ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden រិះគន់​​គណបក្ស​សាធារណរដ្ឋ​ចំពោះ​ការជាប់គាំង​កំហិត​បំណុល​របស់​អាមេរិក


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​អំពី​កំហិត​បំណុល​របស់​សហរដ្ឋ​អាមេរិក​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​អំពី​កំហិត​បំណុល​របស់​សហរដ្ឋ​អាមេរិក​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។

ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden​ បាន​រិះគន់​សមាជិក​សភា​គណបក្ស​សាធារណ​រដ្ឋ​កាលពី​ថ្ងៃចន្ទសប្តាហ៍​នេះ ​ចំពោះ​ការ​រារាំង​មិន​ឱ្យ​គណបក្ស​ប្រជា​ធិបតេយ្យ​បង្កើន​សិទ្ធិ​ខ្ចីប្រាក់​ដើម្បី​បញ្ចៀស​វិបត្តិ​ជា​សក្តានុពល​នៅថ្ងៃ​ទី១៨ ​ខែ​តុលា​ នៅ​ពេល​រដ្ឋាភិបាល​រំពឹង​ថា​ នឹង​អស់​ប្រាក់​សម្រាប់​ចំណាយ។​

លោក ​Biden ​បាន​និយាយ​ថា​ លោក​មិន​អាច​ធានា​ថា​ សហ​រដ្ឋ​អាមេរិក ​នឹង​មិន​ជាប់​គាំង​ជាលើក​ដំបូង​ទេ។ ​លោក​អះអាង​ថា​ វាអាស្រ័យ​លើ​លោក​ Mitch McConnell ​មេ​ដឹកនាំ​គណបក្ស​សាធារណ​រដ្ឋ​នៅ​ព្រឹទ្ធ​សភា​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា ​បង្កើន​កម្រិត​បំណុល​លើស​កំហិត​បច្ចុប្បន្ន​ចំនួន​ ២៨,៤​ លាន លាន​ដុល្លារ​ ដោយ​គ្មាន​ការ​គំរាម​កំហែង​ពី​គណបក្ស​សាធារណ​រដ្ឋ​រារាំង​សកម្មភាព​បន្ទាន់​នេះ។​

លោក​ Biden ​បាន​ប្រាប់​គណបក្ស​សាធារណ​រដ្ឋ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​សេតវិមាន​ថា​ « គ្រាន់​តែ​កុំ​រាំង​ផ្លូវ»។ ​លោក​បាន​មាន​ប្រសាសន៍ទៀត​ថា ​«បើ​អ្នក​មិន​ចង់​ជួយ​សង្រ្គោះ​ប្រទេស​ទេ​ សូម​កុំរាំង​ផ្លូវ កុំ​បំផ្លាញ​វា»។​

លោក​ Biden​ បាន​និយាយ​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​លង់​ក្នុង​បំណុល គណបក្សសាធារណរដ្ឋ​ នឹង​ទទួល​ខុស​ត្រូវ។ អ្នក​សេដ្ឋកិច្ច​ព្យាករ​ថា​ ​ការលង់​ក្នុង​បំណុល​ អាច​នាំ​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​សន្ទស្សន៍​ភាគហ៊ុន​អាមេរិក​ និង​សេដ្ឋកិច្ច​ពិភពលោក ​ហើយ​អាច​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ពន្យារ​ពេល​ប្រាក់សោធននិវត្តន៍​សម្រាប់​ជនជាតិ​អាមេរិក​វ័យ​ចំណាស់​ ឬ​មិន​អាច​ទូទាត់​លុយ​ឱ្យ​អ្នក​ធ្វើ​កិច្ចសន្យា​ការងារ​រដ្ឋាភិបាល​ទាន់​ពេលវេលា។

លោក​ Biden ​និយាយថា ​«ខ្ញុំមិន​អាច​ជឿថា ​លទ្ធផល​ចុង​ក្រោយ​ គឺ​យើង​លង់​ក្នុង​បំណុល​ទេ​ ​ព្រោះ​ផលវិបាក​ នឹង​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ... ​ប៉ុន្តែ​ តើ​ខ្ញុំ​អាច​ធានា​បាន​ទេ? ​បើខ្ញុំ​អាច ខ្ញុំ​នឹង​ធ្វើ។ ប៉ុន្តែ​ ខ្ញុំ​មិន​អាច​ធានា​បាន​ទេ»។​

លោក ​Biden ​បាន​និយាយ​ថា បរាជ័យ​នេះ ​ស្រដៀង​ទៅ​នឹង​«អាចម៍​ផ្កាយ​កំពុង​ធ្លាក់​បុក​សេដ្ឋកិច្ច​របស់​យើង»។​ លោក​ព្រមាន​អំពី​អត្រា​ការប្រាក់​ខ្ពស់​ និង​ការ​ធ្លាក់ចុះ​តម្លៃ​ភាគហ៊ុន​ដែល​ប៉ះពាល់​ដល់​ការ​វិនិយោគ​របស់​ជនជាតិ​អាមេរិក​រាប់លាន​នាក់។​

លោក ​McConnell​ បាន​ផ្ញើ​លិខិត​មួយ​កាលពី​ថ្ងៃចន្ទ​ទៅ​កាន់​សេតវិមាន​ ដោយ​បញ្ជាក់​ឡើង​វិញ​ថា​ គណបក្ស​សាធារណ​រដ្ឋ ​នឹង​មិន​ជួយ​គណបក្ស​ប្រជា​ធិបតេយ្យ​បោះឆ្នោត​ដោះស្រាយ​ការ​ជាប់​គាំង​បំណុល​អតិបរមា​ទេ។

មេ​ដឹកនាំ​ភាគច្រើន​នៃ​ព្រឹទ្ធ​សភា​លោក ​Chuck Schumer​ និយាយ​ថា​ នៅក្នុង​ព្រឹទ្ធ​សភា​ដែល​គណបក្ស​ទាំងពីរ​មាន​សំឡេង​៥០​ស្មើ​គ្នា​ គណបក្ស​ប្រជា​ធិបតេយ្យ​បូក​នឹង​សំឡេង​អនុ​ប្រធានាធិបតី​អ្នកស្រី​ Kamala Harris​ ​នឹង​ដំឡើង​កំហិត​បំណុល​អតិបរមាដោយ​សម្លេង​ភាគច្រើន​ ៥០%+១​ ដោយ​គ្មាន​ការ​គាំទ្រ​ពី​គណបក្ស​សាធារណ​រដ្ឋ៕

XS
SM
MD
LG