ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណើ​ថវិកា​របស់​លោក Biden នឹង​ផ្លាស់ប្តូរ​​អាទិភាព​នៃ​ការចាយវាយ​របស់​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ លោក​ប្រធានាធិបតី Joe Biden ថ្លែង​អំពី​ការរារាំង​អំពើ​ហិង្សា​ដោយ ការប្រើ​កាំភ្លើង នៅឯ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ លោក​ប្រធានាធិបតី Joe Biden ថ្លែង​អំពី​ការរារាំង​អំពើ​ហិង្សា​ដោយ ការប្រើ​កាំភ្លើង នៅឯ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។

កាលពី​ថ្ងៃសុក្រ​ទី៩​ខែមេសា រដ្ឋបាលលោក​ Biden បានចេញ​ផ្សាយគោលការណ៍​ចាយវាយ​របស់​រដ្ឋាភិបាល​សហព័ន្ធក្នុង​ឆ្នាំ​សារពើពន្ធ​២០២២​ ហើយប្រសិន​បើ​នរណា​មានការ​ភ្ញាក់ផ្អើល​នឹងមុខ​ចំណាយ​ទាំង​នេះ ពួក​គេ​ច្បាស់​ជា​មិន​បានយក​ចិត្ត​ទុកដាក់​ទេ។

ក្នុងអំឡុង​យុទ្ធនាការ​ឃោសនា​រកសំឡេងឆ្នោត​កាលពីឆ្នាំ​មុន លោក Biden បាន​សន្យា​ថា ​នឹងធ្វើ​វិនិយោគ​ក្នុង​វិស័យ​សិក្សា​អប់រំ​ ការងារ ការ​ថែទាំ​សុខភាព និង​បរិដ្ឋាន។ ហើយ​សេចក្តី​សង្ខេប​នៃ​ចំណុច​សំខាន់ៗ​ទាំង​នេះ​ដែល​មាន​៥៨ទំព័រ​នោះ បានរៀបរាប់​មុខ​ចំណាយ​របស់​សហព័ន្ធ​ប្រមាណ​មួយ​ភាគ​បី​ ដែល​ត្រូវ​ចាត់​ទុកថា ជា​ចំណាយបែប​ឆន្ទានុសិទ្ធ​ដែល​មាន​ន័យ​ថា មិន​តម្រូវ​ដោយ​លក្ខន្តិកៈទេ​ដូច​ជាការ​បង់​ប្រាក់​សម្រាប់​កម្មវិធី​ជួយ​បង់ថ្លៃ​ចាយវាយ​ផ្នែក​សុខភាពសម្រាប់​មនុស្ស​ចាស់ Medicare និងសន្តិសុខ​សង្គម​ជា​ដើម​នោះ ជាការ​ឆ្លើយតប​ចំពោះ​ការ​សន្យា​នោះ។

ផែនការ​នេះ នឹង​ធ្វើឱ្យពួក​អ្នក​ប្រកាន់នយោបាយ​ខាង​ឆ្វេង​ជាច្រើន​សប្បាយ​ចិត្ត​ដោយ​ធ្វើឱ្យមានឡើង​វិញ​នូវប្រា​ក់កាសសម្រាប់​ទី​ភ្នាក់ងារ​ទាំង​ឡាយ​ណាដែល​ថវិកា​ពួក​គេ​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​អតីត​ប្រធនាធិបតី Donald Trump។ ក្រសួង​អប់រំ​នឹង​មាន​ថិវិកា​កើន​ឡើង៤១%​ ប្រៀបធៀបនឹង​ឆ្នាំ​សារពើ​ពន្ធ២០២១ ក្រសួងពាណិជ្ជកម្ម​នឹង​មានកំណើន​ថវិកា២៨% ក្រសួង​សុខាភិបាល​និងសេវា​មនុស្សនឹង​មានការកើន​ថវិកា​២៤%​ ហើយ​ថវិកា​ទីភ្នាក់ងារការពារ​បរិដ្ឋាននឹង​កើន​ឡើង​២១%​ដែរ។

នៅ​ពេល​ជា​មួយ​គ្នា​នេះ សមាជិកសភា​ខាង​គណបក្សប្រជាធិបតេយ្យខ្លះ ហើយ​ខាង​គណបក្ស​សាធារណរដ្ឋទាំង​អស់​ នឹង​ជំទាស់​នឹងអត្រា​កំណើន​ទាប​ក្នុងចំណាយខាងវិស័យ​ការពារ​ប្រទេស។ គណបក្ស​សាធារណរដ្ឋ ​ទំនង​ជា​នឹងជំទាស់នឹង​ចំណាយ​លើ​អាទិភាពរបស់​គណបក្ស​ប្រជាធិបតេយ្យ​ដូច​ជា​ការស្រាវជ្រាវ​អំពីថាមពល​ស្អាត​និងកិច្ចខិតខំប្រឹង​ប្រែង​ដោះស្រាយ​បញ្ហា​អសមភាពខាង​សេដ្ឋកិច្ច​ជា​ដើម។

លោក William Gale ជាអ្ន​កស្រាវជ្រាវជាន់​ខ្ពស់នៅ​ក្នុង​កម្មវិធីសិក្សាសេដ្ឋកិច្ចនៃ​វិទ្យាស្ថាន Brookings និងជា​អ្នក​សេដ្ឋសាស្ត្រ​ជាន់​ខ្ពស់នៃ​ក្រុមប្រឹក្សាសេដ្ឋកិច្ចនៅ​ពេល​លោក George H.​ W. Bush កាន់​តំណែង​ប្រធានាធិបតី។ លោក​បាន​និយាយ​ថា«នេះជាថវិកា​ចាយវាយ​នៅពេល​ប្រធានាធិបតី​យល់​ថារដ្ឋាភិបាល​អាច​ជួយដោះស្រាយ​បញ្ហា​ក្នុង​សង្គម»។

លោក Gale បានថ្លែង​ថា«​មាន​ចំណាយ​ច្រើន​ណាស់ក្នុង​វិស័យ​សិក្សា​អប់រំ​ ផ្ទះសំបែង​និងសម្រាប់មជ្ឈមណ្ឌល​គ្រប់គ្រងជំងឺ។ ថវិកា​នេះស្នើ​ថា​រដ្ឋាភិបាល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ក្នុង​ផ្នែក​ទាំង​នេះ ដូច្នេះរដ្ឋាភិបាលចាត់ចែងការ​បែងចែក​ប្រាក់កាស​ទៅ​ឱ្យកន្លែង​ណាដែល​មានសេចក្តី​ត្រូវការ»។

នេះ​ជា​សំណើ​ថវិកា​ចាយវាយ​ដំបូងចាប់​តាំង​ពី​ឆ្នាំ២០១៣​មក ​ដែល​គ្មានការ​កម្រិត​លើ​ចំណាយដែល​នាំ​ឱ្យចំណាយ​បែប​ឆន្ទានុសិទ្ធ​ក្នុងវិស័យ​ការពារ​ប្រទេសនិង​ចំណាយ​បែប​ឆន្ទានុសិទ្ធ​ផ្នែកមិន​មែន​ការពារប្រទេស​មានកំណើនតាម​អត្រាប្រហែល​គ្នា។ ជា​មួយការ​ដក​ចេញការ​រឹតត្បិត​នេះ​ រដ្ឋបាល​លោក Biden ស្នើ​បង្កើន​ចំណាយមិន​មែនខាង​ការពារ​ប្រទេស​ចំនួន១៦%​ គឺដល់​៧៦៩ពាន់លាន​ដុល្លារ​និង​បង្កើនចំណាយ​ខាង​ការ​ពារ​ប្រទេស​តែ១,៧% ប៉ុណ្ណោះ​គឺ​ដល់​៧៥៣ពាន់លានដុល្លារ៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ

XS
SM
MD
LG