ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងសម្លឹងមើលលើការបង្កើនអត្រាពន្ធប្រាក់ចំណូលលើក្រុមហ៊ុនសាជីវកម្ម ដើម្បីជួយចំណាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់លោកក្នុងទឹកប្រាក់ ២,៣ លានលានដុល្លារ។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនធំៗនិងល្បីៗរាប់សិបក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិក អាចបញ្ចៀសដោយស្របច្បាប់បាននូវការបង់ពន្ធជូនរដ្ឋាភិបាលសហព័ន្ធ។
លោក Biden បានមានប្រសាសន៍ថា លោកចង់បង្កើនពន្ធប្រាក់ចំណូលរបស់ក្រុមហ៊ុនពី ២១% ទៅ ២៨%។ អត្រាពន្ធនេះ ត្រូវបានកាត់បន្ថយពីចំនួន ៣៥% នៅក្នុងឆ្នាំ ២០១៧ នៅក្រោមរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Donald Trump។
កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen បានអំពាវនាវឲ្យមានការកម្រិតពន្ធអប្បបរិមាជាសាកលមួយ។
នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ក្រុមប្រឹក្សាកិច្ចការសាកលលោក Chicago (Chicago Council on Global Affairs) អ្នកស្រីបាននិយាយថា ការយកពន្ធនេះនឹងត្រូវអនុវត្តលើក្រុមហ៊ុនពហុជាតិ មិនថាក្រុមហ៊ុនទាំងនោះមានទីស្នាក់ការកណ្ដាលរបស់ខ្លួននៅទីណានោះទេ ដើម្បីរារាំងប្រទេសនានាកុំឲ្យព្យាយាមយកប្រៀបលើប្រទេសផ្សេងតាមរយៈការបន្ទាបអត្រាពន្ធដើម្បីទាក់ទាញពាណិជ្ជកម្ម។
អ្នកស្រី Yellen បញ្ជាក់ដូច្នេះថា៖ «ការប្រកួតប្រជែងគឺជាអ្វីដែលលើសពីវិធីដែលក្រុមហ៊ុនមានទីស្នាក់ការកណ្ដាលនៅក្នុងសហរដ្ឋអាមេរិកសម្ដែងឡើងទៅទៀត បើប្រៀបធៀបជាមួយនឹងក្រុមហ៊ុនផ្សេងទៀតនៅក្នុងកិច្ចប្រឹងប្រែងពង្រឹងខ្លួនជាសាកល»។
អ្នកស្រីបានបន្ថែមថា៖ «វាជាការធ្វើឲ្យប្រាកដថា រដ្ឋាភិបាលមានប្រព័ន្ធពន្ធដារដែលមានលំនឹងមួយ ដែលអាចប្រមូលចំណូលបានគ្រប់គ្រាន់ដើម្បីវិនិយោគលើវិស័យសាធារណៈសំខាន់ៗ និងដើម្បីឆ្លើយតបចំពោះវិបត្តិនានា ហើយវាក៏ជាការធ្វើឲ្យច្បាស់ផងដែរថា ប្រជាពលរដ្ឋទាំងអស់រួមចំណែកដោយស្មើភាពគ្នាលើបន្ទុកនៃការផ្គត់ផ្គង់ថវិកាដល់រដ្ឋាភិបាល»។
សមាជិកសភាខាងគណបក្សសាធារណរដ្ឋបានរិះគន់គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់លោក Biden ថាជាគម្រោងដែលចំណាយច្រើនជ្រុល និងងាកឆ្ងាយចេញពីការជួសជុលនិងស្ថាបនាផ្លូវនិងស្ពានដែលធ្លាប់ធ្វើកន្លងមក។
មេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាលោក Mitch McConnell បាននិយាយថា សមាជិកគណបក្សសាធារណរដ្ឋនឹងមិនគាំទ្រលើការបង្កើនពន្ធដើម្បីចំណាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់លោក Biden នោះទេ៕