នៅឯពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Joe Biden បានអំពាវនាវឲ្យពលរដ្ឋអាមេរិកាំងគ្រប់រូប ចងចាំនូវជនរងគ្រោះដែលបានស្លាប់ដោយសារជំងឺនេះ និងចាប់ផ្ដើមផ្សះផ្សាគ្នា។
លោកបានថ្លែងក្នុងពិធីនេះ ដែលត្រូវបានធ្វើឡើងនាពេលល្ងាចថ្ងៃអង្គារ មួយថ្ងៃមុនថ្ងៃស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់លោកថា បើទោះបីជាពេលខ្លះ «វាពិបាកនឹងចងចាំ»ក៏ដោយ ក៏នេះគឺជា«វិធីដែលជួយធ្វើឲ្យយើងផ្សះផ្សាគ្នាឡើងវិញដែរ»។
អនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី Kamala Harris បានថ្លែងមុនលោក Biden ដោយបានសង្កត់ធ្ងន់អំពីសាមគ្គីភាពដូចគ្នានេះដែរ។ អ្នកស្រី Harris បានថ្លែងថា បើទោះបីជាពលរដ្ឋអាមេរិកាំងជាច្រើននាក់បានទូលទុក្ខសោកសង្រេងតែម្នាក់ឯង ក្នុងអំឡុងពេលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ក្តី «ក៏នាយប់នេះ យើងសោកសង្រេងជាមួយគ្នា ហើយចាប់ផ្តើមផ្សះផ្សាគ្នា»។
ពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវបានរៀបចំឡើងនៅវិមានបូជនីយដ្ឋានអតីតប្រធានាធិបតី Lincoln ដែលមានដុតពន្លឺភ្លើងចំនួន ៤០០ដើម តំណាងឲ្យពលរដ្ឋអាមេរិកាំងជាង ៤ សែននាក់ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩៕