ក្រុមមន្ត្រីសុខាភិបាលក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានសារភាពកាលពីថ្ងៃអាទិត្យថា កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការចាក់វ៉ាក់សាំងការពារពលរដ្ឋអាមេរិកាំងរាប់លាននាក់ពីការរាតត្បាតនៃជំងឺកូវីដ១៩ នៅមានភាពយឺតយ៉ាវ។ ក៏ប៉ុន្តែពួកគេសង្ឃឹមថា យុទ្ធនាការទប់ស្កាត់ជំងឺនោះនឹងមានភាពប្រសើរឡើងនៅក្នុងរយៈពេល៣ខែទៀត។
លោក Xavier Becerra (ហាវៀរ ប៊ីសេរ៉ា) រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសុខុមាលភាពពលរដ្ឋ(HHS) ដែលត្រូវបានជ្រើសតាំងដោយលោកប្រធានាធិបតី Biden បានប្រាប់បណ្តាញទូរទស្សន៍ CNN អំពីស្ថានភាពចុងក្រោយនៃការចាក់វ៉ាក់សាំងថា៖ «យន្តហោះ កំពុងដាំក្បាលចុះ ហើយយើងបានបញ្ឈប់វា»។
លោក Becerra បាននិយាយទៀតថា៖ «អ្វីដែលយើងបានទទួល[ពីរដ្ឋបាលមុន]នោះមិនបានដំណើរការទេ ហើយឥឡូវនេះ យើងត្រូវតែធ្វើឱ្យវាដំណើរការ»។
លោកបានមានប្រសាសន៍ទៀតថា បញ្ហាទាំងនោះ នឹងមិនអាចត្រូវដោះស្រាយបានឆាប់នោះទេ ក៏ប៉ុន្តែថា៖ «យើងអាចធ្វើឱ្យប្រសើរឡើង យើងអាចវិលត្រឡប់ទៅកាន់ភាពប្រក្រតីឡើងវិញបាន»។
មុនចាកចេញពីតំណែងកាលពីសប្តាហ៍មុន ប្រធានាធិបតី Donald Trump បានសរសើរកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោកដើម្បីប្រឆាំងជំងឺរាតត្បាតនេះ។
លោកប្រធានាធិបតី Biden បានកំណត់គោលដៅនៃការចាក់វ៉ាក់សាំងចំនួន១០០លានដូសនៅក្នុងរយៈពេល១០០ថ្ងៃដំបូងនៃការកាន់តំណែងរបស់លោក។
កាលពីសប្តាហ៍មុន លោកបានចេញបទបញ្ជាប្រធានាធិបតីដើម្បីបង្កើនការផលិតវ៉ាក់សាំងដែលចាក់២ដូសឱ្យបានកាន់តែច្រើនឡើង ដែលឥឡូវនេះត្រូវបានអនុញ្ញាតឱ្យប្រើ ជាមួយនឹងឧបករណ៍ពេទ្យផ្សេងទៀតដែលគេត្រូវការដើម្បីព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ១៩៕