ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Joe Biden ​បើក​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្រ្តី​លើក​ដំបូង


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងសុន្ទរកថាអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់ចំនួន ២ទ្រីលានដុល្លារ នៅទីក្រុង Pittsburgh រដ្ឋ Pennsylvania កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងសុន្ទរកថាអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់ចំនួន ២ទ្រីលានដុល្លារ នៅទីក្រុង Pittsburgh រដ្ឋ Pennsylvania កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១។

ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden​ ជួប​ប្រជុំ​គណៈ​រដ្ឋមន្រ្តី​លើក​ដំបូង​របស់​លោក​ កាលពី​ថ្ងៃ​ព្រហស្បតិ៍។​ ការជួបជុំ​មន្ត្រី​កំពូលៗនេះធ្វើឡើង​ នៅពេល​ដែល​រដ្ឋបាល​របស់​លោក​បាន​ដាក់​ចេញ​នូវ​សំណើ​ថវិកា​សម្រាប់​ស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​មាន​ទឹកប្រាក់​ ២​ទ្រីលាន​ដុល្លារ​ ដែល​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការយល់ព្រម​ពី​សភា។​

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​រយៈពេល​មួយ​សប្តាហ៍​ផងដែរ ​ចាប់តាំងពី​សមាជិក​គណៈ​រដ្ឋមន្រ្តី​ចុងក្រោយ​ត្រូវ​បាន​យល់ព្រម​ដោយ​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក។​

សេតវិមាន​និយាយ​ថា​មនុស្ស​ ២៥ ​នាក់​ ចូលរួម​ការប្រជុំ​នេះ។ ​អ្នកចូលរួម​រួមមានអនុ​ប្រធានាធិបតី​រដ្ឋមន្ត្រី​នានា ​ដូចជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ ព្រមទាំង​មន្រ្តី​ជាន់ខ្ពស់​ ដូចជា​ប្រធាន​ស៊ើប​ការណ៍​សម្ងាត់​ជាតិ។​

កិច្ច​ប្រជុំ​មិន​ធ្វើ​នៅ​បន្ទប់​ប្រជុំ​គណៈ​រដ្ឋ​មន្រ្តី​ធម្មតា​នៅ​ឯ​សេតវិមាន​ទេ​ តែ​ធ្វើ​នៅ​បន្ទប់​ East Room ​ ដែល​ធំ​ជាង​សម្រាប់​ការរក្សា​គម្លាត​បង្ការ​ជំងឺ​ឆ្លង។ ​អ្នកចូលរួម​ទាំងអស់​ត្រូវ​ពាក់ម៉ាស​ផង​ដែរ។​

ក្រៅពី​ផែនការ​ហេដ្ឋា​រចនា​សម្ព័ន្ធគណៈ​រដ្ឋមន្រ្តី​ ក៏​ពិភាក្សា​ជំរុញ​ថវិកា​ជំនួយ​សង្គ្រោះ​បន្ទាន់​ ដែល​មាន​ទឹក​ប្រាក់​ចំនួន ​១,៩​ទ្រីលាន​ដុល្លារ​អាមេរិក​ ដែល​លោក ​Biden​ បាន​ចុះ​ហត្ថលេខា​ កាលពី​ខែមុន​ ដែល​រួមមាន​ការផ្តល់​ថវិកា​ដល់​គ្រួសារ​ជាច្រើន និង​ជួយ​ដល់​អាជីវកម្ម​និង​រដ្ឋបាល​ក្នុង​តំបន់។​

ក្នុង​ពេល​នេះ​ដែរ​ចំនួន​អ្នកដាក់ពាក្យ​ថ្មី​សុំ​ជំនួយ​ ដោយសារការអត់​ការងារ​ធ្វើ​ នៅ​អាមេរិក​បាន​កើន​ឡើង​កាលពី​សប្តាហ៍​មុន​ ដោយ​ផ្លាស់ប្តូរ​ស្ថានភាព​ប្រសើរ​ឡើង​ភាគ​ច្រើន​កាលពី​មួយ​សប្តាហ៍​មុន​នោះ នៅពេល​ដែល​ចំនួន​សរុប​អ្នកសុំ​ជំនួយ​បាន​ធ្លាក់​ចុះ​ក្រោម​ ៧០ ម៉ឺន​ ជា​លើក​ដំបូង​ ចាប់តាំងពី​ជំងឺ​រាតត្បាត​បាន​បិទ​សេដ្ឋកិច្ច​អាមេរិក។​

ក្រសួង​ការងារ​បាន​រាយ​ការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ចំនួន​អ្នក​សុំ​ជំនួយ​ពេល​អត់​ការងារ​ធ្វើ​ជាលើក​ដំបូង​បាន​កើន​ឡើង​ ៦​ ម៉ឺន​ ១ ​ពាន់នាក់។ តួលេខ​សរុប​នៅ​ចុង​សប្តាហ៍​ថ្ងៃ​ទី ​២៧​ ខែ​មីនា​ មាន​ ៧១៩.០០០ ​នាក់ ​គឺ​ឡើង​ពី​ចំនួន​ ៦៥៨.០០០ ​នាក់​ នៅ​សប្តាហ៍​មុន​នោះ។​

ទីភ្នាក់ងារ​សារព័ត៌មាន ​AFP​ បាន​រាយការណ៍​ថា​ លទ្ធផល​នេះ​ផ្ទុយ​នឹង​របាយ​ការណ៍​សុទិដ្ឋិនិយម​ថ្មីៗ​ អំពី​កំណើន​ការងារ​ធ្វើ​នៅពេល​អាជីវកម្ម​បើកឡើង​វិញ​ និង​ការចាក់​វ៉ាក់សាំង​បង្កើន​ល្បឿន ​និង​ការ​ព្យាករណ៍​របស់​សេដ្ឋវិទូ​ ដែល​ថា​អាច​មាន​ការធ្លាក់ចុះ​ខាង​សេដ្ឋកិច្ច​តិចតួច​បំផុត។

ទិន្នន័យ​ប្រចាំ​សប្តាហ៍​បាន​បង្ហាញ​ថា ​មនុស្ស​ជាង​ ២៣៧.០០០​ នាក់​ បាន​សុំ​ជំនួយ​ពី​កម្មវិធី​ជំនួយ​ពិសេស​ពេល​មាន​ជំងឺ​រាតត្បាត​សម្រាប់​ធ្វើ​ការងារ​ឯករាជ្យ​ និង​អ្នកធ្វើការ​តាម​កិច្ចសន្យា។​ របាយការណ៍​នេះ​ចេញផ្សាយ​មួយ​ថ្ងៃ​ បន្ទាប់ពី​លោក​ប្រធានាធិបតី​ Joe Biden ​បង្ហាញ​ផែនការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​មាន​ទឹកប្រាក់ ​២​ទ្រី​លាន​ដុល្លារ​ ដែល​លោក​បាន​និយាយ​ថា ​នឹង​បង្កើត​ការងារ​ថ្មី​រាប់លាន​ និង​ជួយ​ដល់​សេដ្ឋកិច្ច​សហ​រដ្ឋ​អាមេរិក​ឱ្យងើប​ឡើង​វិញ​ពី​ឥទ្ធិពល​ជំងឺ​កូវីដ១៩។​

រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​លោកស្រី​ Janet Yellen ​បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ​ផែនការ​នេះ​«ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដែល​បាន​ញាំញី​សេដ្ឋកិច្ច​របស់​យើង​ ក្នុង​រយៈពេល​បួន​ទសវត្សរ៍​កន្លង​មក» ​ហើយ​និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អាមេរិក​ «មាន​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​នៅលើ​ឆាក​ពិភពលោក»។

តួលេខ​របស់​ក្រសួង​ការងារ​បង្ហាញ​ថា​ ប្រជាជន​ ១៨,២​ លាន​នាក់​ បាន​បន្ត​ទទួល​បាន​ជំនួយ​ឥត​ការងារ​មួយ​ចំនួន​នៅ​សប្តាហ៍​ ដែល​បាន​បញ្ចប់​នៅ​ថ្ងៃទី ១៣ ​ខែមីនា​ ដែល​ភាគច្រើន​ទទួល​បាន​តាម​រយៈ​កម្មវិធី​ជំនួយ​បណ្តោះ​អាសន្ន​ក្នុង​គ្រា​មាន​ការឆ្លង​ជំងឺ​រាតត្បាត៕

XS
SM
MD
LG