារឿងហួសហេតុ។ នេះជាការវាយប្រហារមកលើក្រុមសកម្មជនគាំទ្រសិទ្ធិមនុស្សដែលមានអាយុកាលយូរជាងគេបង្អស់មួយនៅតួកគី»។
អ្នកស្រី Sinclair-Webb បានបន្តថា៖ «លោក Turkogan គឺជាបុគ្គលដ៏គួរឲ្យគោរពមួយនៅក្នុងចលនាគាំទ្រសិទ្ធិមនុស្សជាមិត្តភក្តិយូរអង្វែង និងជាមេធាវីម្នាក់។ ការចាប់ខ្លួនលោក Turkogan គឺជាការវាយប្រហារដ៏ហួសហេតុមួយ មកលើសង្គមស៊ីវិលតួកគីទាំងមូល»។
គ្មានសេចក្តីលម្អិតណាមួយត្រូវបានបញ្ចេញជុំវិញហេតុផលដែលលោក Turkdogan ត្រូវបានឃុំខ្លួននោះទេ ក្រៅតែពីហេតុផលដែលថា លោកកំពុងត្រូវបានឃុំខ្លួនក្រោមច្បាប់ប្រឆាំងនឹងភេរវកម្មដ៏ទូលំទូលាយរបស់តួកគី។ នៅក្រោមច្បាប់នេះ លោក Turkogan មិនត្រូវបានអនុញ្ញាតឲ្យមានមេធាវីទេនៅអំឡុងពេលឃុំខ្លួនរយៈពេល ២៤ ម៉ោងដំបូង។
នៅខែមីនា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី លោក Suley Soylu បានចោទប្រកាន់សមាគមសិទ្ធិមនុស្សរបស់លោក Turkogan ថា មានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមភេរវកម្ម។
ស្របពេលជាមួយគ្នានោះ កងកម្លាំងសន្តិសុខតួកគីកំពុងធ្វើការបង្រ្កាបមកលើគណបក្សប្រឆាំងធំជាងគេបង្អស់ទី ២ នៅតួកគី គឺគណបក្សប្រជាធិបតេយ្យប្រជាជន People's Democratic Party ឬ HDP ដែលគាំទ្រជនជាតិឃឺដ។
កាលពីថ្ងៃសុក្រ ទី ១៩ ខែមីនា សមាជិកជាន់ខ្ពស់នៃគណបក្ស HDP ត្រូវបានចាប់ខ្លួន នៅក្នុងយុទ្ធនាការបង្រ្កាបនាពេលព្រឹកព្រលឹមមួយ ដោយដៅលើមនុស្សចំនួន ៣៥ នាក់។ កាលពីថ្ងៃពុធ ទី ១៧ ខែមីនា ក្រុមរដ្ឋអាជ្ញាក៏បានចាប់ផ្តើមបើកសំណុំរឿងប្រឆាំងនឹងគណបក្ស HDP ផងដែរ។
គណបក្ស HDP ត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយនឹងក្រុមផ្តាច់ខ្លួនឃឺដ ឬហៅកាត់ថា PKK ដែលកំពុងប្រយុទ្ធប្រឆាំងនឹងរដ្ឋអំណាចតួកគី។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចាត់ទុកក្រុម PKK ជាក្រុមភេរវកម្ម។
កាលពីថ្ងៃពុធដដែល សមាជិកសភាក៏បានបោះឆ្នោតលុបចោលអភ័យឯកសិទ្ធិសភារបស់អនុប្រធានគណបក្ស HDP លោក Omer Faruk Gergerlioglu បន្ទាប់ពីលោកត្រូវបានកាត់ទោសពីបទផ្សព្វផ្សាយការឃោសនារបស់ក្រុមភេរវកម្ម នៅក្នុងសារបង្ហោះមួយតាមបណ្តាញសង្គម Twitter។
ចាប់តាំងពីឆ្នាំ ២០១៩ មក អភិបាលក្រុងជាប់ឆ្នោតមកពីគណបក្ស HDP ចំនួន ៤៨ នាក់ ក្នុងចំណោមអភិបាលក្រុងសរុប ៦៥ នាក់ នៅតំបន់ដែលមានប្រជាជនភាគច្រើនជាជនជាតិឃឺដ ត្រូវបានក្រសួងមហាផ្ទៃដកចេញពីតំណែង ដោយយកលេសថា ពួកគេរងការចោទប្រកាន់ពីបទ «ភេរវកម្ម»។
សម្ព័ន្ធមិត្តបស្ចិមលោកព្រួយបារម្ភពីការបង្រ្កាបនៅតួកគី
យ៉ាងណាក្តី សម្ព័ន្ធមិត្តបស្ចឹមលោករបស់តួកគីកំពុងព្យាយាមជំរុញឲ្យមានការថមថយ នៅក្នុងការបង្ក្រាបមកលើគណបក្សHDP។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Smith បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនាថា៖ «យើងកំពុងតាមដានការចាប់ផ្តើមនូវកិច្ចប្រឹងប្រែងដើម្បីរំលាយគណបក្ស HDP ដែលសេចក្តីសម្រចលើការរំលាយនេះ នឹងជះឥទ្ធិពលទៅលើឆន្ទៈរបស់អ្នកបោះឆ្នោតតួកគី ធ្វើឲ្យដុនដាបលទ្ធិប្រជាធិតបតេយ្យកាន់តែខ្លាំងថែមទៀតនៅតួកគី និងរារាំងពលរដ្ឋតួកតីរាប់លាននាក់មិនឲ្យទទួលបានតំណាងដែលខ្លួនជ្រើសរើស»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហភាពអឺរ៉ុបនិយាយថាខ្លួន «មានការព្រួយបារម្ភយ៉ាងខ្លាំង» ។ សេចក្តីថ្លែងការណ៍ដដែលនោះ បានបន្ថែមទៀតថា តួកគី «ត្រូវតែគោរពតាមកាតព្វកិច្ចប្រជាធិបតេយ្យចម្បងរបស់ខ្លួន រួមមានការគោរពលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ»។
សំណុំរឿងរំលាយគណបក្ស HDP និងការចាប់ខ្លួនជាបន្តបន្ទាប់ខាងលើនេះ ត្រូវបានធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្តេជ្ញាបង្កើតទំព័រសករាជថ្មីមួយ សម្រាប់សិទ្ធិមនុស្សខណៈបង្ហាញពីផែនការសកម្មភាពផ្នែកសិទ្ធិមនុស្សរបស់លោកផងដែរ។
អ្នកស្រី Sinclair-Webb បានថ្លែងទៀតថា៖ «ផែនការសកម្មភាពផ្នែកសិទ្ធិមនុស្សនោះហាក់ដូចជាពាក្យសម្ងាត់មួយ សម្រាប់ផែនការរំលោភបំពានសិទ្ធិមនុស្សអញ្ចឹង ពីព្រោះអ្វីៗទាំងអស់ដែលបានកើតឡើងចាប់ពីពេលនោះមក គឺមានសភាពកាន់តែអាក្រក់ឡើងគួបផ្សំនឹងការវាយប្រហារមកលើលិទ្ធិប្រជាធិបតេយ្យផងដែរ»។
តួកគីធ្លាប់មានប្រវត្តិយូរមកហើយ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ជាពិសេសគណបក្សដែលត្រូវបានចាត់ទុកថាគាំទ្រជនជាតិឃឺដ។ ប៉ុន្តែរដ្ឋាភិបាលបានច្រានចោលការរិះគន់ជុំវិញការបង្រ្កាបនាពេលបច្ចុប្បន្ននេះ ដោយទទួចថា ខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។
លោក Fahretin Altun នាយកផ្នែកទំនាក់ទំនងរបស់ប្រធានាធិបតីតួកគី បានសរសេរសារបង្ហោះតាមបណ្តាញសង្គម Twitter ថា៖ «ជាការពិតមិនអាចប្រកែកបានដែលគណបក្ស HDP មានទំនាក់ទំនងយ៉ាងច្បាស់ជាមួយនឹងក្រុម PKK»។ ប៉ុន្តែគណបក្ស HDP បានបដិសេធការជាប់ពាក់ព័ន្ធណាមួយជាមួយនឹងក្រុម PKK។
រដ្ឋាភិបាលអាល្លឺម៉ង់ហាក់ដូចជាទទួលយកគោលជំហររបស់រដ្ឋាភិបាលក្រុងអង់ការ៉ា ស្របពេលអំពាវនាវឲ្យ «តួកគីគោរពតាមនីតិរដ្ឋប្រជាធិបតេយ្យឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត»។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា រដ្ឋាភិបាលអាល្លឺម៉ង់ បានលើកឡើងថា៖ «យើងអំពាវនាវឲ្យគណបក្ស HDP ដកខ្លួនចេញឲ្យឆ្ងាយពីក្រុម PKK ដែលត្រូវបានចុះបញ្ជីជាក្រុមភេរវកម្មនៅសហភាពអឺរ៉ុប»។
ក្រុមអ្នកសង្កេតការណ៍ និងសកម្មជនសិទ្ធិមនុស្សបានចោទប្រកាន់មេដឹកនាំនៅអឺរ៉ុប និងសហភាពអឺរ៉ុបពីការបន្ទន់ការរិះគន់មកលើកំណត់ត្រាសិទ្ធិមនុស្ស ដែលកំពុងចុះដុនដាបរបស់តួកគី។
តួកគីនិងសហភាពអឺរ៉ុបនាពេលបច្ចុប្បន្នកំពុងពិភាក្សាលើការបន្តជាថ្មីនូវកិច្ចព្រមព្រៀងលើជនភៀសខ្លួន ដែលគេឃើញរដ្ឋាភិបាលក្រុងអង់ការ៉ាដើរតួជាឆ្មាំយាមទ្វាររបស់អ៊ឺរ៉ុប នៅក្នុងការគ្រប់គ្រងលើលំហូរជនចំណាកស្រុក និងជនភៀសខ្លួនជាថ្នូរនឹងជំនួយរាប់សិបពាន់លានដុល្លារ។
លោក Sezin Oney អ្នកសរសេរអត្ថបទឲ្យទីភ្នាក់ងារសារព័ត៌មាន Duvar នៅតួកគី បាននិយាយថា៖ «នេះជាថ្នូរដ៏ធំបំផុតមួយដែលតួកគីមានក្នុងដៃ។ ដោយសារតែមានកិច្ចព្រមព្រៀងលើជនភៀសខ្លួននេះហើយបណ្តាប្រទេសនៅអឺរ៉ុបហាក់ដូចជាមិនអាចដាក់សម្ពាធ ឬដាក់ជាថ្នូរនឹងអ្វីមួយ មកលើតួកគីបាន»៕
ប្រែសម្រួលដោយលោកណឹម សុភ័ក្រ្តបញ្ញា