ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើដំណើរទៅកាន់ទីក្រុង Pittsburgh រដ្ឋ Pennsylvania នៅថ្ងៃពុធនេះដើម្បីផ្សព្វផ្សាយផែនការហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃ២ទ្រីលានដុល្លារដែលរួមមានការកសាងប្រព័ន្ធផ្លូវ ស្ពាន ទឹកប្រើប្រាស់ ប្រព័ន្ធអគ្គិសនី និងតំបន់ឆ្លងកាត់ជាដើម។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាមេរិកម្នាក់ បានប្រាប់អ្នកយកព័ត៌មាននៅយប់ថ្ងៃអង្គារថាគម្រោងនេះ នឹងត្រូវអនុវត្តចប់ក្នុងរយៈពេលប្រមាណ៨ឆ្នាំ។
មន្ត្រីនោះលើកឡើងថា៖«នេះជាគម្រោងវិនិយោគដែលមានតម្លៃខ្ពស់។ ជាគម្រោងដែលអ្នកជំនាញជាច្រើនបានលើកបង្ហាញពីការចូលរួមចំណែកក្នុងការស្តារនិងធ្វើឲ្យប្រសើរឡើងវិញលើវិស័យសេដ្ឋកិច្ចជាតិ។ យើងគិតថា នេះជាគម្រោងវិនិយោគក្នុងនាមជាប្រទេសមួយដែលយើងត្រូវធ្វើ»។
ប្រធានាធិបតី Biden បានស្នើផ្តល់ប្រាក់លើគម្រោងនេះ តាមរយៈការផ្លាស់ប្តូរការយកពន្ធលើក្រុមហ៊ុនដែលក្នុងនោះរួមមានទាំងការបង្កើនពន្ធលើក្រុមហ៊ុនពី២១%ទៅ២៨%ផងដែរ។
អ្នកនាំពាក្យសេតវិមាន អ្នកស្រី Jen Psaki បាននិយាយនៅថ្ងៃអង្គារថា រដ្ឋបាលលោក Biden បើកចំហដល់ការផ្តល់គំនិតជុំវិញការផ្តល់ថវិកាទៅលើគម្រោងនេះ ប៉ុន្តែការបារម្ភពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអាមេរិក ត្រូវបានលើកឡើងដោយមនុស្សជាច្រើនមកពីគ្រប់និន្នាការនយោបាយទាំងអស់។
សមាជិកសភាខាងគណបក្សសាធារណរដ្ឋ បានជំទាស់ទៅលើផែនការបង្កើនពន្ធដាររបស់លោក Biden ដោយនិយាយថា បញ្ហានេះនឹងធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកអ្នកធ្វើការ ធ្វើឲ្យសេដ្ឋកិច្ចចុះខ្សោយ និងធ្វើឲ្យក្រុមហ៊ុនអាមេរិកថមថយក្នុងការប្រកួតប្រជែងលើទីផ្សារពិភពលោកជាដើម៕