ថ្លែងនៅវិទ្យាស្ថានសុខាភិបាលជាតិកាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានរិះគន់កម្មវិធីវ៉ាក់សំាងរបស់រដ្ឋបាលមុន និងជំរុញឲ្យពលរដ្ឋអាមេរិកាំងអត់ធ្មត់ ខណ: ដែលលោកកំពុងកែខៃកម្មវិធីផ្ដល់វ៉ាក់សាំងនេះ។
លោក Biden បាននិយាយថា៖ «ខ្ញុំនិយាយដោយស្មោះត្រង់ទៅចុះ អ្នកកាន់តំណែងមុនមិនបានបំពេញកិច្ចការរបស់លោក ដើម្បីប្រុងប្រៀបសម្រាប់បញ្ហាប្រឈមដ៏ធំនៃការចាក់វ៉ាក់សំាងឲ្យមនុស្សរាប់រយលាននាក់នោះទេ»។
លោកបន្ថែមថា៖ «យើងមិនអាចដោះស្រាយរឿងគ្រប់យ៉ាងក្នុងពេលនេះនោះទេ ប៉ុន្តែយើងនឹងដោះ ស្រោយវា»។
លោក Biden ក៏បានប្រកាសថា សហរដ្ឋអាមេរិកទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋចំនួន ៣០០ លាននាក់ ក្នុងចំណោមពលរដ្ឋអាមេរិកាំងសរុប ៣២៨ លាននាក់ ត្រឹមចុងខែកក្កដា។
សហរដ្ឋអាមេរិកកំពុងស្ថិតលើមាគ៌ាមួយដែលលើសពីគោលដៅរបស់លោក Biden នៃការចាក់វាក់ សំាងឲ្យពលរដ្ឋអាមេរិកាំងចំនួន ១០០ លាននាក់ ក្នុងរយ:ពេល ១០០ ថ្ងៃដំបូងនៃការកាន់តំណែងជា ប្រធានាធិបតីរបស់លោក។
មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា វ៉ាក់សំាងជាង ៤៦ លានដូស ត្រូវបានចាក់ជូនពលរដ្ឋរួចហើយ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បាននិយាយថា ត្រឹមខែមេសា ពលរដ្ឋដែលរស់នៅក្នុងសហរដ្ឋអាមេរិកដែលចង់បានវ៉ាក់សំាងកូវីដ១៩ អាចទទួលបានការចាក់វ៉ាក់សាំងនេះ។
សហរដ្ឋអាមេរិក បានកត់ត្រាការឆ្លងជាង ២៧ លានករណី និងចំនួនស្លាប់ជាង ៤ សែន ៧ ម៉ឺនករណី ដោយសារជំងឺកូវីដ១៩ ដែលច្រើនជាងប្រទេសណាៗទំាងអស់ក្នុងពិភពលោក។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins៕