ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បង្កើន​ការ​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩ ខណៈ​មាន​ការ​ត្អូញត្អែរ​អំពី​ការ​ខ្វះខាត


រូបឯកសារ៖ ឱសថការីម្នាក់កំពុងរៀបចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុនឱសថ Pfizer នៅក្រុង Sacramento រដ្ឋ California កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ ឱសថការីម្នាក់កំពុងរៀបចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុនឱសថ Pfizer នៅក្រុង Sacramento រដ្ឋ California កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

ឆ្លើយតប​នឹង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ខ្វះខាត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​កំពុង​តែ​បង្កើន​ការ​ចែកចាយ​វ៉ាក់សាំង​ដល់​បណ្ដា​រដ្ឋ​ដែល​មាន​តម្រូវការ​ខ្ពស់ ក្នុង​រយៈពេល​បី​សប្ដាហ៍​ខាង​មុខ​នេះ។

​លោក Biden ​រំពឹង​ថា នឹង​ផ្ដល់​វ៉ាក់សាំង​គ្រប់ដូស​សម្រាប់​ចាក់​ពលរដ្ឋ​អាមេរិកាំង​ចំនួន ៣០០ លាន​នាក់​ត្រឹម​ចុងរដូវ​ក្ដៅ​នេះ ឬ​ដើម​រដូវ​ស្លឹក​ឈើ​ជ្រុះ។​

ដោយ​បាន​ហៅ​ការ​ជំរុញ​នេះ​ថា​ជា ​«កិច្ច​ខិតខំ​ប្រឹងប្រែង​នា​ពេល​សង្គ្រាម» លោក​ Biden​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​រដ្ឋបាល​របស់​លោក​កំពុង​តែ​ធ្វើការ​ដើម្បី​ទិញ​វ៉ាក់សាំង​បន្ថែម​ទៀត​ចំនួន​ ១០០ លាន​ដូស​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នីមួយៗ​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់។

លោក​បាន​ទទួល​ស្គាល់​ថា បណ្ដា​រដ្ឋ​នានា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​នេះ​បាន​ទន្ទឹង​រង់ចាំ​មើល​ថា​ តើ​ពួកគេ​នឹង​ទទួល​បាន​វ៉ាក់សាំង​ប៉ុន្មាន​ដូស​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍។

លោក​បាន​សន្យាថា ​នឹង​បង្កើន​ការ​ចែកចាយ​វ៉ាក់សាំង​ចំនួន​ ១៦%​ ទៅ​កាន់​បណ្ដា​រដ្ឋ​នានា​ក្នុង​រយៈពេល​ ៣ ​សប្ដាហ៍​ខាង​មុខ​នេះ។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ថា​ រដ្ឋាភិបាល​មាន​ផែនការ​នឹង​ចែកចាយ​វ៉ាក់សាំង​ដូស​ទីមួយ​និង​ទីពីរ​ចំនួន​ប្រមាណ​ ១០ លាន ​១ សែន​ដូស​ នៅ​សប្ដាហ៍​ក្រោយ។

ជំងឺ​កូវីដ១៩ ដែល​កន្លង​មក​បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​អាមេរិកាំងអស់​ជាង ​៤ សែន​ ២ ម៉ឺន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​និង​ឆ្លងដល់​មនុស្ស​ជាង​ ២៥​លាននាក់ ​ដែល​ធ្វើឲ្យ​លោក Biden ​ដាក់ចេញ​ជាវិធានការ​ជាច្រើន​ រាប់ទាំង​ការចាក់​វ៉ាក់សាំង​និង​ជួយផ្តល់​ថវិកាបន្ថែមទៀត​ ដល់ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូវីដ១៩។

លោក ​Joe Biden​ បាន​ជំរុញ​សមាជិក​សភា​ឲ្យ​ព្រមព្រៀង​គ្នា​លើ​កញ្ចប់​ជំនួយ​ថ្មី​មួយ​ សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩​ ដែល​លោក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ យ៉ាង​ដូច្នេះ​ថា៖ «ពេលវេលា​មាន​សារៈសំខាន់​ខ្លំាង​ណាស់»។

លោក​ Biden បាន​ស្នើ​កញ្ចប់​ថវិកា​ចំនួន ១,៩ លាន​លាន​ដុល្លារ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ថវិកា​សម្រាប់​បង្កើន​ល្បឿន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ការ​ជួយ​ឲ្យ​សាលា​រៀន​បើក​ដំណើរការ​ឡើង​វិញ​ ជំនួយ​ថវិកា​សម្រាប់​រដ្ឋបាល​ថ្នាក់​រដ្ឋ​និង​ថ្នាក់​មូលដ្ឋាន​ និង​ថវិកា​ចំនួន ​១.៤០០ ដុល្លារ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ម្នាក់ៗ​ផង​ដែរ៕

XS
SM
MD
LG