ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Merrick Garland មានគម្រោងថ្លែងនៅព្រហស្បតិ៍នេះ អំពីវិធានការថ្មីៗមួយចំនួនដែលមានគោលបំណងដោះស្រាយបញ្ហាអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក។
នៅមុនការថ្លែងរបស់លោកទាំងពីរ សេតវិមានបានចេញសេចក្តីលម្អិតអំពីគម្រោងផ្តួចផ្តើមមួយចំនួនក្នុងចំណោមវិធានការទាំងនោះ ដោយបានហៅអំពើហិង្សាដែលពាក់ព័ន្ធនឹងកាំភ្លើងថា «ជារោគរាតត្បាតនៃសុខភាពសាធារណៈ»។
វិធានការមួយក្នុងចំណោមនោះ គឺច្បាប់ដែលបានស្នើឡើងដោយក្រសួងយុត្តិធម៌ដើម្បីបញ្ឈប់ការរីកសាយភាយនូវកាំភ្លើងដែលមិនមានលេខសម្គាល់ត្រឹមត្រូវ ដែលធ្វើឲ្យសមត្ថកិច្ចពិបាកនៅក្នុងការតាមដាននៅពេលដែលកាំភ្លើងទាំងនោះត្រូវបានប្រើដើម្បីប្រព្រឹត្តិអំពើឧក្រិដ្ឋណាមួយ។
ក្រសួងយុត្តិធម៌ ក៏មានគម្រោងផ្សព្វផ្សាយផងដែរនូវច្បាប់មួយ ដែលផ្តល់សិទ្ធិឲ្យសមាជិកគ្រួសារនិងសមត្ថកិច្ចនូវលទ្ធភាពប្តឹងទៅតុលាការបានក្នុងការរារាំងជាបណ្តោះអាសន្នលើនរណាម្នាក់ ដែលត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ចំពោះខ្លួនឯង ឬចំពោះអ្នកដទៃ ដើម្បីកុំឲ្យអ្នកនោះមានលទ្ធភាពបានកាំភ្លើង។ ច្បាប់នេះមានគោលបំណងផ្តល់ឲ្យរដ្ឋនីមួយៗនូវចំណុចចាប់ផ្តើមដើម្បីអនុម័តច្បាប់របស់ពួកគេដោយខ្លួនឯង។
កិច្ចប្រឹងប្រែងថ្មីៗទាំងនេះ ក៏មានផងដែរនូវការធ្វើរបាយការណ៍ប្រចាំឆ្នាំអំពីការជួញដូរកាំភ្លើង និងការអន្តរាគមន៍របស់សហគមន៍លើអំពើហិង្សា។
ការជំរុញឲ្យមានវិធានការទប់ទល់នឹងអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើងនេះបានធ្វើឡើង បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំមួយចំនួនកាលពីពេលថ្មីៗនេះនៅក្នុងសហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានទាំងការបាញ់ប្រហារសម្លាប់មនុស្ស ១០ នាក់នៅផ្សារទំនើបមួយកន្លែងនៅក្នុងរដ្ឋ Colorado និងការបាញ់ប្រហារសម្លាប់មនុស្ស ៨ នាក់នៅហាងស្ប៉ាមួយចំនួននៅក្នុងទីក្រុង Atlanta រដ្ឋ Georgia ផងដែរ៕