ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden លុបចោល​បំណុល​និស្សិត ៤,២៨ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​មុន​ចប់​អាណត្តិ


រូបឯកសារ៖ លោកប្រធានាធិបតី Joe Biden ថ្លែងក្នុងពិធីទទួលភ្ញៀវ Hanukkah នៅក្នុងបន្ទប់ខាងកើតនៃសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
រូបឯកសារ៖ លោកប្រធានាធិបតី Joe Biden ថ្លែងក្នុងពិធីទទួលភ្ញៀវ Hanukkah នៅក្នុងបន្ទប់ខាងកើតនៃសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​បាន​លុប​ចោល​បំណុល​និស្សិត​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ចំនួន ៥៥.០០០ នាក់​បន្ថែម​ទៀត ដែល​ស្មើ​នឹង​ការ​លុបចោល​បំណុល​ចំនួន ៤,២៨ ពាន់​លាន​ដុល្លារ​នៅក្នុង​ខែ​ចុងក្រោយ​របស់​លោក​ជា​ប្រធានាធិបតី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ការ​លុបចោល​បំណុល​ដ៏​ច្រើន​នេះ​គឺ​សម្រាប់ «គ្រូបង្រៀន គិលានុបដ្ឋាក កងទ័ព មន្ត្រី​អនុវត្ត​ច្បាប់ និង​បុគ្គលិក​សេវា​សាធារណៈ​ផ្សេង​ទៀត​ដែល​បាន​លះបង់​គ្រប់​បែបយ៉ាង​ដើម្បី​ផ្ដល់​ជូន​សហគមន៍​របស់​ខ្លួន​វិញ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Biden នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយ​សេតវិមាន​កាលពី​ថ្ងៃ​សុក្រ។

បូករួម​នឹង​អ្នក​ដែល​ទើប​នឹង​ទទួល​បាន​ការ​លើកលែង​បំណុល​និស្សិត​ទាំងនេះ គេ​ឃើញ​ថា «មនុស្ស​ជិត ៥ លាន​នាក់» បាន​ទទួល​ការ​លើកលែង​បំណុល​ទាំងនេះ​ក្នុង​អំឡុង​រដ្ឋបាល​របស់​លោក Biden។

លោក Biden បាន​និយាយ​ថា៖ «តាំងពី​ថ្ងៃ​ទី​មួយ​នៃ​រដ្ឋបាល​របស់​ខ្ញុំ​មក ខ្ញុំ​បាន​សន្យា​ថា​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ការ​អប់រំ​កម្រិត​ឧត្តមសិក្សា​គឺជា​គន្លឹះ​សម្រាប់​ការ​ឈាន​ទៅ​ក្លាយជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​សមរម្យ មិនមែន​ជា​ឧបសគ្គ​រារាំង​ឱកាស​នោះទេ»។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​អាមេរិក​លោក Miguel Cardona បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ការ​សម្រេច​យល់ព្រម​លើកលែង​បំណុល​និស្សិត​កាលពី​ថ្ងៃ​សុក្រ​នោះ​បាន​ធ្វើឱ្យ​បំណុល​និស្សិត​សរុប​ដែល​ត្រូវបាន​លើកលែង​ក្នុង​អាណត្តិ ៤ ឆ្នាំ​របស់​លោក Biden មាន​ចំនួន «ជិត ១៨០ ពាន់​លាន​ដុល្លារ​សម្រាប់​អ្នក​ខ្ចី​ជិត ៥ លាន​នាក់»។

លោក Biden បាន​បង្កើត​កម្មវិធី​លើកលែង​បំណុល​នេះ​នៅក្នុង​ឆ្នាំ ២០២២ ដើម្បី​លុបចោល​បំណុល​និស្សិត​ចំនួន​រាប់​រយ​ពាន់​លាន​ដុល្លារ។ កម្មវិធី​នេះ​ធ្វើឱ្យ​អ្នក​ខ្ចី​មួយ​ចំនួន​ទទួល​បាន​នូវ​ការ​លុប​ចោល​បំណុល​ចំនួន ២០.០០០ ដុល្លារ និង​អ្នក​ខ្ចី​ភាគច្រើន​ទទួល​បាន​នូវ​ការ​លុបចោល​បំណុល​ចំនួន ១០.០០០ ដុល្លារ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG