នៅក្នុងសារមួយដើម្បីទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតក្នុងសហគមន៍ជនជាតិ Hispanic នោះ បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden បានចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក Donald Trump ថា បានធ្វើឲ្យសហគមន៍ Hispanics មានភាពបរាជ័យម្តងហើយម្តងទៀត នៅក្នុងអាណត្តិជិត៤ឆ្នាំរបស់លោកជាប្រធានាធិបតីនោះ ដោយលោក Biden ថា ក្នុងនោះមួយចំណែក គឺដោយបានបង្កើតឲ្យមានការស្អប់គ្នា និងការបែកបាក់នៅក្នុងអាមេរិកទាំងមូល ដើម្បីផលប្រយោជន៍របស់លោក Trump។
អតីតអនុប្រធានាធិបតីលោក Joe Biden បានថ្លែងយ៉ាងដូចនេះនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ «ខែវប្បធម៌សហគមន៍ Hispanic» ដែលបានប្រារព្ធធ្វើក្នុងរដ្ឋ Florida កាលពីយប់ថ្ងៃអង្គារ ដែលនៅទីនោះ លោកស្វែងរកការគាំទ្រដ៏សំខាន់ពីអ្នកបោះឆ្នោតដែលមានប្រភពមកពីទ្វីបអាមេរិកឡាទីន។
លោក Biden ក៏បានចោទប្រកាន់លោក Trump ថា មិនបានយកចិត្តទុកដាក់ដល់ពលរដ្ឋ Puerto Rico ដែលជាដែលកោះមួយរបស់អាមេរិកដែរនោះ ដែលបានរងគ្រោះដោយខ្យល់ព្យុះ Maria ក្នុងឆ្នាំ២០១៧។
ក្រុមអ្នកធ្វើយុទ្ធនាការរបស់លោកប្រធានាធីបតីត្រាំ បានកាត់បន្ថយប្រជាប្រិយភាពរបស់លោក Biden ជាមួយសហគមន៍ Hispanic ដោយបានចោទលោក Biden ថាគ្រាន់តែជាកូនជឹងរបស់ក្រុមអ្នកសង្គមនិយមតែប៉ុណ្ណោះ។
ការស្ទង់មតិបង្ហាញថា លោក Biden និងលោក Trump មានប្រជាប្រិយភាពស្មើគ្នានៅរដ្ឋ Florida ដោយលោក Trump នាំមុខបន្តិចខាងសំឡេងអ្នកបោះឆ្នោត Hispanic ខណៈលោក Biden ទទួលការគាំទ្រកាន់តែខ្លាំងពីអ្នកបោះឆ្នោតស្បែកសវ័យចំណាស់នៅរដ្ឋ Florida៕